កំពង់ស្ពឺ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានបញ្ជូនជនសង្ស័យពីនាក់ទៅ អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ឈ្មោះ ជួន គន្ធា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ អះអាងថា មានងារឯកឧត្ដម មានទីលំនៅភូមិត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ជាមេក្លោងចែកដី និងឈ្មោះ មិន ផាន់នី ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត និងជាអ្នកសម្របសម្រួលឯកសារលេីកិច្ចការចែកដី ៦,០០០ ឡូតិ៍ ។
យោងតាមការប្រកាស និងផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គម សារព័ត៌មាន KH Plus News ដែលមានចាងហ្វាងការផ្សាយ រហ័សនាម ពូ ហ៊ន បានទទួលធ្វេីការសម្ភាសន៍ផ្ទាល់ជាមួយ ឈ្មោះ ជួន គន្ធា ភេទប្រុស ដែលអះអាងថា អតីតមានងារឯកឧត្ដម ដោយបញ្ជាក់ច្បាស់ៗថា ឯកឧត្ដមនឹងរៀបចំ ចែកផ្ដល់ដីចំនួន ៦,០០០ ឡូតិ៍ដោយមិនយកប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ កម្មករ កម្មការិនី អ្នកចាញ់បោកក្រុមហ៊ុនអចលនទ្រព្យតាមគម្រោងបុរី ផ្ទះល្វែង ដីឡូតិ៍ កន្លងមក ។ តាមការបញ្ជាក់ពីពិធីករ ពូ ហ៊ន ថាដីដែលចែកគឺស្ថិតនៅទីតាំងចំណុច ភូមិរោងម៉ាសុីន ភូមិធ្មៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្ដកពង់ស្ពឺ មានទំហំ ៤២០ ហិកតា ។
ដីចែកជូនប្រជាពលរដ្ឋ៦,០០០ឡូតិ៍ ស្ថិតនៅចំណុចភូមិរោងម៉ាស៊ីន ភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបាន ឯកឧត្ដម អះអាងថាជាដីខ្លួនបានទិញពីប្រជាពលរដ្ឋ ក្នុងតម្លៃធូរ និងមានឯកសារត្រឹមត្រូវស្របច្បាប់១០០% និងបានកាន់កាប់ជួសជុលផ្លូវចូលមកដល់ទីតាំងដីរួចរាល់ទៀតផង ជាក់ស្ដែងចំណុចដីដែល បុរសមានងារឯកឧត្ដមអះអាងថាចែកជូនពលរដ្ឋ Free នោះ គឺជាដីរដ្ឋ ស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលគ្រប់គ្រងដោយមន្ដ្រីឧទ្យានុរក្ស របស់ក្រសួងបរិស្ថាន ដីមានព្រះរាជក្រឹត្យ។
ជនសង្ស័យ ជួន គន្ធា និងបក្ខពួក បានរៀបចំផែនការឆបោកប្រាក់ ដោយបានធ្វេីគំនូសប្លង់ដី ជាឡូតិ៍ៗ បែងចែកដេីម្បីមានទំនុកចិត្ដពីពលរដ្ឋ ចុងក្រោយពលរដ្ឋជ្រួលច្របល់មកទទួលដីខុសច្បាប់ រួចបង្កេីតជាទំនាស់អោយពលរដ្ឋនាំគ្នាតវ៉ាទាមទារការពារដី ប្រឆាំងនឹងមន្ដ្រីរាជការសាធារណៈ ( ដោយខុសច្បាប់ច្បាប់ )។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