សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ត្រៀមកញ្ចប់ថវិកា១០០លានដុល្លារសម្រាប់អន្តរាគមន៍កសិផលមួយចំនួននៅពេលទីផ្សារប្រែប្រួល

0

តាកែវ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ បាន​ត្រៀម​កញ្ចប់​ថវិកា​១០០​លាន​ដុល្លារ​សម្រាប់​អន្តរាគមន៍​កសិផល​មួយ​ចំនួន ដើម្បី​ធានា​តម្លៃ​ឡើង​ចុះ​ទីផ្សារ​កសិកម្ម ដែល​ប្រែប្រួល​ទៅ​តាម​ទីផ្សារ​ពិភពលោក​។

ក្នុង​ពិធី​សម្ពោធ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​គិរី​សួគ៌ ស្ថិត​នៅ​ភូមិ​ឱ​ភា​សាំង ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៣​កើត ខែចេត្រ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២៤​នេះ សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ថា ផលិត​កសិកម្ម​មានការ​ឡើង​ចុះ​ដែល​ធ្វើ​ឱ្យ​មានការ​ពិបាក​ដល់​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​កសិកម្ម​។ ប៉ុន្តែ​នេះ​ជា​វិញ្ញាសា​មួយ​ដែល រាជរដ្ឋាភិបាល មាន​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ជា​សេនាធិការ បាន​ខិតខំ​ធ្វើ​យ៉ាងណា​ធានា​ឱ្យ​អស់​លទ្ធភាព​ជួយ​រក្សា​លំនឹង​ទីផ្សារ​ឱ្យ​មាន​តម្លៃ​ថេរ​។

ទន្ទឹម​នេះ សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​អរគុណ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​គិរី​សួគ៌ និង​ក្រុមហ៊ុន​កសិដ្ឋាន​ផ្សេង​ទៀត​ដែល​បាន​ចូល​មក​ក្នុង​ទីផ្សារ​កម្ពុជា​ជួយ​ល​ផលិត​ទឹកដោះ​ផ្គត់ផ្គង់​ទីផ្សារ​កម្ពុជា​។

សូម​ជម្រាប​ជូន​ថា គិរី​សួគ៌ (Kirisu) គឺជា​កសិដ្ឋាន​របស់​ក្រុមហ៊ុន ខ្មែរ ហ្វ្រេ​សមី​ល និង​ជា​កសិដ្ឋាន​ខ្នាត​ធំ​ដំបូង​គេ​នៅ​កម្ពុជា ដែល​មាន​ច្រវាក់​ផលិតកម្ម​ទំនើប​បំផុត និង​មាន​សមត្ថភាព​ផលិត​ទឹកដោះគោ​សុទ្ធ​ស្រស់ ប្រកបដោយ​គុណភាព​ខ្ពស់ បាន​ចាប់ផ្តើម​ដំណើរ​កសិក​ដ្ឋា​ន​នៅ​ចុងឆ្នាំ​២០២០៕

ប្រភព៖ AKP