សម្តេចធិបតី បញ្ជាក់ពីយន្តការដោះស្រាយប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញ ដោយមានស្ថាប័ន៣ នឹងចូលរួមការងារនេះជាមួយគ្នា

0

ភ្នំពេញ​៖ ថ្លែង​នៅ​ក្នុង​ពិធី​បិទ “​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់ ក្រសួង​ធនធានទឹក និង​ឧតុនិយម គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​អាជ្ញាធរ​ទន្លេសាប ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​ប្រចាំឆ្នាំ​២០២៣ និង​លើក​ទិស​ដៅ​អនុវត្ត​ឆ្នាំ​២០២៤” កាលពី​រសៀល​ថ្ងៃ​ពុធ ទី​១០ ខែមេសា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​ឡើង​ទាក់ទង​អំពី​ផែនការ​ដោះស្រាយ​បញ្ហា​ទឹក​លិច នៅ​តាម​បណ្តា​ទីប្រជុំជន​ធំ​ៗ និង​ក្នុង​រាជធានី​ភ្នំពេញ ដែល​មានការ​ពាក់ព័ន្ធ​នឹង ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​។

ដោយ​ក្នុង​នោះ សម្តេច​ធិ​បតី បាន​ជម្រាប​ដល់​អង្គសន្និបាត​ថា សម្តេច បាន​អនុម័ត​លើ​គម្រោង​មួយ​ចំនួន ក្នុង​ទំហំ​ថវិកា​ជាង ៣០០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ផ្តោត​លើ ពីរ​មុខព្រួញ​សំខាន់​ៗ គឺ (​ទី​១)​ការ​បញ្ចៀស​ទឹក​កុំឱ្យ​បុក​មក​រាជធានី​ភ្នំពេញ និង (​ទី​២) ការ​ដោះស្រាយ​ប្រព័ន្ធ​រំដោះ​ទឹក​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មាន​ស្រាប់​។

ចំពោះ​ការ​ដោះស្រាយ​ប្រព័ន្ធ​រំដោះ​ទឹក​ក្នុង​រាជធានី​ដែល​មាន​ស្រាប់​នេះ សម្តេច​ធិ​បតី ក៏​បាន​គូសបញ្ជាក់​អំពី​ស្ថាប័ន​ទទួលខុសត្រូវ ដែល​ក្នុង​នោះ​រួម​មាន ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ និង​សាលា​រាជធានី​ភ្នំពេញ ផង​ដែរ​។ សម្តេច បាន​បន្ថែម​ថា កិច្ចការ​ទាំងនេះ​គឺ​ផ្តោត​ទៅ​លើ (១)​ការ​រៀបចំ​កាយ​ប្រឡាយ​រំដោះ​ទឹក (២)​ការ​រៀបចំ​ស្តារ​ប្រព័ន្ធ​លូ (​ស្ថាបនា​លូ​ថ្មី និង​លើក​កម្រិត​លូ​ចាស់​ៗ ដែល​មាន​ទំហំ​តូច​) និង (៣)​ការ​រៀបចំ​បន្ថែម​ស្ថានីយ​បូមទឹក និង​បង្កើន​សមត្ថភាព​ស្ថានីយ​បូមទឹក នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន ផែនការ​នេះ​កំពុង​ចាប់ផ្តើម​ជា​បណ្តើរ​ៗ ហើយ​កំពុង​តែ​សិក្សា​លើ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន