កម្ពុជា និងចិន គឺជាមិត្តដែកថែបដែលតែងតែនៅក្បែរគ្នា និងជួយគ្នាក្នុងគ្រាលំបាក

0

ភ្នំពេញ៖ «​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ថា កម្ពុជា និង​ចិន គឺជា​មិត្ត​ដែកថែប​ដែល​តែងតែ​នៅ​ក្បែរ​គ្នា និង​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​។ ក្រោម​ការ​ចង្អុលបង្ហាញ​ជា​យុទ្ធសាស្ត្រ​របស់ ឯកឧត្តម​ប្រធានាធិបតី ស៊ី ជី​ន​ពីង និង​ថ្នាក់ដឹកនាំ​កម្ពុជា ភាគី​ទាំង​ពីរ​បាន​ខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន​ប្រកបដោយ​ភាព​ស៊ីជម្រៅ និង​ជាក់ស្ដែង​, ពង្រឹង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ​, និង​បង្កើត​ឱ្យ​មាន​វឌ្ឍនភាព​វិជ្ជមាន​ក្នុង​ការ​កសាង​របៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា ក៏​ដូច​ជា​របៀង​មច្ឆា និង​អង្ករ ដែល​នាំ​មក​នូវ​ផលប្រយោជន៍​រូប​វន្ត​ដល់​ប្រទេស​ទាំង​ពីរ​»​។ នេះ​បើ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម ស្តី​ពី​ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម វ៉ាង យី មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា និង​កិច្ចប្រជុំ​លើក​ទី​៧ នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុជា​-​ចិន​។

ភាគី​ទាំង​ពីរ​បាន​ឯកភាព​ធ្វើ​អា​នុ​ភាវូបនីយកម្ម​តួនាទី​សម្របសម្រួល​របស់​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុជា​-​ចិន ដើម្បី​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ក្នុង​យុគសម័យ​ថ្មី​ប្រកបដោយ​គុណភាព​ខ្ពស់​, កម្រិត​ខ្ពស់​, និង​ស្តង់ដារ​ខ្ពស់ ព្រមទាំង​រួម​គ្នា​ជំរុញ​ពហុភាគី​និយម និង​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​ដែល​ផ្តល់​ផលប្រយោជន៍​រួម​ប្រកបដោយ​សេរី​, បើកចំហ​, សមភាព និង​បរិ​យា​បន្ន​។

ភាគី​ចិន​បាន​គូសបញ្ជាក់​សារ​ជា​ថ្មី​នូវ​ការ​គាំទ្រ​ចំពោះ​ជម្រើស​របស់​កម្ពុជា​លើ​មាគ៌ា​អភិវឌ្ឍន៍​ដែល​ស្រប​នឹង​លក្ខខណ្ឌ​ជាតិ​, គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ​, សន្តិសុខ​,​និង​ផលប្រយោជន៍​នៃ​ការ​អភិវឌ្ឍ ព្រមទាំង​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ជ្រៀតជ្រែក​ពី​ផ្នែក​ខាងក្រៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។ ភាគី​កម្ពុជា​ក៏​បាន​បញ្ជាក់​ឡើង​វិញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​គោលនយោបាយ​ចិន​តែ​មួយ និង​ទទួលស្គាល់​ថា​សាធារណរដ្ឋ​ប្រជាមានិត​ចិន​គឺជា​រដ្ឋាភិបាល​ស្របច្បាប់​តែ​មួយ​គត់​តំណាង​ឱ្យ​ប្រទេស​ចិន​ទាំងមូល ហើយ​តៃវ៉ាន់​គឺជា​ផ្នែក​ដែល​មិន​អាច​កាត់​ផ្តាច់​បាន​ពី​ទឹកដី​របស់​ប្រទេស​ចិន​។ កម្ពុជា​ប្រឆាំង​រាល់​ការ​ប៉ុនប៉ង​ប្រើប្រាស់​បញ្ហា​នានា​របស់​តៃវ៉ាន់​ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន​,​ប្រឆាំង​គ្រប់​ទម្រង់​នៃ​ឯករាជ្យ​ភាព​របស់​តៃវ៉ាន់​, គាំទ្រ​យ៉ាង​មុតមាំ​លើ​រាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ចិន​ដើម្បី​សម្រេច​បាន​នូវ​ការ​បង្រួបបង្រួម​ជាតិ​, និង​មិន​បង្កើត​ទំនាក់ទំនង​ផ្លូវការ​ណាមួយ​ជាមួយ​តៃវ៉ាន់​នោះ​ទេ​។

ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​លើកកម្ពស់​ការ​ចូលរួម​កម្រិត​ខ្ពស់ និង​ធ្វើ​ឱ្យ​ស៊ីជម្រៅ​នូវ​ការ​ផ្លាស់​ប្តូរ​ការងារ​ស្តី​ពី​អភិបាលកិច្ច​។ ភាគី​ទាំង​ពីរ​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​, បន្ត​ធ្វើ​សមយុទ្ធ​និង​ការ​ហ្វឹកហ្វឺន​រួម​គ្នា​, ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នានា​មាន​ជា​អាទិ៍​សេវា​សុខាភិបាល និង​ភស្តុ​ភារ​កម្ម​,​ការ​បណ្តុះបណ្តាល​បុគ្គលិក និង​ការ​បោសសម្អាត​មីន​, ព្រមទាំង​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ដូច​ជា​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​, ការ​ក្លែងបន្លំ​តាម​ទូរគមនាគមន៍​, និង​ការ​ជួញដូរ​គ្រឿងញៀន​។

ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​បន្សំ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ឱ្យ​កាន់តែ​ស៊ីជម្រៅ​, ព​ន្លឿ​ន​ការ​បង្កើត​ផែនការ​សហប្រតិបត្តិការ​សម្រាប់​ច្រករបៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​, ជំរុញ​ការ​រៀបចំ​ផែនការ​គោល និង​ការ​រៀបចំ​ផ្លូវដែក​កម្ពុជា​-​ចិន​, និង​ផ្ដល់​មជ្ឈមណ្ឌល​ធ្វើ​និទស្សន៍​កសិកម្ម​ចិន និង​គម្រោង​ប្រមូល​ផល​ដើមដៃ​ផ្សេង​ទៀត​នៃ​ច្រករបៀង​មច្ឆា និង​អង្ករ និង​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន​។ ភាគី​ទាំង​ពីរ​នឹង​ធានា​ឱ្យ​បាន​នូវ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ប្រកបដោយ​គុណភាព​ខ្ពស់​,​ជំរុញ​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​, និង​លើកទឹកចិត្ត​ឱ្យ​ធុរជន​ចិន​មក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​។

ភាគី​ទាំង​ពីរ​បាន​ឯកភាព​ក្នុង​ការ​ឆ្លៀត​ចាប់​យក​កាលានុវត្តភាព​នៃ “​ឆ្នាំ​ផ្លាស់​ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា​-​ចិន​” ជំរុញ​ការ​ផ្លាស់​ប្តូរ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​, បង្កើន​ជើងហោះហើរ​ទ្វេ​ទិស​ប្រកបដោយ​សណ្តាប់ធ្នាប់​, គាំទ្រ​កម្ពុជា​ក្នុង​ការ​ប្រើប្រាស់​ឱ្យ​អស់ពី​សក្ដានុពល​នៃ​ធនធាន​ទេសចរណ៍ និង​ធនធាន​របស់​ខ្លួន​, និង​ដាក់​ចេញ​បន្ថែម​នូវ​ការ​ផ្លាស់​ប្តូរ​រវាង​យុវជន​, ប្រជាជន​មូលដ្ឋាន និង​ក្រុម​មិត្តភាព​។

ទន្ទឹម​នេះ កម្ពុជា​នឹង​គាំទ្រ​ដល់​ការ​បើក​ដំណើរការ​ឡើង​វិញ​នូវ​មជ្ឈមណ្ឌល​វប្បធម៌​ចិន​នៅ​កម្ពុជា​។ ភាគី​ទាំង​ពីរ​បាន​បាន​បញ្ជាក់​សា​ជា​ថ្មី​ពី​ការ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ក្រោម​ក្របខ័ណ្ឌ​នៃ​គំនិត​ផ្ដួចផ្ដើម​អភិវឌ្ឍន៍​សកល​, គំនិត​ផ្ដួចផ្ដើម​សន្តិសុខ​សកល​, និង​គំនិត​ផ្តួចផ្តើម​អារ្យធម៌​សកល​, ព្រមទាំង​បង្កើន​ការ​សម្របសម្រួល​បន្ថែម​ទៀត​នៅ​ក្នុង​វេទិកា​នានា​ដូច​ជា​៖ កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង និង​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​-​ចិន​។ ភាគី​ទាំង​ពីរ​បាន​ឯកភាព​ក្នុង​ការ​បម្រើ​ផលប្រយោជន៍​រួម​របស់​ប្រទេស​ក្នុង​តំបន់​ដើម្បី​ការពារ​សន្តិភាព និង​ស្ថិរភាព​ដែល​រកបាន​ដោយ​លំបាក និង​ជំរុញ​ការ​អភិវឌ្ឍ និង​វិបុលភាព​នៅ​ក្នុង​តំបន់​។ ភាគី​ទាំង​ពីរ​បាន​សង្កត់ធ្ងន់​លើ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អនុវត្ត​យ៉ាង​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​សេចក្ដីថ្លែងការណ៍​ស្តី​ពី​ការ​ប្រតិបត្តិ​នៃ​ភាគី​នានា​នៅ​សមុទ្រ​ចិន​ខាងត្បូង (DOC)​និង​ជំរុញ​ការពិគ្រោះ​យោបល់​លើ​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាងត្បូង (COC) សម្រាប់​ការ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​។ ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នានា​រួម​មាន​ហេដ្ឋារចនាសម្ព័ន្ធ​, អធិការកិច្ច​, និង​ច​ត្តា​ឡី​ស័ក​។

ភាគី​ទាំង​ពីរ​បាន​ចូលរួម​ពិធី​ប្រកាស និង​ផ្សព្វផ្សាយ​សៀវភៅ​ស្ដី​ពី ប្រពៃណី​របស់​កម្ពុជា​ជា​ខេមរភាសា ដែល​បាន​បកប្រែ​ពី​ភាសា​ចិន និង​ពិធី​សម្ពោធ​ការ​នាំ​ចេញ​ផ្លែ​ដូង​ស្រស់​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​៕

ប្រភព៖ AKP