មួកស្លឹកត្នោតខ្មែរ នៅតែជាទីពេញនិយមប្រើប្រាស់នៅតំបន់ប្រាសាទអង្គរវត្ត និងនៅតំបន់ទេសចរណ៍ដទៃទៀតក្នុងខេត្ត សៀមរាប

0

ភ្នំពេញ៖ នា​រដូវ​ចូល​ឆ្នាំ​កន្លង​មក មួក​ស្លឹក​ត្នោត​ដែល​ជា​មួក​របស់​ចាស់​បុរាណ​ខ្មែរ នៅ​តែ​ពេញ និយម​ប្រើប្រាស់​នៅ​ប្រាសាទអង្គរវត្ត ក៏​ដូច​ជា​តំបន់​ទេសចរណ៍​ដទៃ​ទៀត​នៅ​ខេត្តសៀមរាប​។ មួក​ដែល​ជា​អត្តសញ្ញាណ​របស់​ខ្មែរ​មួយ​នេះ មាន​តម្លៃ​៥០០០​រៀល ដែល​ភ្ញៀវ​និយម​ពាក់ បាំង​កំ​ដៅ​ថ្ងៃ​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ទឹកដី​ខេត្តសៀមរាប​។

ពលរដ្ឋ​កម្ពុជា និង​ជនបរទេស​នៅ​តែ​ឱ្យ​តម្លៃ​មួក​ស្លឹក​ត្នោត​ដែល​ពេល​បាន​ប្រើ​ពាក់​ហើយ គឺ​បាន​ទទួល​អារម្មណ៍​ជា​អត្តសញ្ញាណ​ជាតិ​របស់​ដូនតា​ខ្មែរ​។ មួក​ប្រភេទ​នេះ មិន​ត្រឹមតែ​ពាក់ ហើយ​ប្រើ​ជាប់​ទេ តែ​នៅ​ពេល​ប្រើ​បាំង​កំ​ដៅ​ថ្ងៃ និង​ជួយ​ឱ្យ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ងាយស្រួល ដោយ​វា​ជួយ​ឱ្យ​មិន​ក្តៅ​ខ្លាំង​ផង​។ មួក​ស្លឹក​ត្នោត ជា​របស់​កែ​ច្នៃ​ពី​ធម្មជាតិ​របស់​ដូនតា​ខ្មែរ ដោយ​វា​នៅ​មាន​តម្លៃ​ថោក​សមរម្យ និង​នៅ​ពេល​ពាក់​ស្អាត​ហើយ​សមរម្យ ជា​លក្ខណៈ​ខ្មែរ​។

អ្នកស្រី គង់ មុំ អ្នកលក់​មួក​ស្លឹក​ត្នោត​ម្នាក់​នៅ​ខាង​មុខ​ប្រាសាទអង្គរវត្ត​បានឱ្យ​ដឹង​ថា​៖ មួក​ស្លឹក​ត្នោត​ខ្មែរ​នៅ​តែ​ពេញ​និយម​ក្នុង​ស្រទាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ប្រើ​បាំង​កំ​ដៅ​ថ្ងៃ​។ មាន ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​ជ្រើសរើស​ប្រើ​មួក​ស្លឹក​ត្នោត​ជាង​មួក​ប្រភេទ​ផលិត​ពី​បរទេស​ដទៃ​ទៀត​។ ស្ត្រី​រូប​នេះ​បាន​ប្រាប់​ថា​៖ តាម​រយៈ​ការ​លក់​មួក​ស្លឹក​ត្នោត​នេះ​បាន​ជួយ​ឱ្យ​អ្នក ស្រី​អាច រក​ប្រាក់​កម្រៃ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​អស់​កាល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ទោះជា​ថ្ងៃ​ធម្មតា អ្នកស្រី​អាច​លក់​បាន​ចាប់ពី ២០ ទៅ ៤០​មួក​។ សម្រាប់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នេះ​វិញ អ្នកស្រី អាច​លក់​បាន​ចាប់ពី​៥០​មួក​ឡើង​ទៅ​ជិត​១០០​មួក​ក៏​មាន​ផង​ដែរ​។ សម្រាប់​មួក​ស្លឹក​ត្នោត​នេះ មិន​ត្រឹមតែ​ពេញ​និយម​ក្នុង​ស្រទាប់​ពលរដ្ឋ​ខ្មែរ​ទេ សូ​ម្បី​តែ​ភ្ញៀវ​បរទេស​ក៏​និយម​ប្រើ មួក​ស្លឹក​ត្នោត​នេះ​ផង​ដែរ​។ មាន​ជនបរទេស​មិន​តិច​ទេ​ដែល​បាន​ទិញ​មួក​ស្លឹក​ត្នោត ទៅ​ប្រទេស​របស់​ពួក​គេ​ទុកជា​អនុស្សាវរីយ៍​។

កុមា​រា ជាតិ ប៊​យ ដែល​នៅ​ទំនេរ​ពី​ការ​សិក្សា ហើយ​បាន​ឆ្លៀតពេល​លក់ មួក​ស្លឹក ត្នោត​ខ្មែរ​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ​បានឱ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​រូបគេ​អាច​លក់​មួក ស្លឹក​ត្នោត ខ្មែរ​បាន​៥០​ទៅ​៧០​មួក ដែល​អាច​រក​ប្រាក់​កម្រៃ​សម្រាប់​ជួយ​ដល់​គ្រួសារ​ផង​ដែរ​។ មួក ស្លឹក​ត្នោត​មានការ​និយម​ប្រើប្រាស់​ទូទៅ តែ​ដោយសារ​មាន​អ្នកលក់​ច្រើន​ទើប​ធ្វើ​ឱ្យ​រូប ខ្លួន​លក់​មិន​បាន​ច្រើន​ដូច​កាលពីមុន​ទេ​។

