ព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលមានមហិច្ឆតា អភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យក្លាយជាកំពង់ផែតំបន់និងមជ្ឈមណ្ឌលឡូជិស្ទីកតំបន់ដែលអាចទាក់ទាញនាវាដឹកទំនិញធំៗ ចូលមកលើកដាក់ទំនិញជាលក្ខណៈអន្តរជាតិបាន។
ក្នុងឱកាសអញ្ជើញជាអធិបតី “ ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ឆ្នាំ២០២៤ ”នាព្រឹកថ្ងៃពុធ ៨ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ឧសភា ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា វិស័យកំពង់ផែ ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានាដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដែលត្រូវបង្កើនថវិកាវិនិយោគ កៀរគរហិរញ្ញប្បទាន ដើម្បីបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែឱ្យកាន់តែរីកចម្រើនថែមទៀត។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានចាត់ទុកជាច្រកសេដ្ឋកិច្ចជាតិដែលមានចរិតជាអង្គភាពយុទ្ធសាស្ត្រក្នុងការទ្រទ្រង់សកម្មភាពពាណិជ្ជកម្មអន្តរជាតិសម្រាប់បង្កើនសេដ្ឋកិច្ចកន្លងមក នាពេលបច្ចុប្បន្ន និងតទៅអនាគត។ លើសពីនេះទៅទៀត កំពង់ផែនេះមិនត្រឹមតែបង្កើនចំណូលនៅនឹងកន្លែងនោះទេ ប៉ុន្តែអាចជាចលករសម្រាប់បង្កើនសេដ្ឋកិច្ចខេត្តព្រះសីហនុ តំបន់ឆ្នេរសមុទ្រនៅប្រទេសយើងទាំងមូលតែម្ដង។ ហេតុនេះហើយបានជាយើងមានមហិច្ឆតា២០៥០ មិនមែនត្រឹមតែធ្វើឱ្យក្លាយជាផែទឹកជ្រៅនៅព្រះរាជាណាចក្រកម្ពុជានោះទេ គឺប្រែក្លាយផែនេះទៅជាកំពង់ផែនតំបន់ និងមជ្ឈមណ្ឌលឡូជិស្ទីកតំបន់ទៀតផង។
ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គ្រោងនឹងពង្រីក សមត្ថភាពបន្ថែមទៀត តាមរយៈគម្រោងសាងសង់ ចំណតផែ កុងតឺន័រ ទឹកជ្រៅថ្មី -ជំហានទី២ មានប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១៦,៥ ម៉ែត្រ និងចំណតផែ កុងតឺន័រ ទឹកជ្រៅថ្មី-ជំហានទី៣ មានប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក ១៧,៥ ម៉ែត្រ រួមជាមួយនឹង គម្រោង បំពាក់ ឧបករណ៍ បច្ចេកទេសទំនើបៗផ្សេងៗ ដើម្បី គាំទ្រដល់ប្រតិបត្តិការ របស់កំពង់ផែឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយស្តង់ដារខ្ពស់៕
ប្រភព៖ AKP