ចុងភៅមួយក្រុមនៅក្រុងសៀមរាប សហការគ្នាជាមួយចុងភៅមកពីបរទេស ធ្វើកម្មវិធីនំបញ្ចុកសប្បុរសធម៌

0

សៀមរាប៖ ចុងភៅ​មួយ​ក្រុម​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប សហការ​គ្នា​ជាមួយ​ចុងភៅ មក​ពី​៥​ប្រទេស នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៤​នេះ បាន​រួម​គ្នា ធ្វើ​កម្មវិធី​នំ​បញ្ចុក សប្បុរសធម៌ ដោយ​មានការ​ចូលរួម​គាំទ្រ​យ៉ាងច្រើន​កុះករ ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស​។

លោក ម៉ក់ ម៉េ​ង​លី ម្ចាស់​ភោជនីយដ្ឋាន​ពីរ​នាក់​ពូ នៅ​ក្នុង​សៀមរាប ខេត្តសៀមរាប ដែល​ជា​អ្នក​ផ្តួចផ្តើម​រៀបចំ​កម្មវិធី​នេះ​បានឱ្យ​ដឹង​ថា កម្មវិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ទី​១ ដើម្បី​លើកកម្ពស់ និង​ផ្សព្វផ្សាយ​អំពី​នំ​បញ្ចុក​ខ្មែរ ពីព្រោះ​នំ​បញ្ចុក​បាន​ក្លាយជា​មុខរបរ​មួយ ដ៏​ប្រសើរ​មួយ​ប្រចាំ​ជីវភាព​គ្រួសារ​របស់​ប្រជាជន​ខ្មែរ​យើង និង​ទី​២ ដើម្បី​ប្រមូល​ថវិកា ពី​ការ​លក់​នំ​បញ្ចុក​នេះ​ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​។

លោក​បន្ត​ថា នៅ​ក្នុង​កម្មវិធី​នេះ ចុងភៅ​ដែល​មក​ពី​៥​ប្រទេស បាន​ចូលរួម​ចម្អិន ឬ​ធ្វើ​នំ​បញ្ចុក​ខ្មែរ​ដោយ​ផ្ទាល់ ដែល​សកម្មភាព​នេះ ធ្វើ​ចុងភៅ​ជា​ជនបរទេស​បាន​ចេះ​ផ្សំ​គ្រឿង និង​ចេះ​ធ្វើ​នំ​បញ្ចុក​ខ្មែរ ហើយ​ពេល​ពួក​គាត់​ត្រឡប់​ទៅ​ប្រទេស​គាត់​វិញ ពួក​គាត់​អាច ធ្វើ​នំ​បញ្ចុក​ខ្មែរ ដែល​នេះ​ជា​ការ​ចូលរួម​ផ្សព្វផ្សាយ​នំ​បញ្ចុក​ខ្មែរ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​។

ជាមួយ​គ្នា​នេះ ក្រុម​ពួក​គាត់ ក៏​បាន​ចូលរួម​ជួយ​លក់​នំ​បញ្ចុក ដើម្បី​ប្រមូល​ថវិកា​យក​ទៅ ជួយ​ពេទ្យ​កុមារ​អង្គរ​ផង​ដែរ ហើយ​នេះ​ជា​លើក​ទី​១ ដែល​ពួក​គាត់​បាន​រួម​គ្នា​ធ្វើ​។

លោក គ្រី​ស ស្ទា​ន ជា​ចុងភៅ​មក​ពី​ប្រទេស​អាយ​ស្លែ​ន បាន​ថ្លែង​ថា លោក​ពិតជា សប្បាយចិត្ត​ដែល​បាន​ចូលរួម​ធ្វើ​សកម្មភាព​សប្បុរសធម៌​នេះ ជា​ពិសេស​បាន​ធ្វើ​នំ បញ្ចុក​ខ្មែរ​ដោយ​ផ្ទាល់​។ នំ​បញ្ចុក​ខ្មែរ​ពិតជា​មាន​រស់ជាតិ​ឆ្ងាញ់ ហើយ​ពេល​គាត់​ត្រឡប់ ទៅ​វិញ​គាត់ និង​ធ្វើ​នំ​បញ្ចុក​ខ្មែរ ហើយ​ជួយ​ផ្សព្វផ្សាយ​បន្ត​។

អ្នកស្រី លាត ឡៃ ប្រជាពលរដ្ឋ​នៅ​ក្រុង​សៀមរាប បានឱ្យ​ដឹង​ថា ការ​រៀបចំ​កម្មវិធី នំ​បញ្ចុក​សប្បុរសធម៌​នេះ គិត​ថា​ល្អ ព្រោះ​វា​បាន​ជួយ​លើក​ស្ទួយ​នំ​បញ្ចុក​ខ្មែរ មាន​រសជាតិ​ឆ្ងាញ់ ដែល​ជួយ​ធ្វើ​ឱ្យ​ផលិតផល​របស់​ខ្មែរ​កាន់តែ​ល្បី​ទៅ​កាន់​ពិភពលោក​។ ដូចនេះ​ក្នុង​នាម​ជា កូន​ខ្មែរ អ្នកស្រី​ត្រូវ​តែ​មក​ចូលរួម​គាំទ្រ​ផលិតផល​ខ្មែរ ជាមួយ​គ្នា​នេះ​អ្នកស្រី ក៏​ចង់ឱ្យ​មានការ រៀបចំ​បែប​នេះ ឱ្យ​បាន​ច្រើន​ព្រោះ​យើង​មានមុខ​ម្ហូប​ខ្មែរ​ជា​ច្រើន​ដែល​ត្រូវ​ផ្សព្វផ្សាយ ឱ្យ​បរ ទេស​បាន​ស្គាល់ និង​លើកកម្ពស់​ម្ហូប​ខ្មែរ ក៏​ដូច​ជា​ផលិតផល​ខ្មែរ​។ ជា​ពិសេស​នោះ គឺ​បាន ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​សម្រាប់​ជួយ​ដល់​កុមារ​ផង​ដែរ​៕

ប្រភព៖ AKP