បន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យបានធ្វើការណែនាំដោយជំរុញដល់អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ក្នុងការត្រៀមជួយដល់ពលរដ្ឋប្រឈមខ្វះខាតទឹកប្រើប្រាស់ខណៈអាកាសធាតុក្តៅខ្លាំង និងពុំទាន់មានភ្លៀងធ្លាក់នោះ។ ការណែនាំនេះបានធ្វើឡើងក្នុងឱកាសដែលលោកអភិបាលរងដឹកនាំក្រុមការងារមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យមើលស្ថានភាពទឹកក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះ លោកអភិបាលរង និងក្រុមការងារបានចុះពិនិត្យមើលស្ថានភាពទឹកស្ទឹង ទឹកស្រះ និងការជីកអណ្ដូងទឹក ស្ថិតក្នុងភូមិកំបោរ និងភូមិពាមក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្នុងនោះមានអណ្តូងចំនួន ២០ដែលបានជីកដោយប្រជាពលរដ្ឋ នៅភូមិកំបោរ និងភូមិពាមក្រសាំង ក្នុងឃុំ ភ្នំលៀប ស្រុកព្រះនេត្រព្រះ។ ជាលទ្ធផល ទឹកនៅតំបន់នោះ អាចឱ្យប្រជាពលរដ្ឋប្រើប្រាស់បាន១ខែខាងមុខទៀត រហូតដល់មានភ្លៀងធ្លាក់នាពេលខាងមុខនេះ។
ទន្ទឹមនឹងនេះ លោកអភិបាលរងបានមានប្រសាសន៍ថា តាមស្ថានភាពអាកាសធាតុ គឺមានការកើនកម្តៅជាលំដាប់ ជាពិសេស ក្តៅខ្លាំងក្នុងខែមេសា រហូតដល់ខែឧសភា ហើយនឹងអាចអូសបន្លាយពេលយូរជាងនេះ បង្កឱ្យក្តៅហួតហែងជាបន្តទៀត។
ជាមួយគ្នានេះដែរ លោកក៏បានណែនាំបន្ថែមទៀតដល់ គ្រឹះស្ថានសិក្សា ត្រូវតាមដានចំពោះការសិក្សារបស់សិស្សានុសិស្ស ហើយមន្ទីរសុខាភិបាលខេត្តត្រូវត្រៀមបម្រុងបរិក្ខារ និងឱសថពាក់ព័ន្ធជំងឺឆ្លងផ្សេងៗ ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា។ រដ្ឋបាលក្រុង-ស្រុកត្រូវ ចុះពិនិត្យស្ថានភាពទឹកស្អាតនៅតំបន់ ដែលមានសេវាករទឹកស្អាតផ្តត់ផ្គង់ប្រចាំថ្ងៃ និងតំបន់ដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់អណ្តូង ឬទឹកស្រះ ដើម្បីកំណត់អំពីប្រភពទឹក និងរយៈពេលដែលអាចផ្គត់ផ្គង់ការប្រើប្រាស់។ មិនតែប៉ុណ្ណោះ អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរធនធានទឹក មន្ទីរអភិវឌ្ឍន៍ជនបទត្រូវចុះពិនិត្យប្រភពទឹក រួមមាន ស្រះទឹក អណ្តូងទឹក ដែលខូចខាត រីងរាក់ និងកៀរគរប្រភពជំនួយសប្បុរសជន ដើម្បីស្តារ និងជួយជួសជុល ដាក់ឱ្យដំណើរការប្រើប្រាស់ឡើងវិញ។ ស្នងការដ្ឋាននគរបាលខេត្តកងរាជអាវុធហត្ថខេត្ត ត្រូវត្រៀមរថយន្តពន្លត់អគ្គិភ័យ សម្រាប់អន្តរាគមន៍ដឹកទឹក ចែកចាយតំបន់ខ្វះខាតទឹកស្អាតប្រើប្រាស់ និងពន្លត់ អគ្គិភ័យ ដែលកើតឡើងជាយថាហេតុ រួមទាំងបញ្ហាផ្សេងៗទៀតផង៕
ប្រភព៖ AKP