ប្រធានរដ្ឋឡាវមកដល់កម្ពុជា សម្រាប់ទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤

0

ភ្នំពេញ៖ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត (Thongloun SISOULITH) ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​លោក​ជំទាវ បាន​អញ្ជើញ ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មក​ដល់​កម្ពុជា​ហើយ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៤ តាម​ជើង​យន្តហោះ​ពិសេស ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២៣-២៤ ខែមេសា ឆ្នាំ​២០២៤ ដែល​ជា​ការ​តប​តាម​ការ​អញ្ជើញ​របស់ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

បើ​តាម​កម្មវិធី​ដែល​បាន​ចេញផ្សាយ​ដោយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានឱ្យ​ដឹង​ថា ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ នឹង​ជួប​គាល់​សវនាការ​ជាមួយ ព្រះករុណា ព្រះមហាក្សត្រ នៅ​ព្រះ​បរមរាជវាំង​។ ឯកឧត្តម​ប្រធាន​រដ្ឋ ក៏​នឹង​មាន​ជំនួប​សម្តែង​ការ គួរសម​ដាច់​ដោយឡែក​ជាមួយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី យួន សុ​ដា​រី ប្រធានរដ្ឋសភា និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ភាគី​ទាំង​ពីរ នឹង​ពិភាក្សា​អំពី​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី រួម​ទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​ជា​ផល ប្រយោជន៍​រួម​។ ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ និង​នៅ​មណ្ឌប​តម្កល់​ព្រះ​បរម​រូប ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ​«​ព្រះ​បរម​រតន​កោដ្ឋ​»​អតីត​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

គួរ​បញ្ជាក់​ដែរ​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ឡាវ​នៅ​ពេល​នេះ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​មាន​សារសំខាន់​ក្នុង​ការ​ពង្រឹង និង​លើកកម្ពស់​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ អ្នក​ជិតខាង​ល្អ ទំនាក់​ទំនងជា​បងប្អូន និង​សាមគ្គីភាព ព្រមទាំង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង ដើម្បី​វិបុលភាព​រួម​នៃ ប្រទេស​ទាំង​ពីរ​៕

ប្រភព៖ AKP