កំពង់ធំ៖ គិតចាប់ពីមុននៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងរហូតថ្ងៃបញ្ចប់នៃពិធីបុណ្យ ចូលឆ្នាំហើយក្តី តែអ្នកលក់ផ្លែគុយនៅតាមដងផ្លូវជាតិលេខ ៦A ក្នុងទឹកដីខេត្តកំពង់ធំ នៅតែ សប្បាយលក់ផ្លែគុយឱ្យអ្នកធ្វើដំណើរឆ្លងកាត់ទីកន្លែងនេះយ៉ាងក្តីសប្បាយរីករាយ។
នៅតាមដងផ្លូវជាតិក្នុងទឹកដីខេត្តកំពង់ធំ មកកាន់ទឹកដីខេត្តសៀមរាប អាជីវករលក់ ផ្លែគុយយ៉ាងហោចណាស់មានពី ២ ទៅ ៣កន្លែង ក្នុងទឹកដីខេត្តកំពង់ធំ គេឃើញកំពុង សប្បាយលក់ដល់ភ្ញៀវទេសចរ ដែលបានដើរលេងកម្សាន្តក្នុងទឹកដីខេត្តកំពង់ធំ និង ខេត្តសៀមរាប។
អ្នកស្រី សាញ់ សុខ រស់នៅភូមិច្រកក្រាញ់ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកំពុង លក់ផ្លែគុយតាមដងផ្លូវជាតិ៦A បានឱ្យដឹងថា រៀងរាល់រដូវចូលឆ្នាំពោល គឺចាប់ពីដើម ខែមេសា មកអ្នកស្រីបានលក់ផ្លែគុយដែលគេបេះក្នុងព្រៃមកលក់ ដោយក្នុងមួយថ្ងៃអាច រកប្រាក់កម្រៃជាង១០ម៉ឺនរៀល។ សម្រាប់នារដូវចូលឆ្នាំកន្លងមក អ្នកស្រីអាចលក់បាន ក្នុងមួយថ្ងៃចាប់ពី៥០គីឡូក្រាមឡើងទៅ។ ផ្លែគុយនេះមានប៉ុន្មានក៏អាចលក់អស់ៗដែរ ពីព្រោះ អ្នកធ្វើដំណើរចូលចិត្តឈប់ទិញណាស់។
ជាមួយគ្នានេះអ្នកស្រី ពាង នី អ្នកលក់ផ្លែគុយនៅតំបន់នេះដែរបានឱ្យដឹងថា៖ ផ្លែគុយ នាឆ្នាំនេះទោះបីមិនសម្បូរច្រើនតែអ្នកស្រីទិញយកមកលក់ ក៏អាចរកប្រាក់កម្រៃខ្លះៗសម្រាប់ ជួយគ្រួសារបានផដែរ។
អ្នកស្រី យន់ ថាន រស់នៅភូមិត្រពាំងឫស្សី ឃុំ ត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលកំពង់អង្គុយលក់ផ្លែគុយបានឱ្យដឹងថា៖ សម្រាប់ទីផ្សារផ្លែគុយក្នុងឆ្នាំនេះ តម្លៃចាប់ពី ២០០០០រៀល ដល់២៥០០០រៀល ក្នុងមួយគីឡូក្រាម។ ក្នុងមួយថ្ងៃ អ្នកស្រីអាច លក់បានចាប់ពី៤០គីឡូក្រាមឡើងទៅ និងចំណែកក្នុងពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ នេះអ្នកស្រីអាចលក់បានពី៥០គីឡូក្រាមឡើងទៅ ដោយក្នុងនេះអាចរកប្រាក់ កម្រៃចាប់ពីជិត១០ម៉ឺនរៀលរហូតដល់ជាង១០ម៉ឺនរៀល។
ស្ត្រីវ័យ៤២ឆ្នាំ ដែលលក់ផ្លែគុយជិត១០ឆ្នាំមកនេះបានទទួលទិញពីគេមកលក់បន្ត ហើយឃើញថាក្នុងរយៈពេល២ថ្ងៃមកនេះពោលគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ នៃ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរលក់ដាច់គួរសមធ្វើឱ្យអ្នកស្រីសប្បាយចិត្តខ្លាំងណាស់។
