ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ការគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងការរាយការណ៍ព័ត៌មានដែលត្រឹមត្រូវ ពិតប្រាកដ គឺដើម្បីចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គម។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្ដ្រីបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានដែលកំពុងអនុវត្តន៍ការងារក្នុងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្តស្វាយរៀង ដោយមានអញ្ជើញចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន អង្គភាព ជាមួយអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយព័ត៌មានពិតជូនដល់ប្រជាពលរដ្ឋ ហើយនៅក្នុងបរិបទនៃប្រព័ន្ធផ្សព្វផ្សាយទំនើប មានល្បឿនលឿនក្នុងការផ្សាយព័ត៌មាននេះ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើដល់អ្នកសារព័ត៌មានទាំងអស់មុននឹងធ្វើការផ្សព្វផ្សាយ ត្រូវធ្វើការផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់ ស្រាវជ្រាវព័ត៌មានឱ្យគ្រប់ជ្រុងជ្រោយ ក្តាប់ឱ្យជាប់នូវព័ត៌មាន ដើម្បីផ្សព្វផ្សាយទៅ ត្រូវតែជាព័ត៌មានពិត មិនមែនជាព័ត៌មានក្លែងក្លាយ មិនមែនជាព័ត៌មានប្រឌិត ដែលនាំឱ្យសាធារណជនមានការភាន់ច្រឡំ។ ឯកឧត្ដមរដ្ឋមន្ដ្រីបានថ្លែងថា ប្រព័ន្ធផ្សព្វផ្សាយទំនើបនេះ មានល្បឿនលឿន បើសិនការផ្សព្វផ្សាយមិនត្រឹមត្រូវ ផ្សាយមិនបានផ្ទៀងផ្ទាត់បានល្អនោះទេ នឹងធ្វើឱ្យប្រជាពលរដ្ឋ ដែលជាអ្នកទទួលព័ត៌មាន ប្រាកដជាពុលព័ត៌មាន ហើយព័ត៌មានមិនត្រឹមត្រូវ នាំឱ្យមានការគិតខុស សម្រេចចិត្តខុស និងវាយតម្លៃខុស ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា អ្នកសារព័ត៌មាន មិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ មិនអាចទៅចាប់គេបាននោះទេ ហើយអ្នកសារព័ត៌មាន មិនមែនជាតុលាការ ដែលត្រូវកាត់ក្តីគេឱ្យខុស ឬត្រូវនោះទេ អ្នកសារព័ត៌មានមិនមានអធិបញ្ជា អាចបញ្ជាអ្នកនេះ អ្នកនោះបានទេ។ អ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីកន្លែងមួយទៅកន្លែងមួយ ប្រកបដោយប្រភពច្បាស់លាស់ បើសិនជាអ្នកសារព័ត៌មាន គ្មានប្រភពទេ គឺពិបាកសរសេរណាស់ មិនអាចសរសេរគ្រាន់តែឮគេថាបាននោះទេ ។ ឯកឧត្ដមបានថ្លែងបន្ថែមថា ដូច្នេះហើយទាមទារឱ្យអ្នកសារព័ត៌មានទាំងអស់ត្រូវអនុវត្តន៍កិច្ចការងារដោយគោរពក្រមសីលធម៌វិជ្ជាវៈ ដើម្បីពង្រឹងប្រសិទ្ធភាព និងគុណភាពការងារ ធ្វើឱ្យមានការទទួលស្គាល់ ឱ្យតម្លៃពីសាធារណជន ហើយក៏ដើម្បីភាពរស់រានរបស់ប្រព័ន្ធផ្សព្វផ្សាយផងដែរ ។
ឯកឧត្តម នេត្រ ភក្ត្រា ក៏បានថ្លែងការកោតសរសើរចំពោះអាជ្ញាធរខេត្ត និងអ្នកសារព័ត៌មានក្នុងខេត្តស្វាយរៀង ដែលបានរួមសហការគ្នាក្នុងការផ្សព្វផ្សាយព័ត៌មានពិត។ ឯកឧត្តម បានស្នើដល់អ្នកសារព័ត៌មានមួយចំនួនតូច ដែលមានការប្រើប្រាស់ភាសាអសុរស ជេរប្រមាថដល់មន្ត្រីរាជការសាធារណៈ ប៉ះពាល់ដល់សិទ្ធិបុគ្គល ការបរិហារកេរ្តិ៍ សូមចៀសវាងលុបបំបាត់ការបំពាន ព្រោះអ្វីដែលអ្នកសារព័ត៌មានមួយចំនួនកំពុងប្រព្រឹត្ត គឺបានប្រាស់ចាកក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ដែលអាចឈានទៅការប្រឈមមុខចំពោះការអនុវត្តច្បាប់ ឬការអនុវត្តវិធានការរដ្ឋបាល នៅចំពោះមុខក្រសួងព័ត៌មាន ។
ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកទឹកចិត្តដល់អ្នកសារព័ត៌មាន មកធ្វើការចុះបញ្ជីឱ្យបានត្រឹមត្រូវ ហើយការចេញបណ្ណសារព័ត៌មាន នឹងមានភ្ជាប់ QR Code ដើម្បីប្រតិបត្តិការការងារជាអ្នកសារព័ត៌មាន ស្របតាមផ្លូវច្បាប់ ហើយក្រសួងព័ត៌មាន ផ្តល់នូវមេធាវីជួយការពារដល់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈបានត្រឹមត្រូវតាមផ្លូវច្បាប់ និងស្របតាមក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានថ្លែងអំណរគុណចំពោះបងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលកន្លងមកនេះ បានជួយផ្សព្វផ្សាយព័ត៌មានអំពីវឌ្ឍនភាពនៃការអភិវឌ្ឍខេត្ត ព្រមទាំងសកម្មភាពការងាររបស់មន្ត្រីរាជការ ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្ត ដែលកំពុងបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យប្រជាពលរដ្ឋទូទៅបានដឹង ដោយរួមគ្នាជួយរិះគន់ ក្នុងន័យស្ថាបនា ដើម្បីចូលរួមក្នុងការកសាង និងអភិវឌ្ឍន៍ខេត្ត ឱ្យកាន់តែមានការរីកចម្រើន។ ឯកឧត្តមអភិបាលខេត្តបានសំណូមពរដល់បងប្អូនសារព័ត៌មាន មុននឹងចុះផ្សព្វផ្សាយព័ត៌មានអ្វីមួយ សូមធ្វើការទំនាក់ទំនងមកអ្នកនាំពាក្យរដ្ឋបាលខេត្ត ឬទំនាក់ទំនងជាមួយមន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចដែលមានការពាក់ព័ន្ធ ដើម្បីបានព័ត៌មានកាន់តែច្បាស់យកទៅធ្វើការផ្សព្វផ្សាយឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ៕
ប្រភព៖ AKP