ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កម្ពុជាត្រូវការ អ្នកវិនិយោគវៀតណាម មកវិនិ យោគនៅប្រទេសកម្ពុជាបានច្រើនបន្ថែមទៀត ពិសេសនៅ រាជធានីភ្នំពេញ ដើម្បីឱ្យសេដ្ឋកិច្ចនៃប្រទេសទាំង២មានភាពរីកចម្រើន។
នេះជាការលើកឡើង របស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈ ឯកឧត្ដម និងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ទទួលជួបសំណេះ សំណាលជាមួយ ឯកឧត្ដម ម៉ាយ វាំង ហ្វិញ (MAI VAN HUYNH) ប្រធានក្រុម ប្រឹក្សាប្រជាជនខេត្ត គៀនយ៉ាង ចូលជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ វៀតណាមបានជួយរំដោះប្រទេស កម្ពុជាឱ្យចេញពីប៉ុលពត ហើយបច្ចុប្បន្ននេះ កម្ពុជាមានការអភិវឌ្ឍរីកចម្រើនរុងរឿង ចំណែក ប្រទេសវៀតណាមក៏មានមានសេដ្ឋកិច្ចប្រសើរឡើងផងដែរ។ កម្ពុជានិងវៀតណាម មានសាមគ្គី ភាពគ្នារឹងមាំ ទោះក្នុងដំណាក់កាលណាក៏ដោយ ក៏នៅតែរួមសុខរួមទុក្ខជា មួយគ្នារហូត។ ខេត្តគៀនយ៉ាង បានចងសម្ព័ន្ធភាព សម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ។ ការចងសម្ព័ន្ធមេត្រីភាពនេះ យើងបានពួនជ្រុំសាមគ្គីភាពរវាងទីក្រុងទាំងពីរកាន់តែ មានភាពរឹងមាំ។ ជាធម្មតាប្រទេសទាំងពីរកម្ពុជាវៀតណាមឱ្យ តែមានពិធីបុណ្យចូល ឆ្នាំថ្មីម្តងៗតែងតែចាត់ប្រតិភូឱ្យមកជូនពរគ្នាទៅវិញទៅមក មិនដែលខកខានឡើយ។ នេះពិតជាបង្ហាញឱ្យ ឃើញពីទំនាក់ទំនងល្អនិងរឹងមាំរវាងប្រទេសទាំងពីរ។ យើងនឹងបន្ត សាមគ្គីភាពរវាងប្រទេសទាំងពីរឱ្យកាន់តែគង់វង្ស រឹងមាំបន្ថែមទៀត ជាមួយនឹងការបន្ត ផ្សព្វផ្សាយឱ្យយុវជនជំនន់ ក្រោយបានដឹងនិងបន្តទំនាក់ទំនងជាប្រពៃណីល្អនេះបន្ត ទៅថ្ងៃអនាគត ដ៏យូរអង្វែងទៀត។
ឯកឧត្ដម ឃួង ស្រេង បានបន្តថា តាមគោលនយោបាយ រាជរដ្ឋាភិបាលដឹកនាំ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃកម្ពុជាគឺបន្តពួនជ្រុំ មិត្តភាព រឹតចំណងសាមគ្គីភាពជាមួយវៀតណាមអោយកាន់តែរឹងមាំនិងយូរអង្វែង ដើម្បីប្រយោជន៍ នៃប្រជាជនទាំង២ កម្ពុជា-វៀតណាម។ ទន្ទឹមនឹងនេះ កម្ពុជាពិតជាត្រូវការអ្នក វិនិយោគវៀតណាម មកវិនិយោគនៅប្រទេសកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ពិសេស នៅរាជធានីភ្នំពេញ។
ឯកឧត្ដម ម៉ាយ វាំង ហ្វិញ បានមានប្រសាសន៍ថា ការជួបសំណេះសំណាលនៅ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ គឺដើម្បីបង្ហាញពីការពិការរឹតចំណងសាមគ្គីភាព រវាងប្រទេសទាំង២ឱ្យកាន់តែរឹងមាំនិងខ្លាំងក្លាបន្ថែមទៀត ពិសេសរាជធានីភ្នំពេញ និងទីក្រុងគៀងយ៉ាង។ ជារៀងរាល់ឆ្នាំឱ្យតែមានពិធីបុណ្យចូលឆ្នាំថ្មីគឺ ប្រទេសទាំងពីរតែងចាត់ឱ្យប្រតិភូ ចុះសួរសុខទុក្ខនិងជូនពរគ្នាទៅវិញទៅមកជារៀងរាល់ឆ្នាំ។
ឯកឧត្ដម ម៉ាយ វាំង ហ្វិញ បន្តថា រាជធានីភ្នំពេញ ក្នុងប៉ុន្មានឆ្នាំក្រោយចុងក្រោយនេះ ពិតជាមានការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសប្រទេសកម្ពុជា មានផ្លូវល្បឿន លឿន ដែលនេះពិតជាបង្ហាញឱ្យ ឃើញពីការដឹកនាំដ៏ល្អរបស់សម្ដេចហ៊ុនសែន អតីតនាយក រដ្ឋមន្ត្រីកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបាន និងកំពុង អភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យរីកចម្រើនរុងរឿងបន្ថែមទៀត៕
ប្រភព៖ AKP