វិនិយោគិនប្រមាណ ៧០ក្រុមហ៊ុន ចូលរួមវេទិកាធុរកិច្ចភាពជាដៃគូកម្ពុជា និងក្វាងដុង-ហុងកុង-ម៉ាកាវ នៅរាជធានីភ្នំពេញ

0

ភ្នំពេញ៖ វិនិយោគិន​ប្រមាណ ៧០​ក្រុមហ៊ុន​ផ្សេង​ៗ​គ្នា បាន​ចូលរួម​វេទិកា​ធុរកិច្ច​ភាព​ជា​ដៃគូ​កម្ពុជា និង​ក្វា​ង​ដុ​ង​-​ហុងកុង​-​ម៉ា​កាវ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ឈ្វេងយល់​អំពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។

ឯកឧត្តម ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នា​ល្ងាច​ថ្ងៃ​អង្គារ ទី​៩ ខែមេសា ឆ្នាំ​២០២៤​នេះ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​វេទិកា​ធុរកិច្ច​ភាព​ជា​ដៃគូ​កម្ពុជា និង​ក្វា​ង​ដុ​ង​-​ហុងកុង​-​ម៉ា​កាវ ដែល​មាន​វិនិយោគិន​ប្រមាណ ៧០​ក្រុមហ៊ុន​ផ្សេង​ៗ​គ្នា​ចូលរួម​។ កម្មវិធី​នេះ ក៏​មានការ​ចូលរួម​ផង​ដែរ​ពី ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។

វេទិកា​ធុរកិច្ច​នា​ឱកាស​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សភាពាណិជ្ជកម្ម​ចិន រួម​សហការ​ជាមួយ​សហភាព​សហគ្រិន​តំបន់​ឈូង​សមុទ្រ​ពិសេស ក្វា​ង​ទុង​-​ហុងកុង​-​ម៉ា​កាវ (GBA) ប្រារ​ព្វ​ឡើង​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​បញ្ជ្រាប​ផ្សព្វផ្សាយ​សក្ដានុពល​របស់​ប្រទេស​កម្ពុជា​ទៅ​វិនិយោគិន​ប្រមាណ ៧០​ក្រុមហ៊ុន​ផ្សេង​ៗ​គ្នា លើ​វិស័យ​ជា​ច្រើន​។

ក្នុង​វេទិកា​ធុរកិច្ច​ភាព​ជា​ដៃគូ​កម្ពុជា និង​ក្វា​ង​ដុ​ង​-​ហុងកុង​-​ម៉ា​កាវ នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី ផ្ដល់​ស​ន្ទ​រក​ថា​គន្លឹះ​អំពី​សក្ដានុពល​កម្ពុជា​សម្រាប់​ការ​វិនិយោគ និង​បើកឱកាស​ជូន​វិនិយោគិន​អាច​សាកសួរ​ដោយ​ផ្ទាល់​នូវ​សំណួរ​នានា​អំពី​ការ​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​។

នា​ឱកាស​ថ្លែង​សុន្ទរកថា​គន្លឹះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​អំពី​ហេតុផល​ជា​ច្រើន ដែល​វិនិយោគិន​គួរ​ជ្រើស​យក​កម្ពុជា សម្រាប់​ការ​បណ្ដាក់ទុន​របស់​ខ្លួន ដោយ​ផ្ដើម​ចេញពី​កត្តា​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ កំណើនសេដ្ឋកិច្ច ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​, ច្បាប់​វិនិយោគ​ដែល​មាន​ភាព​បើកចំហរ​ជូន​វិនិយោគិន​, វេទិកា​រដ្ឋាភិបាល​និង​ផ្នែក​ឯកជន​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​វិនិយោគិន​, ស្ថានភាព​ទីផ្សារ​របស់​កម្ពុជា​ដែល​ភ្ជាប់​ទៅ​កាន់​ពិភពលោក​តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជា​ច្រើន​រួម​មាន អាស៊ាន (AFTA) កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​(RCEP) និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ជាដើម​៕

ប្រភព៖ AKP