កំពង់ចាម៖ រយៈពេល០៤ថ្ងៃនៃការរៀបវចំ នូវព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៤ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៤នេះ ចំនួនភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស ក៏ដូចជា បងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនា នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា ព្រមទាំងស្នាក់នៅក្នុងខេត្តកំពង់ចាម មានចំនួនប្រមាណជាង ៥លាន ៣សែននាក់ ក្នុងនោះភ្ញៀវទេសចរបរទេស មានប្រមាណ ៥១៥នាក់ ។ នេះបើតាមការឱ្យដឹងពីរលោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរ ណ៍ខេត្តកំពង់ចាម ។
លោក ស៊ាន សុគុន្ធ បានបញ្ជាក់ថា នៅក្នុងខេត្តកំពង់ចាម មានរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍សំខាន់ៗជាច្រើន ដូចជា៖ រមណីយដ្ឋានទឹកឆា, រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា, រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ, រមណីយដ្ឋានបែមប៊ូរីសត, រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី, រមណីយដ្ឋាននគរបាជ័យ, រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ, រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន, អាហារដ្ឋានស្មៅទន្លេ, អាហារដ្ឋានសួនស្នេហ៍សុភមង្គល, និង ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាមក្នុងក្រុងកំពង់ចាម ។
លោក ស៊ាន សុគុន្ធ បានបន្តឱ្យដឹងថា ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកម្មវិធីសង្ក្រាន្តធំកំពង់ចា មក្នុងបរិវេណសួនស្មៅមុខសាលាខេត្ត ហើយនៅតាមបណ្តាស្រុក នៅតាមរមណីយដ្ឋានទេសចរណ៍ និងតាមវត្តអារាមនានាក្នុងទូទាំងខេត្ត ក៏បង្កើតឱ្យមានព្រឹត្តិការណ៍ជាច្រើនទៀត សម្រាប់ឱ្យភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេសលេងកម្សាន្ដសប្បាយផងដែរ ។
លោក ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងថា រយៈពេល០៤ថ្ងៃគឺចាប់ពីថ្ងៃទី១៣ មេសាឆ្នាំ ២០២៤ ដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋ បានចេញដើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាន និងទីកន្លែងលម្ហែនានាក្នុងខេត្ត ។ អ្វីដែលគួរឱ្យគត់សម្គាល់នោះគឺ ព្រឹតិ្តការណ៍សង្ក្រាន្តខេត្តកំពង់ចាម និងតាមបណ្តាក្រុង ស្រុក ប្រជាពលរដ្ឋចូលរួមប្រកបដោយក្ដីសប្បាយរីករាយបំផុត ក្រោមកិច្ចធានាបាននូវការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ គឺ ស្ថិតក្នុងបរិយាកាសល្អប្រសើរបំផុតពុំមានអ្វីកើតឡើងនៅគ្រប់ទីកន្លែងទាំងនេះ ។ អាស្រ័យដោយការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដែលជាគណៈបញ្ជាការឯកភាពខេត្ត បានធ្វើការណែនាំដល់គ្រប់គណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ តាមរយៈការដាក់កម្លាំងល្បាត យាមកាម នៅគ្រប់ទីកន្លែង ដើម្បីបង្កភាពសប្បាយ ជូនដល់ប្រជាពលរដ្ឋយើងនៅគ្រប់មជ្ឈដ្ឋាន ៕
ប្រភព៖ AKP