រយ:ពេល០៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខេត្តកែបទទួលភ្ញៀវទេសចរ ជិត១៦ម៉ឺននាក់

0

កែប៖ ក្នុង​រយ​:​ពេល​០៤​ថ្ងៃ នៃ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ខេត្ត​កែប​ទទួលភ្ញៀវ​ទេសចរ មក​ពី​គ្រប់​ទិស​ទី​បាន​ចំនួន​ជិត​១៦​ម៉ឺន​នាក់ ។ នេះ​បើ​តាម​តួលេខ​របស់ លោក សោម ចិន្តា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប នៅ​ថ្ងៃ​អង្គារ ៨​កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៧​ត្រូវ​នឹង​ល្ងាច​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៤ ។

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ថា បើ​គិត​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់ទី​១៦ ខែមេសា ឆ្នាំ​២០២៤ រយ​:​ពេល​០៤​ថ្ងៃ នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ខេត្ត​កែប ទទួល​បាន​ភ្ញៀវ​ទេសចរ សរុប​ចំនួន ១៥៩ ៧៨៨​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០២៣ ភ្ញៀវ​ទេសចរ សរុប​ចំនួន ១៤៩ ៤០៦​នាក់ កើនឡើង ៦.៩៤​ភាគរយ ក្នុង​នោះ​ភ្ញៀវ​ជាតិ​ចំនួន ១៥៨៨៩៦​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០២៣ មាន​ចំនួន ១៤៨ ៧៤៤​នាក់ កើនឡើង​៦.៨២​ភាគរយ ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៨៩២​នាក់ ធៀប​នឹង​ឆ្នាំ​២០២៣ មាន​ចំនួន ៦៦២​នាក់ កើនឡើង ៣៤.៧៤​ភាគរយ ។

លោក សោម ចិន្តា បាន​បន្ថែម​ថា បើ​ទោះជា​មាន​ភ្ញៀវ​ទេសចរ ចូល​មក​សម្រាក លម្ហែ​កម្សាន្ត សង្ក្រាន្ត​ឆ្នាំ​ថ្មី​នៅ​ក្នុង​ទឹកដី​ខេត្ត​កែប យ៉ាងច្រើន​ដូច​ទឹកបាក់​ទំនប់ ក៏​ប៉ុន្តែ​ខេត្ត​យើង​បាន​រក្សា​នូវ​សុខ​សុវត្ថិភាព​យ៉ាង​ល្អ​ប្រសើរ ដោយ​រក្សា​បាន​សណ្តាប់ធ្នាប់ របៀបរៀបរយ ជូន​ភ្ញៀវ​ទេសចរ គឺ​គ្មាន​ករណី​ណាមួយ​កើតឡើង គួរ​ឱ្យ​កត់សម្គាល់​ឡើយ ។

សូម​ជម្រាប​ថា ក្នុង​ឱកាស​សង្ក្រាន្ត​ឆ្នាំ​ថ្មី គេ​ឃើញ​វត្តមាន​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិ បាល​ខេត្ត​កែប បាន​ចូលរួម​សប្បាយ​រីករាយ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ ដែល​មក​ដើរ​លេង​កម្សាន្ត​សប្បាយ​នៅ​ខេត្ត​កែប ដែល​បាន​ធ្វើ​ឱ្យ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នៅ​ខេត្ត​ទេសចរណ៍​ដ៏​តូច​ច្រឡឹង​មួយ​នេះ កាន់តែ​មាន​ភាព​អធិកអធម​ផង​ដែរ ៕

ប្រភព៖ AKP