រយៈពេល៤ថ្ងៃពិធីបុណ្យចូលឆ្នាំ មានមនុស្សស្លាប់ ៣៧នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស

0

ភ្នំពេញ៖ មនុស្ស​សរុប​ចំនួន ៣៧​នាក់​បាន​ស្លាប់ និង ៨៨​នាក់​បាន​រង​របួស ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​សរុប​ចំនួន​៦៤​ករណី​នៅ​ទូ​ទាំង​ប្រទេស ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​១៦ ខែមេសា ឆ្នាំ​២០២៤​។ នេះ​បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

យោង​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២៤ ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​មាន​ចំនួន​សរុប​១៧​ករណី​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​១១​នាក់ និង​របួស​២២​នាក់​។ នៅ​ថ្ងៃ​ទី​១៤ ខែមេសា ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​សរុប​១៧​ករណី មនុស្ស​ស្លាប់​៨ និង​របួស​២៨​នាក់​។ នៅ​ថ្ងៃ​ទី​១៥ ខែមេសា ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​សរុប​១៨​ករណី មនុស្ស​ស្លាប់​១១​នាក់ និង​របួស​២៤​នាក់ និង​នៅ​ថ្ងៃ​ទី​១៦ ខែមេសា ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​សរុប ១២​ករណី មនុស្ស​ស្លាប់​ចំនួន​៧​នាក់ និង​រង​របួស​ចំនួន​១៤​នាក់​។

បើ​ប្រៀបធៀប​នឹង​ចំនួន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​រយៈពេល​៣​ថ្ងៃ ពី​ថ្ងៃ​ទី​១៤-១៦ ខែមេសា ឆ្នាំ​២០២៣​កន្លង​ទៅ យើង​បាន​ពិនិត្យ​ឃើញ​ថា រយៈពេល​៣​ថ្ងៃ​ពី​ថ្ងៃ​១៤​ដល់​១៦ ខែមេសា ក្នុង​ឆ្នាំ​២០២៤​នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​សរុប​ចំនួន​៤៧​ករណី គឺ​កើនឡើង​ចំនួន​២​ករណី​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​សរុប​ចំនួន​២៥​នាក់ គឺ​កើនឡើង​ចំនួន​១​នាក់ និង​រង​របួសធ្ងន់​ស្រាល​សរុប​ចំនួន​៦៦​នាក់ គឺ​ថយ​ចុះ​ចំនួន​២៦​នាក់​។

សូម​រម្លឹក​ថា នៅ​ថ្ងៃ​ទី​១៤-១៦ ខែមេសា ឆ្នាំ​២០២៣ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​ចំនួន ៤៥​ករណី ដែល​បណ្តាល​ឱ្យ​មនុស្ស​ចំនួន ២៥​នាក់​បាន​ស្លាប់ និង​រង​របួសធ្ងន់​ស្រាល​ចំនួន ៩២​នាក់​។ ក្នុង​នោះ នៅ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ទី​១ ថ្ងៃ​ទី​១៤ ខែមេសា គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​ចំនួន ៦​ករណី បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២​នាក់ របួសធ្ងន់​ស្រាល ១២​នាក់ របួសធ្ងន់ ៦​នាក់ និង​របួសស្រាល ៦​នាក់​។ នៅ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ទី​២ ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៣ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង ២០​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៧​នាក់ របួស​សរុប ៤៨​នាក់ របួសធ្ងន់ ៣១​នាក់ របួសស្រាល ១៧​នាក់ និង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ចុង​ក្រោយ គឺ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៣ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង ១៩​លើក នៅ​ពេល​យប់ ៩​លើក បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ១៥​នាក់ របួសធ្ងន់​ស្រាល​ចំនួន ២៦​នាក់​៕

ប្រភព៖ AKP