ដោយឡែក អ្នកនាង ស្រីមុំ អ្នកលក់ផ្លែគុយដូចគ្នានេះបានឱ្យដឹងថា នៅពិធី បុណ្យចូលឆ្នាំថ្មីនេះអ្នកស្រីពិតជាសប្បាយចិត្តពីព្រោះថាលក់ផ្លែគុយដាច់គួរសម។ ក្នុងមួយ ថ្ងៃអ្នកនាងអាចរកប្រាក់ចំណេញចាប់ពីជាង១០ម៉ឺនរៀលឡើងទៅ។ សម្រាប់មួយរដូវ ផ្លែឈើគុយនេះ អ្នកនាងអាចរកប្រាក់ចំណេញបានជាង២លានរៀលទៀតផង។ ស្ត្រីរូបនេះ បានប្រាប់ថា ”ឆ្នាំនេះផ្លែគុយរាងខ្សត់ជាងបណ្តាឆ្នាំមុន ដោយសារតែអាកាសធាតុក្តៅ ហើយបើមានច្រើនគឺខ្ញុំអាចរកប្រាក់កម្រៃក៏ច្រើនដែរ តែឆ្នាំនេះផ្លែគុយមិនសូវសម្បូរ ធ្វើឱ្យការរកប្រាក់ចំណូលក៏បានតិចទៅតាមនោះដែរ”។
ទាក់ទិនក្នុងរឿងនេះ អ្នកស្រី កែវ ទ្រល អ្នកលក់ផ្លែគុយនៅខេត្តកំពង់ធំម្នាក់ទៀតបាន បង្ហាញក្តីរំភើបថារូបគាត់លក់ផ្លែគុយដាច់ខ្លាំងណាស់ធ្វើឱ្យអាចរកប្រាក់ចំណូលមិនទាបជាង១០ម៉ឺនរៀលក្នុងមួយថ្ងៃទេ។ ផ្លែគុយដែលគាត់យកពីគេប៉ុន្មានគឺលក់អស់ៗពីគ្រែតែម្តង។
ដោយឡែក លោក ដន វ៉ាន់ដា អ្នកលក់គុយនៅខេត្តកំពង់ធំនេះដែរបានឱ្យដឹងថា ផ្លែគុយទាំងនេះលោកបានទិញពីភ្នំគូលែន ខេត្តសៀមរាបមក ដោយក្នុង នេះអាចរកប្រាក់ ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រាន់គាប់ប្រសើរ។ ទោះបីយ៉ាងណា លោក ប្រាប់ថា នៅកន្លែងលោកលក់នេះដោយសារមនុស្សលក់ច្រើន ម្លោះហើយធ្វើការលក់ មិនសូវដាច់ដូចកន្លែងដទៃឡើយ។
គួរបញ្ជាក់ថា រុក្ខជាតិផ្លែគុយ ភាគច្រើនដុះនៅតាមតំបន់ព្រៃ ដែលមានដើមឈើធំៗ និងតាមតំបន់ភ្នំជាដើម។ ផ្លែគុយច្រើនសម្បូរនៅខេត្តកំពង់ធំ សៀមរាប កោះកុង និងស្ទឹងត្រែងជាដើម។ គុយ ជាផ្លែឈើព្រៃមានសណ្ឋានជាវល្លិអាស្រ័យតាមដើមឈើទីទៃ ហើយផ្លែឈើព្រៃដ៏ពេញនិយមបរិភោគមួយប្រភេទនេះ ក្រៅពីមានពណ៌លឿងខ្ចី និង ខ្លះលឿងទុំ ដ៏ ស្រស់ស្អាត គួរជាទីបរិភោគហើយ នៅមានរសជាតិជូរអែមក្រអូប ដ៏ឆ្ងាញ់ពិសា ថែមទៀតផង។ ផ្លែគុយ តែងផ្តល់ផលចាប់ពីខែកុម្ភៈ ដល់ខែឧសភា ជារៀងរាល់ឆ្នាំ។
រដូវផ្លែគុយមកដល់នៅអ្នកចូលចិត្តបរិភោគផ្លែឈើប្រភេទនេះ តែងស្វែងរកបរិភោគ ហើយត្រូវបានអាជីវករនាំយកមកលក់នៅក្នុងទីផ្សារទាំងរាជធានីភ្នំពេញ ហើយដែលគេ ឃើញសម្បូរលក់ច្រើនបំផុតនៅខេត្តកំពង់ធំ សៀមរាប និងកោះកុង ជាដើម៕
ប្រភព៖ AKP