សម្តេចធិបតី ប្រកាសមិនឱ្យបង្កើតមូលនិធិ ក្នុងការប្រមូលថវិកាសម្រាប់គម្រោងព្រែកជីកហ្វូណន-តេជោ នោះទេ

0

ភ្នំពេញ៖ សម្តេច​ធិ​បតី​ប​បាន ប្រកាស​មិន​ឱ្យ​បង្កើត​មូលនិធិ ក្នុង​ការ​ប្រមូល​ថវិកា​សម្រាប់​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ​នោះ​ទេ ដើម្បី​កុំឱ្យ​មាន​អ្នក​ឆ្លៀតឱកាស​យក​លុយ​ពី​ប្រជាពលរដ្ឋ​។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​សំណេះសំណាល​ជាមួយ​សហជីព សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​សមាគម​បុគ្គលិក​សិក្សា​ខ្មែរ​ប្រមាណ ៥,១៨៧​នាក់ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​២៨ ខែមេសា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្លែង​អរគុណ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូ​ទាំង​ប្រទេស ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​ចេញ​សារ គាំទ្រ​លើ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ ដើម្បី​ផ្តល់​ផល់​ប្រយោជន៍​សេដ្ឋកិច្ច​កម្ពុជា និង​ជា​ដង្ហើមរស់​ដោយ​ខ្លួនឯង​។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា ការ​គាំទ្រ​ផ្នែក​ស្មារតី គឺជា​ការ​គាំទ្រ​ដ៏​ធំធេង សម្រាប់​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ ហើយ​រាជរដ្ឋាភិបាល​មិន​តម្រូវការ​មូលនិធិ​ពី​ប្រជាពលរដ្ឋ​នោះ​ទេ ដើម្បី​កុំឱ្យ​មាន​អ្នក​ឆ្លៀតឱកាស បន្ទាប់​ពី​មាន​បុគ្គល​មួយ​រូប បាន​ប្រកាស​ចែក​ដី​ជូន​ពលរដ្ឋ​រួច​ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បន្ថែម​ថា ទោះបី​មិន​ទទួល​ថវិកា​សម្រាប់​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ​នេះ​ពី​វិនិយោគិន​ក្រៅប្រទេស​ក៏​ដោយ ក៏​រាជរដ្ឋាភិបាល​បាន​ត្រៀម​បម្រុង​រួច​ហើយ មិន​តម្រូវការ​មូលនិធិ​ពី​ប្រជាពលរដ្ឋ​នោះ​ទេ ។

សម្តេច​ធិ​បតី អះអាង​ថា នឹង​បន្ត​បេសកកម្ម​របស់​សម្តេច​តេ​ជោ ធ្វើ​ឱ្យ​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ ចេញ​ជា​រូបរាង និង​ធានា​ទទួលខុសត្រូវ ប្រសិនបើ​មាន​ប៉ះពាល់​ណាមួយ​ពី​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ បន្ទាប់​មានការ​សិក្សា​ច្បាស់លាស់​ណាស់​ពី​ផល​ប៉ះពាល់​ទឹកទន្លេ និង​បរិស្ថាន​។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ មិនមែន​ជា​ប្រយោជន៍​របស់​ត្រកូល «​ហ៊ុន​» នោះ​ទេ គឺជា​ប្រយោជន៍​របស់​ខ្មែរ​ទាំងមូល​។

ជាមួយ​គ្នា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ផ្តាំ​ទៅ​ជន​ក្បត់ជាតិ សម រ​ង្ស៉ី សូម​តម្កល់​ប្រយោជន៍​សម្រាប់​ជាតិ កុំ​ប្រឆាំង ដើម្បី​ប្រឆាំង​។

សូម​បញ្ជាក់​ថា គម្រោង​ព្រែកជីក​ហ្វូ​ន​ណ​ន​តេ​ជោ​នេះ មាន​ប្រវែង ១៨០​គីឡូ ម៉ែត្រ ចាប់ពី​ព្រែក​តាកែវ នៃ​ទន្លេ មេគង្គ ឆ្លងកាត់​តាម​ព្រែក​តា​ឯក នៃ​ទន្លេបាសាក់ ចូល​តាម​ព្រែក​តា​ហ៊ីង​នៃ​ទន្លេបាសាក់ ស្រុក​កោះធំ និង​បន្ត​រហូត​ដល់​សមុទ្រ ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត ៤ រួម​មាន​៖ ខេត្តកណ្តាល តាកែវ កំពត និង​ខេត្ត​កែប ដែល​មាន​ប្រជាជន​សរុប​ប្រមាណ ១,៦​លាន​នាក់ រស់នៅ​អម​សងខាង​ផ្លូវទឹក​នេះ​។ ផ្លូវទឹក​នេះ មាន​ទទឹង​មុខកាត់​ផ្នែក​ខាងលើ ប្រវែង ១០០​ម៉ែត្រ និង​មុខកាត់​ផ្នែក​ខាងក្រោម ប្រមាណ​៨០​ម៉ែត្រ និង​ជម្រៅ​ទឹក​ប្រមាណ ៥,៤​ម៉ែត្រ ( ជម្រៅ​នាវាចរណ៍ ៤,៧​ម៉ែត្រ និង​គម្លាត​សុវត្ថិភាព ០,៧​ម៉ែត្រ ) មាន​គន្លង​នាវាចរណ៍ ចំនួន​២​គន្លង អាច​ចេញ​-​ចូល និង​ចៀស​គ្នា​បាន​ដោយ​សុវត្ថិភាព​ផង​ដែរ​។

តាម​ការ​សិក្សា​គម្រោង​ព្រែកជីក ហ្វូ​ណ​ន​តេ​ជោ នឹង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន រួម​មាន​៖ ការ​កាត់​បន្ថយ​រយៈពេល ចម្ងាយ និង​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​នា​ពេល​បច្ចុប្បន្ន​, ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​និង​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម​, ការ​អភិវឌ្ឍ​ផែ​រណប​ថ្មី​ៗ​ជា​ច្រើន​, ការ​ពង្រីក​តំបន់​អភិវឌ្ឍន៍​កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និង​ចិញ្ចឹមសត្វ​, ការ​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប៉ូ​ល​សេដ្ឋកិច្ច​ទី​៤ របស់​កម្ពុជា​, ការ​បង្កើត​ការងារ​បន្ថែម​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កំពង់​ផែ​ស្វយ័ត​ភ្នំពេញ និង​កំពង់​ផែ​ផ្សេង​ទៀត​, ការ​ជំរុញ​ការ​អភិវឌ្ឍ​ទីក្រុង​និង​នគរូបនីយកម្ម​, និង​ការ​ជំរុញ​ការ​រីក​ចម្រើន​ផ្នែក​អចលនទ្រព្យ​៕

ប្រភព៖ AKP