ពិធីបុណ្យចូលឆ្នាំបានបញ្ចប់ ប្រជាពលរដ្ឋវិលត្រឡប់ចូលមកភ្នំពេញវិញ តាមរយៈរថយន្តក្រុងឥតគិតថ្លៃរបស់រដ្ឋ

0

ភ្នំពេញ៖ បន្ទាប់​ពី​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​រយៈពេល​០៤​ថ្ងៃ ត្រូវ​បាន​បញ្ចប់​ទៅ​វិញ​ដោយ​រលូន​នោះ នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៤​នេះ ប្រជាពលរដ្ឋ​បាន​វិល​ត្រឡប់​ពី​តាម​បណ្តា​ខេត្ត​នានា​ចូល​មក​កាន់​រាជធានី​ភ្នំពេញ​វិញ​ហើយ ដើម្បី​ប្រកប​មុខរបរ និង​កិច្ច​ការងារ​។ ជាក់ស្តែង មាន​បងប្អូន​ពលរដ្ឋ​ជា​ច្រើន បាន​ធ្វើ​ដំណើរ​តាម​រយៈ​រថយន្តក្រុង​សាធារណៈ​ដោយ​ឥត​គិតថ្លៃ​របស់​រាជរដ្ឋាភិបាល ពី​ស្រុក​កំណើត​របស់​ពួក​គាត់​ត្រឡប់​មក​វិញ​ជា​បន្តបន្ទាប់ តាម​ផ្លូវជាតិ​សំខាន់​ៗ​ទាំងអស់​ដែល​ត​ភ្ជាប់​ចូល​មក​កាន់​រាជធានី​ភ្នំពេញ​វិញ ។

ប្រជាពលរដ្ឋ​បាន​សម្តែង​ក្តី​រីករាយ ចំពោះ​ការ​ធ្វើ​ដំណើរ​តាម​រយៈ​រថយន្តក្រុង​សាធារណៈ ដោយ​មិន​មានការ​ចំណាយ​ប្រាក់​កាស​សូ​ម្បី​តែ​មួយ​សេន​នោះ​ឡើយ ហើយ​ពួក​គាត់​ក៏​ទទួល​អារម្មណ៍​កក់ក្តៅ ចំពោះ​ការ​បើកបរ​របស់​តៃកុង​រថយន្ត ការ​ស្វាគមន៍ ពិសេស​រថយន្ត​មាន​លក្ខណៈ​ធំ​ទូលាយ​ងាយស្រួល​អង្គុយ និង​មាន​ម៉ាស៊ីនត្រជាក់​ល្អ ប្រកបដោយ​ផា​សុខភាព និង​សោភ័ណ​ភាព សម្រាប់​ពលរដ្ឋ​ជិះ​ធ្វើ​ដំណើរ​ផង​ដែរ​។

ប្រជាពលរដ្ឋ​បាន​បន្ត​លើក​ឡើង​បន្ត​ថា នេះ​គឺជា​ការ​យកចិត្តទុកដាក់​បំផុត​ពី​សំណាក់​រាជរដ្ឋាភិបាល ដែល​តែងតែ​ធ្វើការ​ផ្តល់​រថយន្តក្រុង​ជិះ​ឥត​គិតថ្លៃ ក្នុង​ឱកាស​រដូវ​កាល​បុណ្យ​ទាន​ធំ​ៗ​មករ​ហូត​។ ក្នុង​នោះ​ដែរ អ្នកបើកបរ​រថយន្តក្រុង​សាធារណៈ បាន​បង្ហាញ​ក្តី​រីករាយ ចំពោះ​ការ​ចូលរួម​បើកបរ​ជូន​បងប្អូន​ពលរដ្ឋ បើ​ទោះបីជា​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ គាត់​មិន​បាន​ទៅ​ស្រុក​កំណើត​ក៏​ដោយ​។ គាត់​លើក​ឡើង​ថា ការ​បើកបរ​គឺ​តែងតែ​ឋិត​ក្នុង​ស្មារតី​ម្ចាស់​ការ និង​ប្រុង​ប្រយ័ត្ន​ជា​និច្ច ដើម្បី​បញ្ចៀស​បាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ដើម្បី​សុវត្ថិភាព​បងប្អូន​ពលរដ្ឋ​ដែល​កំពុង​រួម​ដំណើរ​ក្នុង​រថយន្ត​ទាំងអស់​គ្នា​ផង​ដែរ ។

សូម​ជម្រាប​ជូន​ថា រថយន្តក្រុង​សា​ធារ​ណះ ចំនួន​៣៩៥​គ្រឿង ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដាក់​ឱ្យ​ប្រើប្រាស់​សម្រាប​សេវា​ដឹក​ជ​ញ្ចូ​ន​ពលរដ្ឋ​ឥត​គិតថ្លៃ​ទៅ​តាម​បណ្តា​ខេត្ត និង​ត្រឡប់​ពី​បណ្តា​ខេត្ត​ចូល​មក​ភ្នំពេញ​វិញ ក្នុង​រយៈពេល​០៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១២ មេ​សា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​១៧ មេ​សា​នេះ គឺជា​ថ្ងៃ​បញ្ចប់​៕

ប្រភព៖ AKP