រដ្ឋបាលរាជធានីភ្នំពេញ៖ ក្នុងឱកាសចូលឆ្នាំថ្មី0៤ថ្ងៃនេះ មានភ្ញៀវទេសចរ និង ប្រជាពលរដ្ឋមកទស្ស នា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ ប្រមាណ១លាន៣សែននាក់

0

ភ្នំពេញ៖ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្ដី បានឱ្យ​ដឹង​ថា ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ រយៈពេល​0៤​ថ្ងៃនេះ មាន​ភ្ញៀវ​ទេសចរ និង ប្រជាពលរដ្ឋ​មក​ទស្សនា និង​លេង​កម្សាន្ត​នៅ​សង្ក្រាន្ត​វត្ត​ភ្នំ​ប្រមាណ ១​លាន ៣​សែន​នាក់ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១៣ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៤ ។

លោក ម៉េ​ត មាស​ភក្ដី បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ ៩​កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៤​នេះ​ថា ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំរោង​ឆ​ស​ក័ ព​.​ស​.២៥៦៨ គ​.​ស​.២០២៤ រយៈពេល​០៤​ថ្ងៃនេះ មាន​ភ្ញៀវ​ទេសចរ និង ប្រជាពលរដ្ឋ មក​ទស្សនា និង​លេង​កម្សាន្ត​នៅ​សង្ក្រាន្ត​វត្ត​ភ្នំ ប្រមាណ ១​លាន​៣​សែន​នាក់ ។ ក្នុង​នោះ​សម្រាប់​ថ្ងៃ​ទី​១ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែមេសា ភ្ញៀវ​ទេសចរ​ជាតិ និង​ភ្ញៀវ​ទេសចរ​បរទេស ចូលរួម​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ជាង ២៣​ម៉ឺន​នាក់ ។ ថ្ងៃ​ទី​២ ប្រមាណ ២៥​ម៉ឺន​នាក់​, ថ្ងៃ​ទី​៣ ប្រមាណ ៣០​ម៉ឺន​នាក់​,​និង​ថ្ងៃ​ទី​៤ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែមេសា ដែល​ជា​ថ្ងៃ​ចុង​ក្រោយ គឺ​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​ភ្ញៀវ​ទេសចរ​បរទេស បាន​កើនឡើង​រហូត​ដល់​ចំនួន ៥២​ម៉ឺន​នាក់ ។ បើ​សរុប​ទាំង​០៤​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នេះ គឺ​មាន​ភ្ញៀវ​ទេសចរ និង ប្រជាពលរដ្ឋ​មក​ទស្សនា និង​លេង​កម្សាន្ត​នៅ​សង្ក្រាន្ត​វត្ត​ភ្នំ ប្រមាណ ១​លាន ៣​សែន​នាក់ ។

អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​បន្ថែម​ថា ក្នុង​រយៈពេល​០៤​ថ្ងៃ​កន្លង​មកនេះ មាន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ បាន​នាំ​គ្នា​ទៅ​លេង​កម្សាន្ដ​យ៉ាង​សប្បាយ​រីករាយ ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​សុខ​សន្ដិភាព នៅ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ​វត្ត​ភ្នំ ក្នុង​កម្មវិធី​សង្ក្រាន្ដ​វត្ត​ភ្នំ ដើម្បី​អបអរសាទរ ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ។

ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ស​ង្ក្រា ន្ដ​វត្ដ​ភ្នំ​រយៈ ពេល​០៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៤ ។

ចំពោះ​ការងារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៅ​ក្នុង​ឱកាស​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នេះ គឺ​បាន​ដំណើរការ​ទៅ​ដោយ​រលូន ពុំ​មាន​អ្វី​កើតឡើង​គួរ​ឱ្យ​កត់សម្គាល់​ឡើយ ដោយសារ​កម្លាំង​មាន​សមត្ថកិច្ច​បាន​ល្បាត នៅ​គ្រប់​ទីកន្លែង និង​ការពារ​បាន​យ៉ាង​ល្អ ដើម្បី​បង្ក​ភាព​សប្បាយ ជូន​ដល់​ប្រជា​ពល រដ្ឋ នៅ​គ្រប់​ទីកន្លែង ៕

ប្រភព៖ AKP