កម្ពុជានាំចេញត្រីងៀតជាផ្លូវការលើកដំបូងជិត៥តោន ទៅកាន់ប្រទេសអូស្ត្រាលី

0

សៀមរាប៖ អ្នកស្រី ស៊ឹ​ម សេរី​រ័​ត្ន ម្ចាស់​សហគ្រាស Home Taste Food ដែល​មាន​ទីតាំង នៅ​ខេត្តសៀមរាប បាន​សាកល្បង​នាំ​ចេញ​ត្រីងៀត​ខ្មែរ​លើក​ដំបូង​ចំនួន ៤.៧​តោន ជា​ផ្លូវការ ទៅ​កាន់​ទីផ្សារ​ប្រទេស​អូស្ត្រាលី តាម​រយៈ​ការ​ប្រើប្រាស់​និមិត្តសញ្ញា​គុណភាព​ផល ផលិតផល ជលផល​កម្ពុជា​(CQS)​។ នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​សំណាក់ លោក​ជំទាវ អ៊ឹម រចនា អ្នកនាំពាក្យ​ក្រសួង​កសិក​មុ្ម រុក្ខា​ប្រមាញ់​និង​នេសាទ​។

លោក​ជំទាវ អ៊ឹម រចនា បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៤​នេះ​ថា ការ​នាំ ចេញ​លើក​ដំបូង​ជា​លក្ខណៈ​ផ្លូវការ នេះ​មាន​ប្រភេទ​ត្រី​កែ​ច្នៃ​ចំនួន ៣​ប្រភេទ ក្នុង​នេះ​រួម​មាន ដូច​ជា​៖ ត្រីងៀត ត្រីឆ្អើរ និង​ត្រី​បង្ហើម ធ្វើ​ឡើង​ដោយ​ដឹក​តាម​កប៉ាល់ ដែល​មាន​បំពាក់​ប្រព័ន្ធ ត្រជាក់​ក្នុង​បរិមាណ ៤.៧​តោន ដើម្បី​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​អូស្ត្រាលី​។ តាម​គម្រោង​ផលិតផល​ត្រី​កែ​ច្នៃ​ទាំង​៣​ប្រភេទ​នោះ នឹង​ដឹក​ដល់​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​២៨ ឬ​២៩ ខែមេសា ឆ្នាំ​២០២៤ ខាង​មុខ​នេះ​។

គួរ​បញ្ជាក់​ថា Home Taste Food គឺជា​សហគ្រាស​របស់​ខ្មែរ​ដំបូង​គេ ដែល​បាន​នាំ​ចេញ ផលិតផល​ត្រី​កែ​ច្នៃ ទៅ​កាន់​ទីផ្សារ​បរទេស​ជា​ផ្លូវការ​។ ដើម្បី​អាច​នាំ​ចេញ​បាន សហគ្រាស Home Taste Food ត្រូវ​ឆ្លងកាត់​ការ​បណ្ដុះបណ្ដាល​ពី​គម្រោង អភិវឌ្ឍន៍​ជលផល​ក្រោយ ប្រមូល​ផល (CAPFISH-Capture) ដែល​សហការ​អនុវត្ត​ដោយ​រដ្ឋបាល​ជលផល នៃ​ក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជាមួយ​និង​អង្គការ UNIDO មាន​គោលដៅ​គាំទ្រ​សមត្ថភាព បច្ចេកទេស ពង្រឹង​វិស័យ​ឯកជន លើកកម្ពស់​ការ​ប្រកួតប្រជែង អនុវត្តន៍​នូវ​ប្រព័ន្ធ​ស្តង់ដារ ម្ហូបអាហារ នៅ​កម្ពុជា​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាតិ​និង​អន្តរជាតិ​។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​សេចក្ដី​ត្រេកអរ ចំពោះ​ការ បោះ​ជំហាន​ដោយ​ជោគជ័យ​របស់​សហគ្រាស Home Taste Food និយាយ​ដោយឡែក និង​វត្តមាន​ផលិតផល​ត្រី​កែ​ច្នៃ​របស់​ខ្មែរ នៅ​លើ​ទីផ្សារ​អន្ដរជាតិ និយាយ​ជា​រួម​។ យើង​នឹង បន្ត​គាំទ្រ​ដល់​សហគ្រាស Home Taste Food ដែល​មាន​បំណង​ពង្រីក​ការ នាំ​ចេញ​ផលិតផល របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​សហរដ្ឋអាមេរិក និង​ប្រទេស​ញូ​ហ្សែ​លែ​ន នៅ​ក្នុង​បរិមាណ​ជាង ១០០​តោន​ទៀត នា​ពេល​ខាង​មុខ​។

ទន្ទឹម​គ្នា​នេះ រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម ក៏​ដូច​ជា​អង្គការ​ដៃគូ​ពាក់ព័ន្ធ នឹង​បន្ត​ធ្វើការ​ជាមួយ​សហគ្រាស​កែ​ច្នៃ​ផលិតផល​ត្រី​នៅ​កម្ពុជា​ដទៃ​ទៀត ដើម្បី​ធានា​ថា ប្រតិបត្តិ​ករ​ជលផល បាន​អនុវត្តន៍​ការ​ត្រួតពិនិត្យ​គុណ​ភាណ និង​អនាម័យ ដើម្បី​ឱ្យ​ផលិតផល ជលផល​មាន​ស្តង់ដារ សុវត្ថិភាព អនុលោម​តាម​បទ​បញ្ញា​ត្តិ​ជាតិ និង​លក្ខខណ្ឌ​តម្រូវ នៃ​សុវត្ថិភាព​ម្ហូបអាហារ​អន្តរជាតិ​៕

ប្រភព៖ AKP