ក្រុមហ៊ុនធំមួយលើពិភពលោក ជ្រើសរើសយកប្រទេសកម្ពុជាដើម្បីថតរូប សម្រាប់ធ្វើការផ្សព្វផ្សាយភ្ជាប់ជាមួយផលិតផលរបស់ក្រុមហ៊ុន

0

ភ្នំពេញ៖ ក្រុមហ៊ុន STEFANO RICCI ដែល​ជា​ក្រុមហ៊ុន​មាន​ម៉ាក​ល្បី​នៅ​លើ​ពិភពលោក បាន​ជ្រើសរើស​យក​ទីតាំង​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ថតរូប​សម្រាប់​ធ្វើការ​ផ្សព្វផ្សាយ​ដោយ​ភ្ជាប់​ជាមួយ​ផលិតផល​របស់​ក្រុមហ៊ុន ក្នុង​ការ​ចូលរួម​ចំណែក​ជួយ​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​ទេសចរណ៍​របស់​កម្ពុជា ទៅ​កាន់​ពិភពលោក​។ នេះ​គឺជា​ការ​លើក​ឡើង​របស់​ឱ្យ​លោក NICCOLÒ RICCI នាយក​ប្រតិបត្តិ ក្រុមហ៊ុន STEFANO RICCI ក្នុង​ឱកាស​ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នា​រសៀល​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៤ នៅ​ទីស្តីការក្រសួង​ព័ត៌មាន​។

ក្នុង​ឱកាស​អញ្ជើញ​មក​ប្រទេស​កម្ពុជា ដើម្បី​ថតរូប​ផ្សព្វផ្សាយ​ពី​ផលិត​របស់​ខ្លួន លោក NICCOLÒ RICCI អគ្គនាយក​របស់​ក្រុមហ៊ុន STEFANO RICCI ដែល​ជា​ម៉ាក​ល្បី​នៅ​លើ​ពិភពលោក រួម​ជាមួយ​អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី បាន​ជម្រាប​ជូន​ឯកឧត្ដម​រដ្ឋមន្ដ្រី​ពី​គោលបំណង​មក​ប្រទេស​កម្ពុជា ដោយ​ជ្រើសរើស​យក​ទីតាំង​មួយ​ចំនួន​ពាក់ព័ន្ធ បេតិកភណ្ឌ វប្បធម៌ ស្ថាបត្យកម្ម និង​ធនធានធម្មជាតិ​របស់​ខ្មែរ ដើម្បី​ថតរូប សម្រាប់​ធ្វើការ​ផ្សព្វផ្សាយ​ភ្ជាប់​ជាមួយ​ផលិតផល STEFANO RICCI ដែល Brand ល្បី​របស់​ពិភពលោក ។

លោក NICCOLÒ RICCI បាន​គូសបញ្ជាក់​ថា ក្នុង​គម្រោង​អន្តរជាតិ​លើ​ការ​ផ្សព្វផ្សាយ​ផលិតផល STEFANO RICCI គឺ​បាន​ធ្វើ​នៅ​ប្រទេស អេ​ហ្ស៊ី​ប ប្រទេស អាយ​លេ​ន ( ICELAND ) កាឡាប៉ា​ហ្គោ និង​ប្រទេស​ម៉ុង​ហ្គោ​លី ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ផ្សព្វផ្សាយ ហើយ​ក្រុមការងារ​របស់ STEFANO RICCI ក៏​បាន​មក​ប្រទេស​កម្ពុជា ដើម្បី​ថតរូប​សម្រាប់​ការ​ផ្សព្វផ្សាយ​ទៅ​កាន់​អន្តរជាតិ និង​ពិភពលោក នូវ​ទីតាំង​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែងអំណរគុណ​ដល់ លោក NICCOLÒ RICCI អគ្គនាយក​ក្រុមហ៊ុន STEFANO RICCI ដែល​បាន​ចាប់អារម្មណ៍​លើ​ប្រទេស​កម្ពុជា ហើយ​បាន​ដឹកនាំ​ក្រុមការងារ​មក​ធ្វើការ​ថតរូប​ដើម្បី​ផ្សព្វផ្សាយ​ទៅ​កាន់​ពិភពលោក​។ ឯកឧត្តម​រដ្ឋមន្ត្រី​ជឿជាក់​ថា តាម​រយៈ​រូបភាព​នៃ​ការ​តាំងពិព័រណ៍ ផ្សារ​ភ្ជាប់​ជាមួយ​ផលិតផល STEFANO RICCI គឺ​នឹង​ធ្វើ​ឱ្យ​ពិភពលោក ជា​ពិសេស​អតិថិជន​ដែល​ជា​អ្នក​ប្រើប្រាស់​ផលិត​របស់​ក្រុមហ៊ុន STEFANO RICCI មានការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង ហើយ​អញ្ជើញ​មក​ទស្សនា​ប្រទេស​កម្ពុជា ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជា​ការ​ចូលរួម​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​ពិភពលោក​ផង​ដែរ​៕

ប្រភព៖ AKP