សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់គ្រួសារណាដែលមានលទ្ធភាព និងធនធានគ្រប់គ្រាន់គួរបន្ដយកកូនបន្ថែមទៀត

0

ភ្នំពេញ៖ ដើម្បី​ទប់ស្កាត់​កង្វះ​កម្លាំង​ពលកម្ម​មនុស្ស​ពេញវ័យ​នៅ​ក្នុង​ប្រទេស ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើកទឹកចិត្ត​ដល់​គ្រួសារ​ណា​ដែល​មាន​លទ្ធភាព និង​ធនធាន​គ្រប់គ្រាន់ គួរ​បន្ដ​យក​កូន​បន្ថែម​ទៀត​។

ក្នុង​ពិធី​បិទ​សន្និបាត បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិស​ដៅ​អនុវត្ត​ការងារ ឆ្នាំ​២០២៤ របស់​ក្រសួងផែនការ នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២៤ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា យោង​តាម​របាយការណ៍ និង​ការ​ព្យាករណ៍​តាម​រយៈ​ក្រសួងផែនការ​បានឱ្យ​ដឹង​ថា ទៅ​ថ្ងៃ​ខាង​មុខ អា​ត្រា​ប្រជាជន​វ័យ​ជំទង់ ទាប​ជាង​វ័យ​ជរា ឬ​មនុស្ស​ចាស់ ដែល​កត្តា​នេះ​អាច​នឹង​ធ្វើ​ឱ្យ​កម្ពុជា ជួប​ផល​ប៉ះពាល់​ដល់​អា​ត្រា​កង្វះខាត​ធនធាន​កម្លាំង​ពលកម្ម មនុស្ស​ពេញវ័យ​។ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​ក៏​សូម​លើកទឹកចិត្ត​ដល់​គូ​ស្វាមីភរិយា ដែល​មាន​លទ្ធភាព​សេដ្ឋកិច្ច គួរ​មានកូន​ច្រើន ដើម្បី​ចៀសវាង​បញ្ហា​កង្វះ​ពលកម្ម​» ។

ជាមួយ​គ្នា​នេះ សម្តេច​ធិ​បតី​បាន​គូសបញ្ជាក់​ថា​៖ «​នៅ​ក្នុង​ឆ្នាំ​២០៥០ ហើយ​ចាប់ផ្តើម​ជា​បណ្តើរ​ៗ​យើង​ឃើញ​ថា មានការ​ថយ​ចុះ អីចឹង​ជា​ថ្មី​ម្តងទៀត ទោះបីជា​ការ​ព្យាករណ៍ ផ្អែក​ទៅ​លើ​ទិន្ន័យ​នៃ​ការ​ជំរឿន​នេះ គិត​ថា យើង​មិន​ទាន់​មាន​ជា​បញ្ហា​ចោទ នៅ​ឆ្នាំ​២០៥០ ប៉ុន្តែ​យើង​ឃើញ​សញ្ញា​នៃ​ការ​ថយ​ចុះ គម្លាត​រវាង អ្នក​ដែល​មាន​អាយុ​ចាស់ លើស​កម្លាំង កណ្តាល​នៃ​អ្នក​ដែល​ពេញកម្លាំង​នេះ គឺ​ចាប់ផ្តើម​កើន ហើយ​ប្រសិនបើ​អា​ត្រា​នៃ​កំណើត​កាន់តែ​ថយ​ទៀត យើង​អាច​មា ន​បញ្ហា​ប្រឈម​»​។​សម្តេច​ធិ​បតី​ក៏​បាន​ក្រើនរម្លឹក​ឱ្យ​ប្រជាពលរដ្ឋ គួរ​យក​កូន​បន្ថែម​នា​អំឡុង​ពេល​នេះ រហូត​មុន​ឆ្នាំ​២០៥០ ខណៈ​នៅ​ឆ្នាំ​២០៥០ អាច​ជា​ឆ្នាំ​ដែល​មានការ​ចំណាយ​ខ្ពស់ ពិបាក​ក្នុង​ការ​ផ្គត់ផ្គង់ ឬ​យក​កូន​ច្រើន ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​បន្ថែម​ថា​៖ «​មានកូន​ឥឡូវ​ស្រួល​ជាង​មានកូន​នៅ​ឆ្នាំ​២០៥០ ដល់​២០៥០ ការ​ចិញ្ចឹម​កូន​តម្លៃ​នៃ​ការ​ចិញ្ចឹម​កូន និង​ការ​ធានា​ចិញ្ចឹម​កូន គឺ​ខុស​ពី​ឥឡូវ ទាំង​ផ្នត់គំនិត​របស់​ប្រជាជន​ផង​»៕

ប្រភព៖ AKP