ចូលឆ្នាំខ្មែរនៅភ្នំពេញមែន? អញ្ចឹងអាចទៅលេង​សង្ក្រាន្ត​នៅ ៤ទីតាំងនេះ

0

ភ្នំពេញ៖ លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ត្រៀម និង​រៀបចំ​តុបតែង​ទីតាំង​សង្ក្រាន្ត​ចំនួន​៤​កន្លែង គឺ​រមណីយដ្ឋាន​វត្ត​ភ្នំ សួនច្បារ​វិមាន​ឯករាជ្យ សួន​មុខ​វត្ត​បទុម​វ​ត្តី និង​មាត់ទន្លេ​មុខ​វត្ត​ឧណ្ណាលោម សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​មក​ដើរ​លេង​កម្សាន្ដ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈាន​មក​ដល់​។

អ្នកនាំពាក្យ​រូប​នោះ​បាន​គូសបញ្ជាក់​បន្ថែម​ទៀត​ថា សម្រាប់​ទីតាំង​ទាំង​៤​កន្លែង​នេះ យើង​នឹង​រៀបចំ​កម្មវិធី​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​លេង​កម្សាន្ដ សម្តែង​សិល្បៈ​របាំ​ប្រពៃណី របាំ​បុរាណ ល្បែង​ប្រជាប្រិយ​ជាតិ (​ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោល​ឈូង លាក់កន្សែង ចាប់កូនខ្លែង និង​ដណ្តើម​ស្លឹកឈើ​) ប្រគំ​តន្ត្រីបុរាណ​-​សម័យ រាំ​លេង​កម្សាន្ត តាំង​បង្ហាញ​គំនូរ​បុរាណ និង​វត្ថុ​សិល្បៈ​វប្បធម៌​។

ក្រោម​ការ​ដឹកនាំ​ចាត់ចែង​របស់​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​បាន​ណែនាំ​ឱ្យ​អង្គភាព និង​មន្ទីរ​ជំនាញ ធ្វើការ​តុបតែង​លម្អ​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ដែល​ជា​កន្លែង​រៀបចំ​សង្ក្រាន្ត​ពិសេស​ជាងគេ ដើម្បី​បង្ក​ភាព​សប្បាយ​រីករាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​កម្សាន្ត និង​លេងល្បែង​ប្រជាប្រិយ​សប្បាយ​ៗ​ជា​ច្រើន​ប្រភេទ​។

ជាមួយ​គ្នា​នេះ​ដែរ លោក អ៊ុំ យ៉េ​ង មក​រា ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​៨ សង្កាត់​ផ្សារ​កណ្ដាល​២ ខណ្ឌដូនពេញ បាន​រៀបរាប់​ថា “​ឆ្នាំ​នេះ​ខុស​ប្លែក​ពី​ឆ្នាំទៅ ដោយសារ​តែ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​អាជ្ញាធរ​សង្កាត់ ខណ្ឌ បាន​រៀបចំ​តុបតែង កែ​លម្អ​ទីតាំង​ជា​ច្រើន​កន្លែង សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​លេងល្បែង​ប្រជាប្រិយ​ដោយ​សប្បាយ​រីករាយ មិន​ចាំបាច់​ទៅ​ដើរ​លេង​នៅ​ខេត្ដ​ឆ្ងាយ​ៗ ដោយ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ផង និង​ដោយសារ​តែ​ខែ​នេះ​ក្ដៅ​ខ្លាំង​ផង​ដែរ​។ ដូច្នេះ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​រាជធានី​ភ្នំពេញ ខ្ញុំ​សូម​គាំទ្រ​ទាំងស្រុង​នូវ​គំនិត​ផ្ដូ​ច​ផ្ដើម​ឱ្យ​មាន​ទីតាំង​សម្រាប់​លេងល្បែង​ប្រជាប្រិយ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ​ឡើង ខណៈ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​អញ្ជើញ​មក​ចូលរួម​កម្សាន្ត​សប្បាយ​នៅ​សង្ក្រាន្ត​វត្ត​ភ្នំ​ឱ្យ​បាន​ច្រើន​កុះករ​ក្រោម​ម្លប់​សន្តិភាព​”​។

ដោយឡែក លោក ជា ខេ​មា អភិបាល​ខណ្ឌដូនពេញ បាន​គូសបញ្ជាក់​ថា សម្រាប់​អាជ្ញាធរ​ខណ្ឌ គឺ​មាន​តួនាទី​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ដែល​មក​កម្សាន្ដ​សប្បាយ​នៅ​ទីតាំង​ដែល​សាលា​រាជធានី​ភ្នំពេញ បាន​រៀបចំ​ជូន​រយៈពេល​០៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​១៦ ខែមេសា ឆ្នាំ​២០២៤ ពិសេស​នៅ​រមណីយដ្ឋាន​វត្ដ​ភ្នំ​នេះ​តែ​ម្ដង​។ កម្លាំង​ដែល​បាន​ត្រៀម​មាន​ប្រមាណ​១០០​នាក់ ក្នុង​នោះ​នៅ​វត្ដ​ភ្នំ យើង​ប្រើប្រាស់​កម្លាំង ពី​៤០​ទៅ ៥៥​នាក់ នៅ​មុខ​ព្រះ​បរមរាជវាំង​មាត់ទន្លេ ប្រមាណ​១៥​នាក់ នៅ​សួនច្បារ​វិមាន​ឯករាជ្យ ប្រមាណ​១៥​នាក់ និង​នៅ​មុខ​វត្ដ​បទុម​វ​ត្ដី​ជាង​១៥​នាក់ ដើម្បី​កុំឱ្យ​មាន​ក្មេង​ស្ទាវ ចោរលួច ចោរឆក់ និង​ក្មេង​ទំនើង បង្ក​ហានិភ័យ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មក​ធ្វើបុណ្យ​នៅ​តាម​ទីវ​ត្ដ​អារាម ក្នុង​ខណ្ឌដូនពេញ​នេះ​ផង​ដែរ​។

លោក សុខ ពេញ​វុ​ធ អភិបាលរង​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា សម្រាប់​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​សង្កាត់​ទាំង​១០៥ ក្រោម​ឱវាទ​សាលា​រាជធានី​ភ្នំពេញ ការ​រៀបចំ​ទទួល​ទេវតា និង​ទីតាំង​សង្ក្រាន្ត​ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ មិន​ខុស​ពី​ខណ្ឌដូនពេញ​ឡើយ ទាំង​ការពារ​សន្ដិសុខ សុវត្ថិភាព​សាធារណៈ ទាំង​ទីតាំង​សប្បាយ ទីវ​ត្ដ​អារាម​នានា គឺ​អាជ្ញាធរ​នីមួយ​ៗ​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង ដើម្បី​សុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​មក​ធ្វើបុណ្យ​ដោយ​សប្បាយ​រីករាយ​៕

ប្រភព៖ AKP