សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម Wang Yi នឹងពង្រឹងបន្ថែម ទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-ចិន

0

ភ្នំពេញ៖ ជាមួយនឹង​ការ ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម Wang Yi សម្រាប់​ដំណើរ​ទស្សនកិច្ច​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​នោះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​សម្ដែង​នូវ​ក្ដី​សង្ឃឹមថា ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម​នា​ពេល​នេះ នឹង​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ចិន​។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុញ្ញាត​ឱ្យ ឯកឧត្ដម វ៉ាង យី (WANG Yi) សមាជិក​ការិយាល័យ​នយោបាយ និង ជា​ប្រធាន​ការិយាល័យ​គណៈកម្មការ​កិច្ចការបរទេស នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នា​រសៀល​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៤ នៅ​វិមាន​៧​មក​រា រាជធានី​ភ្នំពេញ ក្នុង​ខណៈ​ដែល​ឯកឧត្តម​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្នុង​ជំនួប​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការ​ស្វាគមន៍ ឯកឧត្តម Wang Yi ដោយ​សម្ដេច​បាន​ចាត់​ទុក​ថា​ឯកឧត្តម ជា​មិត្ត​ចាស់​របស់​សម្ដេច ដែល​ធ្លាប់​បាន​ធ្វើការ​ជាមួយ​គ្នា​ជា​យូរណាស់​មក​ហើយ​។ សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​រម្លឹក​ថា កាលពី​ខែសីហា​កន្លង​ទៅ​នេះ ឯកឧត្តម Wang Yi ក៏​ធ្លាប់​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ផង​ដែរ ដែល​រហូត​មក​ដល់​ពេល​នេះ​មិន​ដល់​រយៈពេល​មួយ​ឆ្នាំ​ផង ឯកឧត្តម​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ម្ដងទៀត ដែល​នេះ​បង្ហាញ​ឱ្យ​ឃើញច្បាស់​ពី​ការ​យកចិត្តទុកដាក់ របស់​ថ្នាក់ដឹកនាំ​ចិន​ចំពោះ​កម្ពុជា​។ សម្ដេច​តេ​ជោ​បាន​ថ្លែង​ទៀត​ថា ឯកឧត្តម​មក​កាន់​កម្ពុ​ជានា​ពេល​នេះ ក្រោយ​ពេល​នៃ​ការ​ផ្លាស់​ប្ដូរ អ្នក​បន្តវេន​ជំនាន់​ក្រោយ ដែល​ពេល​នេះ​អ្វី​ៗ​គឺ​ដំណើរការ​ទៅ​ដោយ​រលូន ទាំង​ស្ថិរភាព​នយោបាយ សេដ្ឋកិច្ច​ក៏​ដំណើរការ​ល្អ ហើយ​មានការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​។

សម្ដេច​តេ​ជោ​ក៏​បាន​អរគុណ ឯកឧត្តម Wang Yi ចំពោះ​ដំណើរ​ទស្សនកិច្ច​នៅ​ពេល​នេះ​មក​កាន់​កម្ពុជា ហើយ​សង្ឃឹមថា ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម​នា​ពេល​នេះ នឹង​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ចិន​។

ឯកឧត្តម Wang Yi បាន​សម្តែង​នូវ​ការ​អរគុណ ចំពោះ​ប្រទេស​កម្ពុជា​ដែល​បាន​ទទួល ឯកឧត្តម យ៉ាង​កក់ក្តៅ​ជាទី​បំផុត​។ ឯកឧត្តម ក៏​បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​អំពី​សកម្មភាព​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​មក​កាន់​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​ក្នុង​កិច្ចប្រជុំ​នៃ​គណៈកម្មការ​ចម្រុះ​កាលពី​ព្រឹក​មិ​ញ ដែល​បាន​ទទួលលទ្ធផល​ដ៏​ល្អ​ប្រសើរ ហើយ​អ្វី​ៗ​រវាង​ប្រទេស​យើង​ទាំង​ពីរ ក៏​ដូច​ជា​បក្ស​ទាំង​ពីរ គឺ​យើង​បាន​ឈាន​ដល់​ដំណាក់កាល​ថ្មី​មួយទៀត​។ ឯកឧត្តម​រដ្ឋមន្ដ្រី​ការ​បរទេស​ក៏​បាន​លើក​សរសើរ​ពី​គុណសម្បត្តិ​របស់​សម្ដេច​តេ​ជោ ដែល​មាន​ទស្សនៈវិស័យ​វែង​ឆ្ងាយ​ក្នុង​ការ​ផ្ទេរ អំណាច​ពី​ជំនាន់​ចាស់​មក​កាន់​ជំនាន់​ថ្មី ដោយ​ភាព​រលូន​។ ជាមួយ​គ្នា​នោះ​ផង​ដែរ ឯកឧត្តម ក៏​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម ស៊ី ជី​ន​ពីង ប្រធានាធិបតី​ចិន ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ចិន លី ឈាង ឯកឧត្តម ប្រធាន​សភា​ចិន និង​ថ្នាក់ដឹកនាំ​ចិន​ដទៃ​ទៀត​។ ឯកឧត្តម​ក៏​បាន​អបអរសាទរ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ឈ្នះ​ការ​បោះ​ឆ្នោត ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ហើយ​អបអរសាទរ​ចំពោះ​សម្តេច​តេ​ជោ​ដែល​ក្លាយជា​ប្រធាន​ព្រឹទ្ធសភា​នា​ពេល​នេះ​ផង​ដែរ​។

