កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស ស្តីពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨

0

ភ្នំពេញ៖ ក្រុមប្រឹក្សាបច្ចេកទេស ស្តី​ពី គោលនយោបាយ​ជាតិ​បញ្ចប់​អេ​ដស៍ និង​ចីរភាព​កម្មវិធី​អេ​ដស៍​សម្រាប់​ឆ្នាំ​២០២៣-២០២៨ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៤​នេះ បាន​រៀបចំ​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ឈិ​ន ឃិ​ន​ដា​រ៉េ​ត អគ្គលេខាធិការ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ដោយ​មានការ​អញ្ជើញ​ចូលរួម​សមាជិក​ចូលរួម​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ និង​អង្គការ​ដៃគូ​នានា​។

ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​បណ្ឌិត ឈិ​ន ឃិ​ន​ដា​រ៉េ​ត បាន​ជម្រាប​ជូន​ពី​ការងារ ដែល​បាន​រៀបចំ​កន្លង​មក​ដោយ​មានការ​សហការ​ពី​តំណាង​ក្រសួង ស្ថាប័ន ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ និង​អង្គការ​ដៃគូ​ទាំង​កម្រិត​ថ្នាក់​នយោបាយ និង​បច្ចេកទេស ហើយ​គ្រោង នឹង​រៀបចំ​វេទិកា​ជាមួយ​ដៃគូ ក្នុង​ចក្ខុវិស័យ​ធានា​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ គ្មាន​ការ​គំរាមកំហែង​ពី​មេរោគ​អេ​ដស៍ និង​ជំងឺអេដស៍ ព្រមទាំង​ធានា​ថា​ប្រជាជន​កម្ពុជា មាន​សុខភាព​ល្អ និង​រស់នៅ​ប្រកបដោយ​សុខុមាលភាព គ្មាន​ការ​ភ័យ​ខ្លាច ដោយសារ​ជំងឺអេដស៍ ជាមួយនឹង​គោលដៅ​យក​ប្រជាជន​ជា​ស្នូល​ទប់ស្កាត់​ការ​ឆ្លង​ថ្មី​ក្រោម ១​ករណី ក្នុង​១​ថ្ងៃ ឬ​ជាង ២០០​នាក់​ក្នុង​១​ឆ្នាំ ស្លាប់​ដោយសារ​អេ​ដស៍​ឱ្យ​បាន​ក្រោម ២០០​នាក់​ក្នុង​១​ឆ្នាំ បំបាត់​ការ​រើសអើង និង​មាក់ងាយ​អ្នក​ផ្ទុកមេរោគ​អេ​ដស៍ ឱ្យ​អស់ពី​សង្គម​កម្ពុជា​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​បណ្ឌិត ឈិ​ន ឃិ​ន​ដា​រ៉េ​ត បាន​ជំរុញ​ឱ្យ​គ្រប់​តំណាង​ក្រសួង ស្ថាប័ន និង​ថ្នាក់​ក្រោម​ជាតិ​លើក​គម្រោង​ថវិកា​សម្រាប់​គាំទ្រ​គោល នយោបាយ​ជាតិ បញ្ចប់​អេ​ដស៍ និង​ចីរភាព​កម្មវិធី​អេ​ដស៍​សម្រាប់​ឆ្នាំ​២០២៣-២០២៨​។

សូម​បញ្ជាក់​ថា​៖ គោលនយោបាយ​ជាតិ​បញ្ចប់​អេ​ដស៍ និង​ចីរភាព​កម្មវិធី​អេ​ដស៍ សម្រាប់​ឆ្នាំ​២០២៣-២០២៨ គឺជា​ការ​ពង្រឹង​ប្រព័ន្ធ​ជាតិ​ឆ្លើយ​តប​ជា​ពហុ​វិស័យ ចំពោះ​មេរោគ​អេ​ដស៍ និង​ជំងឺអេដស៍ តាម​រយ​:​ការ​ពង្រីក ពង្រឹង និង​ព​ន្លឿ​ន​កម្មវិធី​បង្ការ កម្មវិធី​ថែទាំ​ព្យាបាល គាំពារ​សង្គម បញ្ចប់​ការ​រើសអើង និង​មាក់ងាយ ចលនា ធនធាន ពង្រឹង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​តាមដាន និង​វាយតម្លៃ​ជាដើម​៕

ប្រភព៖ AKP