សៀមរាប៖ ឈានចូលរដូវក្តៅ និងកៀកចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបង្កើននិងមមាញឹកក្នុងការរៀបចំកៅអីឈើវែងៗ នៅក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ នៅតាមបរិវេណប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ ។
លោក ប៊ូ ផានេត ប្រធានក្រុមការងាររៀបចំកៅអីឈើនេះ បានឱ្យដឹងនៅរសៀលថ្ងៃ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ថា ដោយសារកំណើនភ្ញៀវទេសចរ ចូលចិត្តអង្គុយសម្រាកក្រោមម្លប់ឈើ កំឡុងពេលទស្សនាប្រាសាទ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសនៅក្នុងរដូវក្តៅនេះផង ទើបអាជ្ញាធរជាតិអប្សរា បានរៀបចំកៅអីឈើបន្ថែម ក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ នៅតាមបរិវេណប្រាសាទនានា ក្នុងគោលបំណងជួយសម្រួលឱ្យភ្ញៀវទេសចរ ដែលដើរចេញ ឬចូលទស្សនា អាចអង្គុយសម្រាកពីការនឿយហត់បាន ។
លោក ប៊ូ ផានេត បានឱ្យដឹងទៀតថា ភ្ញៀវទេសចរអាចអង្គុយគយគន់ទេសភាពប្រាសាទ នៅក្រោមម្លប់ឈើ ពិសេសជួយសម្រួលដល់ភ្ញៀវទេសចរដែលមានវ័យចំណាស់ ។ មានកន្លែងអង្គុយសម្រាកនៅពេលរដូវក្ដៅ អាចកាត់បន្ថយជំងឺខ្យល់គរ និងជំងឺផ្លូវដង្ហើម ហើយក៏ជួយកាត់បន្ថយការឈប់សម្រាកនៅក្នុងប្រាសាទ ដែលនាំឱ្យកកស្ទះ ឬអង្គុយលើថ្មជាដើម ។ ជាពិសេសនៅពេលចូលឆ្នាំខ្មែរខាងមុខនេះ នឹងមានភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេសជាច្រើន មានកន្លែងអង្គុយសម្រាក សម្រាប់ភ្ញៀវទេសចរចូលទស្សនាប្រាសាទ នៅក្នុងរមណីយដ្ឋានអង្គរ ៕
ប្រភព៖ AKP