ភ្នំពេញ៖ ពេលនេះក្រុមការងារ អង្គការជីវិតធម្មជាតិនៅកម្ពុជា (Nature Life) បាននិងកំពុងសិក្សាតាមដានពីស្ថានភាពសត្វរមាំង នៅដែនជម្រកសត្វព្រៃលំផាត់ដែលបេសកម្មរបស់មួយនេះ កំពុងប្រឈមនឹងអាកាសធាតុក្តៅខ្លាំង និងខ្វះទឹក ។ ទោះជាយ៉ាងណាក្រុមការងាររបស់អង្គការ Nature Life មិនរាថយឡើយ ។ នេះបើតាមការឱ្យដឹងពីអង្គការ Nature Lifeនៅថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ។
នៅកម្ពុជាត្រូវបានគេស្គាល់ថា ជាប្រទេសដែលធ្លាប់មានសត្វរមាំងប្រភេទ Cervus Siamensis ច្រើនកាលពីមុន តែប្រភេទសត្វនេះ បានធ្លាក់ចុះចំនួនជាបន្តបន្ទាប់ ដោយសារតែកត្តាគំរាមកំហែងផ្សេងៗ ដូចជាការបរបាញ់, អន្ទាក់, និងការបាត់បង់ទីជម្រក ។ បច្ចុប្បន្ននេះ មិនមានទិន្នន័យច្បាស់ លាស់ថា មានសត្វរមាំងប៉ុន្មានឡើយ ។ តែសត្វរមាំងត្រូវបានគេជឿថា នៅមានតែក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ តែប៉ុណ្ណោះ ។ ចំណែកប្រទេសចិន, ប្រទេសថៃ, និងប្រទេសវៀតណាម ត្រូវបានគេជឿថា បានផុតពូជពីធម្មជាតិបាត់ទៅហើយ ។ យោងតាមទិន្នន័យដែលផ្សាយដោយអង្គការ IUCN ចេញផ្សាយនៅឆ្នាំ២០១៥ថា សត្វរមាំងនៅប្រទេសកម្ពុជា មានចំនួនតិចជាង ៧០០ក្បាល ដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ។ ចំនួននេះអាចមានការថយចុះថែមទៀត នាពេលបច្ចុប្បន្ននេះ ។
រមាំងជាសត្វកម្រនៅលើពិភពលោក ស្ថិតក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស និង ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតពូជ ។ សូមចូលរួមការពារអភិរក្សសត្វព្រៃនៅដែនជម្រកសត្វព្រៃលំផាត់ទាំងអស់គ្នា ៕
ប្រភព៖ AKP