ព្រឹត្តិការណ៍សង្រ្កាន្តអូររាំងឪ រៀបចំឡើងនៅឧទ្យានទន្លេស្ងួត រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាប់ទៅដោយបរិយាកាសសប្បាយរីករាយក្នុងមហាគ្រួសារខ្មែរ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស២០២៤។
ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ជាង១០ម៉ឺននាក់ មកពីគ្រប់ទិសទី បានទៅកម្សាន្តសប្បាយ ក្នុង ព្រឹត្តិការណ៍សង្រ្កាន្តអូររាំងឪឆ្នាំ២០២៤នេះ ជាមួយកម្មវិធីសប្បាយ ជាច្រើន ដូចជាការលេងល្បែងប្រជាប្រិយខ្មែរ ពិធីសាសនា ការសំដែងសិល្បះបុរាណ ពិព័រណ៍សមិទ្ធផលមូលដ្ឋាន សួនផ្កាស្បៃរឿងចំនួន១លានគុម្ព ការជិះទោងកម្សាន្ត ការប្រកួតកីឡាបាល់ទះ ការប្រគំតន្រ្តីសម័យនិងការរាំលេងកម្សាន្តក្រោមតំណក់ទឹកត្រជាក់។
អ្នកចូលរួមបានលើកឡើងថា សង្រ្កាន្តអូររាំងឪ ឆ្នាំ២០២៤នេះ បានដំណើរការយ៉ាងអធឹកអធម ខុសប្លែកពីឆ្នាំមុនៗ ហើយជាពិសេសបានដំណើរការក្នុងតំបន់ឧទ្យានទន្លេស្ងួត ដែលជាតំបន់ធម្មជាតិនិងប្រវត្តិសាស្រ្ត មានទេសភាព ស្រស់ស្អាត ខុសពីពេលមុន តំបន់នេះមានភាពស្ងប់ស្ងាត់ មិនដែលមានមនុស្សច្រើនបានស្គាល់នោះទេ។ ប្រជាពលរដ្ឋ ប្រុស ស្រី ក្មេង ចាស់ បានសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រកបដោយ សាមគ្គីភាព រស់នៅក្រោមម្លប់សន្តិភាព និងជាមួយសមិទ្ធផលថ្មីកើតមានលើទឹកដីស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត។
សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកជំទាវ បានអញ្ជើញបើកសង្រ្កាន្តអូររាំងឪ នៅក្នុងឧទ្យានទន្លេស្ងួត នាភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ជាមួយគ្នានេះ ក៏បានសហការជាមួយរដ្ឋបាលស្រុកអូររាំងឪ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ បានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តអូររាំងឪ ឆ្នាំ២០២៤ ដោយបានបង្កើតឱ្យមានកម្មវិធីប្រគំតន្រ្តីដ៏ធំអស្ចារ្យ ចូលរួមពីតារាល្បីៗនៅក្នុងប្រទេសកម្ពុជា ការតាំងពិព័រណ៍ផលិតផលមូលដ្ឋាន ពិធីពូនភ្នំខ្សាច់ ពិធីស្រង់ព្រះ ការល្បែងប្រជាប្រិយគ្រប់ទម្រង់ ការជិះទោងកម្សាន្ត ការប្រកួតកីឡា ការទស្សនាឧទ្យានទន្លេស្ងួត សួនផ្កាស្បៃរឿង ១លានគុម្ព ការរាំកម្សាន្តតាមចង្វាក់ប្រពៃណីជាតិ និងកម្មវិធីកម្សាន្តផ្សេងៗទៀត នៅតំបន់ឧទ្យានទន្លេស្ងួត នៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ រយៈពេល៥ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤៕
ប្រភព៖ ក្រសួងព័ត៌មាន