ទាក់ទិន​នឹង​ការ​ប្រើប្រាស់​មួក​ស្លឹក​ត្នោត​នេះ​ដែរ លោក ភឿន ផ​ល្លី ដែល​កំពុង ពាក់មួក​ស្លឹក​ត្នោត​ដើរ​កម្សាន្ត​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​បានឱ្យ​ដឹង​ថា​៖ រូប​លោក ស្រឡាញ់​មួក​ខ្មែរ​។ មួយ​ស្លឹក​ត្នោត​ជា​របស់​ដូនតា​ខ្មែរ​យើង ហេតុនេះ​រូប​លោក​នៅ​តែ​ស្រឡាញ់ ចូល​ចិត្ត​ប្រើប្រាស់​របស់​ខ្មែរ​បុរាណ​ជា​និច្ច​។ បុរស​រូប​នេះ​បាន​បញ្ជាក់​ប្រាប់​ដែរ​ថា​៖ ”​យើង​គួរ​ជួយ​គាំទ្រ​របស់​ខ្មែរ​យើង​ដែល​ប្រើ​ដោយ​ដៃ​។ កាលបើ​យើង​បាន​ទិញ​មួក​ស្លឹក​ត្នោត ក្រៅពី​ជួយ​គាំទ្រ​ផលិតផល​ខ្មែរ​ហើយ នៅ​ជួយ​ដល់​ពួក​គាត់​ឱ្យ​មានការ​ងារ​ធ្វើ​ទៀត​ផង​”​។

លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​នេះ​លោក សន ដេ​ន ដែល​បាន​ចូល​មក​កម្សាន្ត ប្រាសាទអង្គរវត្ត​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៤​បានឱ្យ​ដឹង​ថា រូប​លោក​មិន​ត្រឹម តែ​ជួយ​គាំទ្រ​មួក​ស្លឹក​ត្នោត​ខ្មែរ​ទេ សូ​ម្បី​តែ​ផលិតផល​ដទៃ​ទៀត​ដែល​កើត​ចេញពី​ស្នាដៃ បុរាណ​ខ្មែរ​យើង​ក៏​លោកនិយម​ប្រើប្រាស់​ដូច​គ្នា​។ ខ្មែរ​យើង​ត្រូវ​ឱ្យ​តម្លៃ និង​គាំទ្រ​របស់ ដូនតា​យើង​ដើម្បី​រួម​គ្នា​អភិរក្ស​តទៅ​ថ្ងៃ​ខាង​មុខ​ឱ្យ​ក្មេង​ៗ​ជំនាន់​ក្រោយ​បាន​ស្គាល់​និង​រួម​គ្នា​ថែរក្សា​ឱ្យ​បាន​យូរអង្វែង​រៀង​រហូត​។

សូម​បញ្ជាក់​ថា ដើម​ត្នោត​គឺជា​អត្តសញ្ញាណ នៃ​ទេសភាព​ទឹកដី​របស់​ខ្មែរ ដោយ​ស្ទើរ​គ្រប់ ទីកន្លែង​នៅ​ក្នុង​ទឹកដី​នេះ រួម​ទាំង​អតីត​ទឹកដី​របស់​ខ្មែរ​ផង សុទ្ធ​សឹង​មាន​អត្ថិភាព​ដើម​ត្នោត ដុះ​នៅ​ជា​និច្ច​។ ដោយ​តម្លៃ​នៃ​អត្តសញ្ញាណ​វប្បធម៌ អរិយធម៌ និង ប្រវត្តិសាស្ត្រ​ធម្មជាតិ ដើម ត្នោត​ត្រូវ​បាន​ចាត់​បញ្ចូល​ជា​ប្រភេទ​រុក្ខជាតិ​និមិត្តរូប​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួច​មក ហើយ​កាលពី​ឆ្នាំ​២០០៥​។ ដើម​ត្នោត​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ចេះ​កែ​ច្នៃ និង​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ដោយ ប្រើ​ជា​ប្រយោជន៍​ច្រើន​យ៉ាង តាំងពី​គល់​រហូត​ដល់​ស្លឹក មាន​ជា​អាទិ៍ ដើម​ត្នោត​ត្រូវ​គេ​ប្រើ​ធ្វើ​ទូក ធ្វើ​ផ្ទះ ផ្លែ​ត្នោត​ទុំ ឬ​ខ្ចី​ប្រើ​សម្រាប់​ធ្វើ​នំ​ឬ​បង្អែម គមត្នោត​ត្រូវ​ប្រើ​ធ្វើ​ជា​បន្លែ​សម្ល ទឹក​ប្រើ​ធ្វើ​ជា​ស្ករ និង ស្លឹក​ប្រើ​ធ្វើ​ជា​មួក កន្ទេល ផ្លិត គ្រឿង​វេច​ខ្ចប់ ប្រើ​ធ្វើ​ដំបូលផ្ទះ​និង ធ្វើ​ជញ្ជាំង​ផ្ទះ​ជាដើម​៕

ប្រភព៖ AKP