ព្រះសីហនុ៖ ជាថ្មីម្ដងទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តប្រកាសថា គម្រោងព្រែកជីកហ្វូណនតេជោ គឺត្រូវតែធ្វើឱ្យបាន ខណៈមានក្រុមប្រឆាំងនៅក្រៅប្រទេសកំពុងប្រមូលផ្ដុំគ្នាប្រឆាំងគម្រោងដែលមានការគាំទ្រយ៉ាងផុសផុលពីប្រជាពលរដ្ឋទូទាំងប្រទេស។
ក្នុងឱកាសអញ្ជើញជាអធិបតី “ ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ឆ្នាំ២០២៤ ”នាព្រឹកថ្ងៃពុធ ៨ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ឧសភា ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានផ្ដាំទៅក្រុមប្រឆាំងទាំងនោះថា គ្មានប្រយោជន៍ទេ ព្រោះគម្រោងព្រែកជីកនេះកំពុងមានចលនាគាំទ្រមានលក្ខណៈជាតិនិយមធំធេងណាស់។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា«ខ្ញុំសូមប្រកាសជាថ្មីថា គម្រោង «ព្រែកជីកហ្វូណនតេជោ» ដាច់ខាតត្រូវតែធ្វើឱ្យបាន ហើយរាជរដ្ឋាភិបាល នឹងមិនទទួលយកថវិកាពីប្រជាពលរដ្ឋដើម្បីយកមកជីកព្រែកនេះនោះទេ។ គម្រោងព្រែកជីកនេះ នឹងចាប់ផ្ដើមនៅក្នុងឆ្នាំ២០២៤នេះ ហើយបើយូរបំផុតនៅត្រឹមដើមឆ្នាំ២០២៥»។
ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអរគុណចំពោះសារគាំទ្ររបស់មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋចំពោះគម្រោងព្រែកជីកហ្វូនតេជោ” ដើម្បីបង្ហាញចលនាជាតិនិយមជាប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជា៕
ប្រភព៖ AKP