សម្ដេធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យក្រសួងធនធានទឹកសហការជាមួយស្ថាប័នពាក់ព័ន្ធ បន្តទប់ស្កាត់ ការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់បីនិងជុំវិញបឹងទន្លេសាប

0

ភ្នំពេញ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្នើ​ឱ្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ត្រូវ​បន្ត​អនុវត្ត​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន ដោយ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​និង​អាជ្ញាធរ​មូលដ្ឋាន​រាជធានី​ខេត្ត ដើម្បី​បន្ត​ទប់ស្កាត់ ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​បី​និង​ជុំវិញ​បឹង​ទន្លេសាប​។

ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី “ បិទ​សន្និបាត​បូក​សរុប​ការងារ ក្រសួង​ធនធានទឹក និង​ឧតុនិយម គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​អាជ្ញាធរ​ទន្លេសាប ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស​ប្រចាំឆ្នាំ​២០២៣​និង​លើក​ទិស​ដៅ​អនុវត្ត​ឆ្នាំ​២០២៤ ”​នា​រសៀល​នេះ ថ្ងៃ​ពុធ ២ កើត ខែចេត្រ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​១០ មេ​សា ២០២៤ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​បញ្ចប់​ការ​ធ្វើ​បច្ចុប្បន្នភាព​ផែនទី តំបន់​១​តំបន់​២ និង​តំបន់​៣​នៃ​តំបន់​ទន្លេសាប និង​បោះបង្គោល​ព្រំ ព្រមទាំង​ទប់ស្កាត់​រាល់​ការ​ទន្ទ្រាន កាន់កាប់​ដី អាង​ស្តុក​ទឹក ដី​ព្រៃ​លិច​ទឹក ការ​ចាក់​ដី​និង​ថ្ម​ចូល​ក្នុង​ទន្លេ ស្ទឹង អូរ បឹងបួ នៅ​ទូ​ទាំង​ប្រទេស​។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​៣០​ខែមករា ឆ្នាំ​២០២៤​កន្លង​ទៅ នៅ​ក្នុង​ឱកាស​បិទ​សន្និបាត​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​ដាក់​ចេញ​គោលការណ៍​ឱ្យ​រៀបចំ​ដើម្បី​ធ្វើ​ការងារ​ក្នុង​ការ​គ្រប់គ្រង​តំបន់​បឹង​ទន្លេសាប​ដែល​ធ្លាប់​មាន​បញ្ហា​មុន​បោះ​ឆ្នោត និង​ក្រោយ​បោះ​ឆ្នោត​។​នៅ​ពេល​នេះ សម្ដេច​ធិ​បតី បាន​ក្រើនរម្លឹក​ឱ្យ ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចាប់ផ្ដើម​បន្តសកម្មភាព​ឡើង​វិញ​ដើម្បី​ទប់ស្កាត់​បញ្ហា​នានា​ឱ្យ​មាន​ប្រសិទ្ធភាព​៕

ប្រភព៖ ក្រសួងព័ត៌មាន