យន្តហោះខ្នាតតូចចំនួន ១៦គ្រឿង នឹងធ្វើការហោះ Air Show 2024 នៅទីលានតេជោ នាថ្ងៃទី២៦-២៧មេសា ខាងមុខនេះ

0

ព្រះសីហនុ៖ លោក ឡុ​ង ឌី​ម៉​ង់​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​ក្រោយ​ពី​កិច្ចប្រជុំ​សម្របសម្រួល​បច្ចេកទេស​ថា រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ សហការ​ជាមួយ​សមាគម​ទេសចរណ៍ (CATA) និង​សមាគម​ហោះហើរ​របស់​ប្រទេស​ថៃ (TEAA) ក្រោម​កិច្ច​សម្របសម្រួល​ពី​រដ្ឋលេខាធិការ​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា នឹង​រៀបចំ​កម្មវិធី​ហោះហើរ​មិត្តភាព​កម្ពុជា​-​ថៃ ឆ្នាំ​២០២៤ “Cambodia-Thai Friendship Air Show 2024” រយ​:​ពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៦-២៧ ខែមេសា ឆ្នាំ​២០២៤​ខាង​មុខ​នេះ នៅ​ទីលាន​តេ​ជោ (​ពយ​តា​មូង​) ស្ថិត​នៅ​ក្រុងព្រះសីហនុ​។

បើ​តាម​លោក​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​បន្ត​ទៀត​ថា នេះ​ជា​ព្រឹត្តិការណ៍​លើក​ទី​១ របស់​ប្រទេស​កម្ពុជា ហើយ​ក៏​ជា​ព្រឹត្តិការណ៍​លើក​ទី​១​សម្រាប់​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ ដែល​មាន​យន្តហោះ​ខ្នាត​តូច​ចំនួន ១៦​គ្រឿង នឹង​ធ្វើការ​ហោះ​មក​ពី​ប្រទេស​ថៃ ចុះ​ចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ ក្រោម​កិច្ច​សម្របសម្រួល​របស់​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា ដើម្បី​ត្រៀម​ធ្វើការ​ហោះហើរ​សម្តែង Air Show 2024 នៅ​ពីលើ​ទីលាន​សម្តេច​តេ​ជោ (​ពយ​តា​មូង​) ស្រប​នឹង​មាត់សមុទ្រ ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ ភ្ញៀវ​ទេសចរ​បរទេស និង​បងប្អូន​ប្រជាពលរដ្ឋ​ខេត្ត​ព្រះ​សីហ​នុ បាន​ទស្សនា​កម្សាន្ត ក៏​ដូច​ជា​ផ្តល់​ឱកាស​ឱ្យ​អ្នក​សារព័ត៌មាន​ទូទៅ​អាច​ថតរូប និង​ផ្សព្វផ្សាយ​អំពី​សក្តានុពល​ទេសចរណ៍​របស់​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ឆ្នេរ​ខ្សាច់​ស​ស្អាត​ពី​ធម្មជាតិ ដែល​ជា​កន្លែង​ទេសចរណ៍​តំបន់ឆ្នេរ​ដ៏​មាន​ភាព​ទាក់ទាញ មាន​កំពង់​ផែ​អន្តរជាតិ និង​មាន​កោះ​ជា​ច្រើន ។

លោក​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ បាន​បន្ថែម​ថា គោលបំណង នៃ​ការ​បើក​ព្រឹត្តិការណ៍​នេះ មាន​ទិស​ដៅ​ស្របគ្នា នឹង​គោលនយោបាយ​បើកចំហ​ជើងមេឃ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​មាន​គោលដៅ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍ និង​ធុរកិច្ច​រវាង​កម្ពុជា​-​ថៃ តាម​រយៈ​ការ​ឆ្លុះ​បញ្ចាំង​អំពី​មិត្តភាព កិច្ចសហការ​គ្រប់​ជ្រុងជ្រោយ​ផង​ដែរ ។ ទន្ទឹម​នោះ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​ចងសម្ព័ន្ធ​មេត្រីភាព​ដោះ​ដូរ​ទេសចរណ៍​ជាមួយ​ខេត្ត​ជាប់មាត់​សមុទ្រ​ជាមួយ​ប្រទេស​ថៃ មាន​ដូច​ជា​ខេត្ត ត្រា​ត ចន្ទ​បុរី ផង​ដែរ​៕

ប្រភព៖ AKP