ហ្វូងកុកដ៏ច្រើន កំពុងរកចំណី និងហោះហើរពេញផ្ទៃទឹក នៅតំបន់រ៉ាមសារស្ទឹងសែន

0

កំពង់ធំ៖ នេះ​ជា​រូបភាព​ដែល​ត្រូវ​គេ​ថត​បាន ពី​ទិដ្ឋភាព​សត្វ​កុក​ដ៏​ច្រើន​លើសលប់ កំពុង​ហើរ​យ៉ាង​សក្បុស​ពាសពេញ​ផ្ទៃ​ទឹក នៅ​តំបន់​រ៉ា​ម​សារ​ស្ទឹង​សែន ខេត្តកំពង់ធំ​ដែល​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប ។

អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា (Nature Life Cambodia) បានឱ្យ​ដឹង​ថា​រូបភាព​នេះ​ថត​បាន​ដោយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ ក្នុង​ពេល​ចុះ​ល្បាត ។

គួរ​បញ្ជាក់​ថា តំបន់​រ៉ា​ម​សារ​ស្ទឹង​សែន​ស្ថិត​ក្នុង​ខេត្តកំពង់ធំ ជា​តំបន់​មាន​សក្តានុពល​មិន​ចាញ់ តំបន់​រ៉ា​ម​សារ​ក្នុង​ខេត្ត​ផ្សេង​ទៀត​ទេ ។ តំបន់​នេះ​មាន​ផ្ទៃដី​ទំហំ ៩ ២៩៣​ហិ​កតា និង​ត្រូវ​បាន​ចុះបញ្ជី​នៅ​អំឡុង​ឆ្នាំ​២០១៨ ។ តំបន់​រ៉ា​ម​ស្ទឹង​សែន មានព្រៃ​លិច​ទឹក ដែល​ផ្ដល់​ទីជម្រក​សម្រាប់​ពពួកសត្វ​ស្លាប​ជាង​៧៩​ប្រភេទ ដូច​ជា​ស្មោញ​, ត្រដក់​តូច​, ត្រដក់​ធំ​, ទុង​ប្រផេះ​, អង្កត់ខ្មៅ​, អក​ត្រី​ក្បាល​ប្រផេះ​, និង​ថនិកសត្វ​ប្រមាណ ៩​ប្រភេទ ។ លើស​ពី​នេះ តំបន់​នេះ​មានព្រៃ​លិច​ទឹក សត្វ​ស្លាប​ទឹក និង​ភូមិ​អណ្ដែត​ទឹក ដែល​មាន​អំណោយផល ដល់​អេកូ​ទេសចរណ៍ធម្មជាតិ ។

សូម​ជម្រាប​ថា តំបន់​រ៉ា​ម​សារ (​តំបន់ដីសើម​) នីមួយ​ៗ សម្បូរ​ដោយ​ធនធានធម្មជាតិ​, សត្វ​ប្រភេទ​កម្រ​, ជីវៈចម្រុះ ដែល​ជា​សក្តានុពល​សម្រាប់​ការ​អភិរក្ស និង​វិស័យ​ទេសចរណ៍ ៕

ប្រភព៖ AKP