កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា សង្ក្រាន្តឆ្នាំថ្មី នៅខេត្តកំពង់ឆ្នាំង ចាប់ថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤មានភ្ញៀវទេសចរទៅលេងកម្សាន្តប្រមាណជាជិត ៦០ម៉ឺននាក់ ហើយរហូតដល់ថ្ងៃ១៧ ខែមេសា ឆ្នាំ២០២៤ ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេសនៅតែបន្តមកលេងកម្សាន្តច្រើនដដែល ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ មានប្រសាសន៍បែបនេះ នៅកម្មវិធីចូលរួមអបអរសាទរសង្ក្រាន្តឆ្នាំថ្មី ក្នុងតំបន់ទេសចរណ៍ទាំង៤កន្លែង នៅខេត្តកំពង់ឆ្នាំង នាថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដែលពិធីនេះដែរមានការអញ្ជើញចូលរួមពីប្រធានមន្ទីរទេសចរណ៍ខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទនិងអាជ្ញាធរក្រុង ស្រុក ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។
ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា ដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋ បានចេញដើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាន និងទីកន្លែងលម្ហែនានាក្នុងខេត្ត ។ អ្វីដែលគួរឱ្យគត់សម្គាល់នោះគឺ ព្រឹតិ្តការណ៍សង្ក្រាន្តខេត្តកំពង់ឆ្នាំង និងតាមបណ្តាក្រុង ស្រុក ប្រជាពលរដ្ឋចូលរួមប្រកបសប្បាយរីករាយបំផុត ក្រោមកិច្ចធានាបាននូវការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ គឺស្ថិតក្នុងបរិយាកាសល្អប្រសើរបំផុត ពុំមានអ្វីកើតឡើងនៅគ្រប់ទីកន្លែងទាំងនេះ។ អាស្រ័យដោយការយកចិត្តទុកដាក់ខ្ពស់ របស់អាជ្ញធរគ្រប់លំដាប់ថ្នាក់និងគណៈបញ្ជាការឯកភាពខេត្ត បានធ្វើការណែ នាំដល់គ្រប់គណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិសុខ សណ្ដាប់ ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ តាមរយៈការដាក់កម្លាំងល្បាតយាមកាម នៅគ្រប់ទីកន្លែង ដើម្បីបង្កភាពសប្បាយជូនដល់ប្រជាពលរដ្ឋ ។ គឺបានធ្វើឡើងនៅគ្រប់ទីវត្តអារាម នៅទូទាំងខេត្ត និងនៅតាមសហគមន៍កម្សាន្តនានាតាមបណ្ដាមូលដ្ឋាន គ្រប់ឃុំ ស្រុក ដើម្បីបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើង ៕
ប្រភព៖ AKP