បរិមាណនាំចូលប្លាស្ទិកចូលមកកម្ពុជា នៅត្រីមាសទី១ ឆ្នាំ២០២៤ មានការថយចុះប្រមាណ៧៥% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣

0

ភ្នំពេញ៖ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា​បរិមាណ​នាំ​ចូល​ប្លា​ស្ទិ​ក​ចូល​មក​កម្ពុជា នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២៤ មានការ​ថយ​ចុះ​ប្រមាណ​៧៥% ធៀប​នឹង​ការ​នាំ​ចូល នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ ។

លោក ខ្វៃ អាទិ​ត្យា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​លើក​ឡើង​ថា​យោង​តាម​នាយកដ្ឋាន​គ្រប់គ្រង​សំណល់​រឹង នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន បានឱ្យ​ដឹង​ថា ការ​នាំ​ចូល​ប្លា​ស្ទិ​ក​ឆ្នាំ ២០២៤ សម្រាប់​ប្រើប្រាស់​ទូទៅ មាន​ក្រុមហ៊ុន​ចំនួន​០១​ប៉ុណ្ណោះ ដែល​ទទួល​ការ​អនុញ្ញាត​ពី​ក្រសួងបរិស្ថាន និង​ធ្វើការ​នាំ​ចូល​ថង់​ប្លា​ស្ទិ​ក​ប្រើប្រាស់​ទូទៅ សរុប​បរិមាណ​ចំនួន ១២ ៣៣៦, ៣៨ គីឡូក្រាម គិត​ត្រឹម​រយៈពេល​ត្រីមាស​ទី​១ ឆ្នាំ​២០២៤​។ ដោយឡែក ការ​នាំ​ចូល​ថង់​ប្លា​ស្ទិ​ក​សម្រាប់​បម្រើ​សង្វា​ក់​ផលិតកម្ម ឃើញ​មាន​ក្រុមហ៊ុន​ចំនួន​០២ ប៉ុណ្ណោះ ទទួល​បានការ​អនុញ្ញាត – ពី​ក្រសួងបរិស្ថាន និង​ធ្វើការ​នាំ​ចូល​ថង់​ប្លា​ស្ទិ​ក​បម្រើ​សង្វា​ក់​ផលិតកម្ម សរុប​បរិមាណ​ចំនួន ៩ ១៥២, ៤៤ គីឡូក្រាម ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០២៤​នេះ​។

បើ​ប្រើ​ប​ធៀប ការ​នាំ​ចូល​ថង់​ប្លា​ស្ទិ​ក​សម្រាប់​ប្រើប្រាស់​ទូទៅ នៅ​ក្នុង​ឆ្នាំ​២០២៣ មាន​ក្រុមហ៊ុន​ចំនួន​១៧ បាន ទទួល​ការ​អនុញ្ញាត​ពី​ក្រសួងបរិស្ថាន និង​ធ្វើការ​នាំ​ចូល​ថង់​ប្លា​ស្ទិ​ក​ប្រើប្រាស់​ទូទៅ​សរុប ចំនួន ១៣១ ៣៥៦,៨៥ គីឡូក្រាម​/​ឆ្នាំ ហើយ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ ការ​នាំ​ចូល​មាន​បរិមាណ​សរុប​ចំនួន ៤៩ ២៩៧,២៩ គីឡូក្រាម​។ ការ​នាំ​ចូល​ថង់​ប្លា​ស្ទិ​ក​សម្រាប់​បម្រើ​សង្វា​ក់​ផលិតកម្ម​៖ ក្រុមហ៊ុន​ចំនួន​១៣ ទទួល​ការ​អនុញ្ញាត – ពី​ក្រសួងបរិស្ថាន និង​ធ្វើការ​នាំ​ចូល​ថង់​ប្លា​ស្ទិ​ក​សម្រាប់​បម្រើ​សង្វា​ក់​ផលិតកម្ម​សរុប​ចំនួន ១៣៥ ៣៩៦,៩៣ គីឡូក្រាម​/​ឆ្នាំ ដែល​ក្នុង​នោះ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ មានការ​នាំ​ចូល​មាន​បរិមាណ ៣៥ ៥៨០, ០៩ គីឡូក្រាម​។

អ្នកនាំពាក្យ​បាន​បន្ថែម​ថា​ដោយឡែក នៅ​ក្នុង​ឆ្នាំ​២០២៣ បរិមាណ​នាំ​ចូល​ថង់​ប្លា​ស្ទិ​ក​សម្រាប់​ការ​ប្រើប្រាស់​ទូទៅ​ច្រើន​ជាងគេ គឺ នៅ​ក្នុង​ត្រីមាស​ទី​១ ដែល​មាន​បរិមាណ ៤៩ ២៩៧, ២៩ គីឡូក្រាម​/​ត្រីមាស ដែល​ក្នុង​នោះ នៅ​ខែមករា ថង់​ប្លា​ស្ទិ​ក​ប្រើប្រាស់​ទូទៅ​បរិមាណ ចំនួន ៤៥ ៦១៤,៨០ គីឡូក្រាម​/​ខែ ត្រូវ​បាន​នាំ​ចូល​ច្រើន​ជាងគេ​ប្រចាំឆ្នាំ​។ នៅ​ក្នុង​ត្រីមាស​ទី​២ យើង​ឃើញ​ថា​ការ​នាំ​ចូល​ថង់​ប្លា​ស្ទិ​ក​ប្រើប្រាស់​ទូទៅ​មាន​បរិមាណ​ទាប ជាងគេ ដែល​មាន​ចំនួន​ត្រឹម ១០ ៨២១,៨៦ គីឡូក្រាម​/​ខែ តែ​ប៉ុណ្ណោះ ទន្ទឹម​នឹង​នេះ យើង​ឃើញ​ថា នៅ​ក្នុង អំឡុង​ខែវិច្ឆិកា និង​ធ្នូ គឺ​ពុំ​មានការ​ស្នើ​សុំ​អនុញ្ញាត​នាំ​ចូល​ថង់​ប្លា​ស្ទិ​ក​ប្រើប្រាស់​ទូទៅ​នោះ​ទេ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា​ដូច​គ្នា​ដែរ ការ​នាំ​ចូល​ថង់​ប្លា​ស្ទិ​ក​បម្រើ​សង្វា​ក់​ផលិតកម្ម នៅ​ក្នុង​ឆ្នាំ​២០២៣ បរិមាណ​នាំ​ចូល​ថង់​ប្លា​ស្ទិ​ក​បម្រើ​សង្វា​ក់​ផលិតកម្ម កើនឡើង​ខ្លាំង​ក្នុង អំឡុង ត្រីមាស​ទី​២ ដែល​មាន​បរិមាណ ៤១ ៤២៥,៨៣ គីឡូក្រាម​/​ត្រីមាស ដែល​ក្នុង​នោះ​ខែមិថុនា មានការ នាំ​ចូល​ថង់​ប្លា​ស្ទិ​ក​បម្រើ​សង្វា​ក់​ផលិតកម្ម​ចំនួន ២៨ ២៦៨,៥៧ គីឡូក្រាម​/​ខែ ដែល​មាន​បរិមាណ​ច្រើន​ជាង គេ​ប្រចាំឆ្នាំ​។ ដោយឡែក នៅ​ក្នុង​ត្រីមាស​ទី​៣ នៃ​ឆ្នាំ​២០២៣ ការ​នាំ​ចូល​ថង់​ប្លា​ស្ទិ​ក​បម្រើ​សង្វា​ក់​ផលិតកម្ម មានការ​ថយ​ចុះ និង​ទាប​ជាងគេ​ប្រចាំឆ្នាំ​ដែល​មាន​បរិមាណ​ត្រឹមតែ ២០ ៧៧០,៥៣ គីឡូក្រាម​/​ត្រីមាស តែ ប៉ុណ្ណោះ​។ ទន្ទឹម​នឹង​នេះ យើង​ឃើញ​ថា នៅ​ក្នុង​អំឡុង​ខែកុម្ភៈ និង​ខែឧសភា គឺ​មិន​មានការ​ស្នើ​សុំ​អនុញ្ញាត នាំ​ចូល​ថង់​ប្លា​ស្ទិ​ក​បម្រើ​សង្វា​ក់​ផលិតកម្ម​ឡើយ​។

ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ថ្លែង​ថា​ការ​ថយ​ចុះ​នៃ​ការ​នាំ​ចូល​ថង់​ប្លា​ស្ទិ​ក​ប្រើប្រាស់​ទូទៅ គឺជា​សញ្ញា​វិជ្ជមាន ដែល​បង្ហាញ​ថា​ការ អប់រំ​ផ្សព្វផ្សាយ តាម​រយៈ​ការ​អនុវត្ត​យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក កន្លង​មក​ទទួល​បាន​ជោគជ័យ ដែល​បាន​ផ្លាស់​ប្តូរ​ឥរិយាបថ​ប្រជាពលរដ្ឋ និង​មាន​មនុស្ស​សរុប ៧,៦​លាន​នាក់ ក្នុង​នោះ​សិស្សានុសិស្ស​គ្រប់​គ្រឹះស្ថានសិក្សា​ទូ​ទាំង​ប្រទេស បាន​ប្តេជ្ញា​ចិត្ត​មិន​ប្រើ​ប្លា​ស្ទិ​ក​យ៉ាងតិច​ចំនួន ១​ថ្ងៃ ក្នុង​១​ស​ប្តា​ហ៍​។ ដូចនេះ ការ​ថយ​ចុះ​នៃ​ការ​នាំ​ចូល​ថង់​ប្លា​ស្ទិ​ក​បម្រើ​ក្នុង​សង្វា​ក់​ផលិតកម្ម អាច​បណ្តាល​មក​ពី​ការ​ផលិត ក្នុងស្រុក ដែល​មាន​តម្រូវការ​ថង់​ប្លា​ស្ទិ​ក មានការ​ថយ​ចុះ​៕

ប្រភព៖ AKP