ព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះសីតុណ្ហភាពកាន់កើនកំដៅខ្លាំង នេះមិន មែនតែនៅកម្ពុជាទេ គឺសម្រាប់ពិភពលោក ដោយសម្តេចបានឱ្យជាគោលការណ៍ទៅកាន់ក្រសួង ស្ថាប័ន ជំនាញឱ្យមានការប្រុងប្រយ័ត្ន ជាពិសេសគឺអាជ្ញាធរមូលដ្ឋានត្រូវប្រុងប្រយ័ត្នទី១. បញ្ហាភ្លើងឆេះ និងទី២. បញ្ហាទឹក ជាពិសេសគឺទឹកសម្រាប់ការប្រើប្រាស់តែម្តង។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីបែបនេះ ក្នុងពីពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលធ្វើឡើងក្រោមប្រធានបទ៖ សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ឱ្យរួមសហការគ្នាក្នុងការតាមដាន ជាពិសេសគឺអាជ្ញាធរមូលដ្ឋានត្រូវតាមដាន ដើម្បីត្រៀមធ្វើការអន្តរាគមន៍ និងសូមឱ្យអគ្គមេបញ្ជាការនៃ កងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ ត្រៀមកម្លាំងដើម្បីធ្វើអន្តរាគមន៍ក្នុងករណីដែលរដូវប្រាំងត្រូវបានអូសបន្លាយរយៈពេលយូរជាងនេះ។ តែទោះជាយ៉ាងនេះក្តីសម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ខាងឧតុនិយមបានអះអាងថា នៅដើមខែឧសភានេះនឹងមានភ្លៀងធ្លាក់ ហើយជាការពិតមានជាង ១០ខេត្តហើយ ដែលមានភ្លៀងធ្លាក់។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា កាលពីម្សុិលមិញសម្តេចបានណែនាំទៅដល់ក្រសួងអប់រំ យុវជន និង កីឡាឱ្យយកចិត្តទុកដាក់ចំពោះសិស្សនៅតាមសាលារៀន ជាពិសេសគឺនៅតាមសាលារៀនដែលមានក្មេង តូចៗថា បើថ្ងៃណាមានសីតុណ្ហភាពឡើងលើស ៤០អង្សាសេ សូមឱ្យសាលាពិនិត្យមើល ទី១. អំពីម៉ោង ពេលវេលារៀន បើថាវាក្តៅខ្លាំងពេក សូមឱ្យប្តូរម៉ោងរៀនរបស់សិស្សទៅរកម៉ោងណាដែលកំដៅថ្ងៃបានថយចុះខ្លះ ឬក៏អាចផ្អាកការបង្រៀនតែម្តង ដោយមិនត្រូវឱ្យសិស្សអង្គុយក្នុងថ្នាក់រាប់ម៉ោងដូចដែលយើងបានឃើញរូបភាពតាមហ្វេសប៊ុក មានសាលាខ្លះកូនសិស្សបានយកកន្សែងទៅជ្រលក់ទឹកយកមកដាក់លើក្បាលហើយនៅអង្គុយរាប់ម៉ោង គឺជាការមិនល្អទេ និងទី២. គឺត្រូវយកចិត្តទុកដាក់អំពីបញ្ហាទឹក ជាពិសេសគឺទឹកសម្រាប់ទទួលទាននៅតាមសាលារៀន ដោយសម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការឡើងកំដៅនេះគឺជាការមួយដ៏គួរព្រួយបារម្ភ ក្នុងនោះបើនិយាយពីមីយ៉ាន់ម៉ា ឬភូមាវិញ ដែលស្ថិតនៅក្នុងតំបន់អាស៊ានជាមួយយើងដែរនោះកំដៅបានឡើងដល់ ៤៨.៥អង្សាសេឯណោះ៕
ប្រភព៖ AKP