សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅក្រោយឆ្នាំ២០៥០កម្ពុជាមិនមានបញ្ហាកង្វះកម្លាំងពលកម្មធំដុំប៉ុន្មានទេ។ ការបង្ហាញការយល់ឃើញនេះ ដោយសម្ដេចធិបតី ផ្អែកលើតួលេខលទ្ធផលជំរឿនទូទៅប្រជាជនឆ្នាំ២០១៩កន្លងទៅ។
ក្នុងឱកាសអញ្ជើញជាអធិបតី “ បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ ”នាព្រឹកថ្ងៃអង្គារ ១ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ មេសា ២០២៤ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅឆ្នាំ២០៥០ កម្ពុជាមានប្រជាជននៅក្រោម១៥ឆ្នាំប្រហែលជា ១៥,៥ភាគរយ ប្រជាជនអាយុចាប់ពី១៥ដល់៦៤ឆ្នាំមានប្រមាណ៦៧,៥ភាគរយ និងប្រជាជនអាយុ៦៥ឆ្នាំឡើងមានប្រមាណជា១៧,១ភាគរយ។
នៅក្នុងន័យនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី អះអាងថា «នៅឆ្នាំ២០៥០កម្ពុជានឹងមានប្រជាជនក្នុងវ័យធ្វើការច្រើន ប៉ុន្តែប្រជាជនដែលវ័យចាស់ចាប់ផ្ដើមមានចំនួនច្រើនជាងក្មេងៗបណ្ដើរហើយ ផលធៀបនៅក្នុងបន្ទុកសេដ្ឋកិច្ចចំនួន៤៨នាក់ក្នុងចំណោមកម្លាំងពលកម្ម១០០នាក់ ដែលបង្ហាញថា កម្ពុជាមានបន្ទុកសេដ្ឋកិច្ចស្រាល ដូច្នេះយើងអាចនិយាយបានថា បញ្ហាកង្វះពលកម្មនៅក្រោយឆ្នាំ២០៥០នៅមិនជាបញ្ហាចោទធំប៉ុន្មានទេ ប៉ុន្តែអ្វីដែល ត្រូវយកចិត្តទុកដាក់គឺការពង្រឹងសមត្ថភាពជំនាញដល់យុវជនដើម្បីទាញយកអត្ថប្រយោជន៍ ភាគលាភប្រជាសាស្ត្រ និងភាគលាភយេនឌ័រ ឱ្យបានជាអតិបរិមា ដូចមានបែងចែកនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១»។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់បន្ថែមថា ជាការពិតគោលនយោបាយជាតិប្រជាជនឆ្នាំ២០១៦-២០៣០ គឺឈរលើគោលការណ៍ទទួលស្គាល់និងគាំទ្រចំពោះសិទ្ធិរបស់គូស្វាមីភរិយា និងបុគ្កលទាំងអស់ឱ្យមានសិទ្ធិជាមូលដ្ឋាននៅក្នុងការសម្រេចចិត្តដោយសេរី និងទទួលខុសត្រូវលើចំនួនកូន និងការពន្យាកំណើត ហើយយើងមានលទ្ធភាពទទួលបានព័ត៌មានការអប់រំសេវាមធ្យោបាយដើម្បីធ្វើការសម្រេចចិត្ត។ ទោះជាយ៉ាងនេះក្ដីសម្ដេចធិបតីនាយករដ្ឋមន្ត្រី លើកទឹកចិត្តដល់គូស្វាមីភរិយាដែលមានលទ្ធភាពសេដ្ឋកិច្ចគួរមានកូនច្រើនលើសពីចំនួនកំណត់ដើម្បីជៀសវាងហានិភ័យកង្វះកម្លាំងពលកម្ម៕
ប្រភព៖ AKP