សកម្មភាពទូទៅនៃការរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត សម្រេចបាន៩០%ហើយ

0

សៀមរាប៖ លោក លី វណ្ណៈ នាយក​រដ្ឋបាល​ខេត្តសៀមរាប បានឱ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៤​នេះ ថា ក្រុមការងារ​នីមួយ​ៗ​នៃ​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត បាន​កំពុង​មមាញឹក​ក្នុង​ការ​រៀបចំ​ការងារ​របស់​ខ្លួន ដែល​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៤​នេះ កន្លែង​កម្សាន្ត​នីមួយ​ៗ​សម្រេច​បាន​៩០%​ហើយ​។

លោក គឿ​យ រ​ដ្ឋា តំណាង​ឱ្យ​ក្រុមការងារ​រៀបចំ​កម្មវិធី​តោះ​តោះ​លេង​ទឹក​នៃ​ស​.​ស​.​យ​.​ក បានឱ្យ​ដឹង​ថា សម្រាប់​កម្មវិធី​តំបន់​តោះ​តោះ​លេង​ទឹក ក្នុង​ចំណោម​កម្មវិធី​ជា​ច្រើន​ទៀត​នៃ​សៀមរាប​សង្ក្រាន្ដ មក​ដល់​ពេល​នេះ​កំពុង​ធ្វើ​សាកល្បង ដូច​ជា​កន្លែង​បាញ់​ទឹក និង​កន្លែង​ខ្លះ​ត្រៀម​បំពាក់​ឧបករណ៍ និង​សម្ភារ​បន្ថែម​។ កម្មវិធី​តោះ​តោះ​លេង​ទឹក​នេះ​នឹង​មានការ​លេង​ទឹក​ក្រោម​ទុយោ​ទឹក​នៅ​លើ​ថ្នល់ ប្រដាល់​ធ្លាក់ទឹក លេងល្បែង​កម្សាន្ដ​លើ​ទឹកសាប៊ូ កម្មវិធី​ដើម​ចេក​ម៉ែក្មេក ដើរ​លើ​ខ្សែពួរ​នៅ​លើ​ទឹកស្ទឹង ជិះ​កង់​លើ​ទឹកស្ទឹង ដើរ​លើ​ស្ពាន​យោល​ជាដើម​។

ជាមួយ​គ្នា​នេះ​ដែរ លោក ធិ​ម សេរី​វុ​ឌ្ឍ ប្រធាន​ស្តីទី​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានឱ្យ​ដឹង​ថា សម្រាប់​សេវាកម្ម​ស្នាក់​នៅ​ក្នុង​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត នា​ពេល​ខាង​មុខ​នេះ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១០ ផ្ទះសំណាក់ ក៏​ដូច​ជា​សណ្ឋាគារ​ខ្នាត​តូច និង​មធ្យម​ទទួល​បានការ​កក់​ច្រើន និង​មួយ​ចំនួន​បាន​ពេញ​អស់ហើយ ចំណែក​សណ្ឋាគារ​ខ្នាត​ធំ​នៅ​មាន​សេសសល់​។

លោក​ប្រធាន​ស្ដីទី​បាន​គូសបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៤ ជា​ថ្ងៃ​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត ដើម្បី​អបអរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​ក្នុង​ព្រឹត្តិការណ៍​នោះ អាជ្ញាធរ​ខេត្តសៀមរាប ក៏​ដូច​ជា​ភាគី​ពាក់ព័ន្ធ​នានា បាន​ខិតខំ​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​កម្សាន្ត​នានា ដើម្បី​ត្រៀមខ្លួន​ទទួល​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ក៏​ដូច​ជា​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​មក​កម្សាន្ត​។ រហូត​មក​ដល់​ពេល​នេះ សេវាកម្ម​ស្នាក់​នៅ​ក្នុង​ក្រុង​សៀមរាប​ទាំង​តូច​ទាំង​ធំ​មាន​ប្រមាណ​ជាង​៤០០​ទីតាំង​បាន​បើក​ដំណើរការ​ឡើង​វិញ​។

ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​ឆ្នាំ​២០២៤​នេះ ត្រូវ​បាន​រៀបចំ​ជា​លើក​ទី​៣​ហើយ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​យុវជន សាធារណជន​ខ្មែរ​ទូទៅ បាន​ចូលរួម​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​សៀមរាប​អង្គរ ជា​លក្ខណៈ​មហា​គ្រួសារ​ខ្មែរ​តែ​មួយ​។ ព្រឹត្តិការណ៍​នេះ​នឹង​ផ្តល់​ឱកាស​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្សព្វផ្សាយ​លើកតម្កើង​អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី​ដ៏​ផូរផង់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង ជូន​ភ្ញៀវ​ជាតិ អន្តរជាតិ​ស្វែង​យល់ ដើម្បី​ពង្រីក​កិត្យានុភាព​ក្នុង​តំបន់ និង​លើ​ពិភពលោក​៕

ប្រភព៖ AKP