ឯកឧត្តម Wang Yi សង្ឃឹមថា រាជរដ្ឋាភិបាល​ថ្មី នឹង​បន្ត​តួនាទី ក៏​ដូច​ជា​ទំនាក់ទំនង​ល្អជា​មួយ​ចិន ដែល​ថ្នាក់ដឹកនាំ​មុន​ៗ​បាន​ថែរក្សា និង​ពូន​ជ្រុំ​នា​ពេល​កន្លង​មក​។ ឯកឧត្តម Wang Yi ក៏​បាន​កោតសរសើរ​ចំពោះ​ភាព​រីក​លូតលាស់​យ៉ាង​លឿន​នៃ​ទីក្រុង​ភ្នំពេញ ដែល​ក្នុង​រយៈពេល​តែ​ជាង​៨​ខែ​កន្លង​មកនេះ គឺ​មានការ​ប្លែក​ច្រើន ហើយ​ជីវភាព​ប្រជាជន​ក៏​មានការ​រីក​ចម្រើន​ផង​ដែរ​។ ឯកឧត្តម​បាន​បញ្ជាក់​ថា អ្វី​ៗ​ដែល​កើត​មាន​ឡើង​នេះ គឺ​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់​សម្ដេច​តេ​ជោ​ពេល​សម្ដេច​នៅ​ជា​នាយក​រដ្ឋមន្ត្រី ដែល​សម្ដេច​ជា​អ្នកនយោបាយ​ដែល​មាន​ចក្ខុវិស័យ​ច្បាស់លាស់​។

ឯកឧត្តម​ក៏​បាន​បន្ត​ទៀត​ថា ថ្នាក់ដឹកនាំ​ចិន​មានការ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​មេដឹកនាំ​កម្ពុជា​។ ឯកឧត្តម​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ផ្លាស់​ប្ដូរ​ពី​ជំនាន់​ចាស់​មក​ជំនាន់​ថ្មី​នេះ គឺ​បាន​ដើរ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ ហើយ​ឯកឧត្តម​សង្ឃឹមថា មិត្តភាព​រវាង​កម្ពុជា និង​ចិន និង​កាន់តែ​បន្ត​រីក​ចម្រើន ហើយ​ចិន​នៅ​តែ​ជា​ដៃគូ​ដ៏​គួរ​ឱ្យ​ទុកចិត្ត​របស់​កម្ពុជា​។

ឯកឧត្តម Wang Yi បាន​សន្យា​ថា ចិន នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ថ្មី គាំទ្រ​ការពារ​សន្តិសុខ​ជូន​សម្ដេច និង​ក្រុម​គ្រួសារ និង​យកចិត្តទុកដាក់​រវាង​បក្ស​ទាំង​ពីរ ដើម្បី​រួមចំណែក​ក្នុង​ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន ប្រឆាំង​ដាច់ខាត​ការ​ធ្វើ​បដិវត្តន៍​ពណ៌ ខិតខំ​អភិវឌ្ឍន៍​ជា​ពិសេស​អ្វី​ដែល​មានការ​ព្រមព្រៀង​គ្នា​ពី​មុន​មក ដើម្បី​ឱ្យ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ រឹង​មាំ​និង​រីក​ចម្រើន​បន្ថែម​ទៀត​។

ក្នុង​ឱកាស​នោះ សម្ដេច​តេ​ជោ​ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​បាន​អំណរ​គុណ​ចំពោះ​ប​ឯកឧត្តម Wang Yi ដែល​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ចិន​។ សម្ដេច​ក៏​បាន​មាន​ប្រសាសន៍ ជំរុញ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ការ​ផ្លាស់​ប្ដូរ​ប្រជាជន​និង​ប្រជាជន ៕

ប្រភព៖ AKP