សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ ទិវាពលកម្មអន្ដរជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃចលនាកម្មករ អន្តរជាតិ ដែលប្រទេសកម្ពុជាតែងតែប្រារព្ធជារៀងរាល់ឆ្នាំ

0

ព្រះសីហនុ៖ «​ទិវា​ពលកម្ម​អន្ដរជាតិ ១ ឧសភា គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៃ​ចលនា​កម្មករ អន្តរជាតិ ដែល​ប្រទេស​កម្ពុជា​តែងតែ​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ ចាប់តាំងពី​ត្រូវ​បាន​រំដោះ​ពី​របប ប្រល័យពូជសាសន៍​ដ៏​ខ្មៅ​ងងឹត ថ្ងៃ​ទី​៧-​មក​រា​-១៩៧៩ រហូត​មក​ដល់​បច្ចុប្បន្ន​»​។ នេះ​ជា​ការ​ថ្លែង​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី “ ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ បុគ្គលិក កម្មករ និ​យោ​ជិ​ក កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នា​ឱកាស​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៨ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ០១ ឧសភា ឆ្នាំ​២០២៤ ”​នា​ព្រឹក​ថ្ងៃ​ពុធ ៨ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​១ ឧសភា ២០២៤​។

សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​បញ្ជាក់​បន្ថែម​ថា រាជរដ្ឋាភិបាល​តែងតែបាន​យកចិត្តទុកដាក់ និង​គិតគូរ​ក្នុង​ការ​បន្ត​លើកកម្ពស់​ការ​ការពារ​សិទ្ធិ សេរីភាព​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករនិយោជិត និង​សុខដុម​នី​យ​កម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ ផ្តល់​អត្ថប្រយោជន៍​នានា និង​កិច្ច​គាំពារ​សង្គម​ស្រប​តាម​ច្បាប់​ស្តី​ពី​ការងារ គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ និង​អនុសញ្ញា​អន្តរជាតិ​ផ្នែក​ការងារ ដើម្បី​ធានា​បាន​នូវ​លក្ខខណ្ឌ​ការងារ សុវត្ថិភាព និង​សុខភាព​ការងារ​ជូន​បងប្អូន​កម្មករនិយោជិត​គ្រប់​រូប រួម​ជាមួយនឹង​ការ​គិតគូរ​អំពី​ការ​ចរចា និង​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ប្រាក់​រង្វាន់​អតីតភាព​ការងារ និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ផង​ដែរ​។

លើស​ពី​នេះ​ទៅ​ទៀត រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នេះ​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព សំដៅ​កសាង​មូលដ្ឋាន​គ្រឹះ​ឆ្ពោះទៅ​សម្រេច បាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ជា​ប្រទេស​ចំណូល​ខ្ពស់​៕

ប្រភព៖ AKP