កំពង់ធំ៖ សង្ក្រានឆ្នាំ២០២៤ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣-១៦ ខែមេសា ឆ្នាំ២០២៤ ដែលបង្ករលក្ខណៈកម្សាន្តសប្បាយដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាពុទ្ធបរិស័ទនៅក្នុងស្រុកស្ទោកម្សាន្តសប្បាយក្រោមម្លប់ភាព និងការអភិវឌ្ឍន៍ ស្តិតនៅវត្តក្តីដើម និងវត្តបទុម ស្រុកស្ទោង ខេត្តកំពង់ធំ រសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។
ទន្ទឹមនឹងនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោងនិងសហការីបានអញ្ជើញចូលរួមកម្សាន្តជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងសប្បាយរីករាយ ដែលបានចូលរួមលេងល្បែងប្រជាប្រិយប្រពៃណីជាតិខ្មែរដូចជា ទាញព្រ័ត្រ វាយក្អម លោតបាវ លាក់កន្សែង និងរាំលេងកម្សាន្តដើម្បីរក្សាប្រពៃណីជាតិខ្មែរ។
លើសពីនេះលោកអភិបាលស្រុក បានអំពាវនាវដល់ពុកម៉ែបងប្អូនក្នុងមូលដ្ឋាន សូមបន្តថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ដើម្បីយើងបានកម្សាន្តសប្បាយប្រពៃណីជាតិខ្មែរ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត។
ជាមួយគ្នានេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបានចូលរួមកម្សាន្តសប្បាយ ដោយការយោគយល់អធ្យាស្រ័យ និងមានទំនួលខុសត្រូវ ក៏ដូចជាការថែរក្សានូវទំនៀមទម្លាប់ប្រពៃណីនិងល្បែងប្រជាប្រិយខ្មែរឲ្យបានគង់វង្សតរៀងទៅ។
សូមបញ្ជាក់ផងដែរថា ភ្ញៀវទេសចរណ៍ដែលបានចូលរួមសប្បាយបុណ្យចូលឆ្នាំថ្មីក្នុងស្រុកស្ទោងទាំង៤ថ្ងៃ សរុប ២៧៦,៧៥០នាក់ ក្មុងនោះជនបរទេស៩៨នាក់ ក្នុងនោះ÷ ថ្ងៃទី១ ចំនួន៦៥០០០នាក់ បរទេស៣៥នាក់។ ថ្ងៃទី២ចំនួន ៦៦៥០០នាក់ បរទេស២០នាក់។ ថ្ងៃទី៣ចំនួន ៧២០០០នាក់ បរទេស១៥នាក់។ ថ្ងៃទី៤ចំនួន៧៣២៥០ នាក់ បរទេស២៨នាក់ផងដែរ៕
ប្រភព៖ AKP