ទីក្រុងហ្លួងព្រះបាង ប្រទេសលាវ បានចេញលិខិតព្រមានបន្ទាន់ ហាមប្រជាពលរដ្ឋចុះលេងទឹក និងហូបត្រីក្នុងទន្លេខាន និងទន្លេមេគង្គ ដោយសារមានជាតិពុល បន្ទាប់ពីរថយន្តដឹកទំនិញផ្ទុកអាស៊ីតស៊ុលហ្វួរីក ដែលដឹកទៅប្រើនៅអណ្តូងរ៉ែមួយក្នុងខេត្តឈៀងគួង ប្រទេសចិន បានក្រឡាប់ បណ្តាលឲ្យហូរចូលទៅក្នុងទន្លេសំខាន់ៗចំនួន ២ ។
កាលពីថ្ងៃទី ៤ ខែមេសា ការិយាល័យរដ្ឋបាលក្រុងហ្លួងព្រះបាង បានចេញលិខិតជូនដំណឹងបន្ទាន់មួយ ហាមប្រជាជននៅគ្រប់តំបន់ក្នុងក្រុងហ្លួងព្រះបាង មិនឲ្យងូតទឹកតាមដងទន្លេខាន និងទន្លេមេគង្គ ហើយហាមដាច់ខាតមិនឲ្យយកត្រីងាប់អណ្តែតមកបរិភោគ ឬលក់បន្ត ។
ចំពោះសារធាតុគីមីដែលផ្ទុកក្នុងរថយន្តនោះ គឺជាអាស៊ីតស៊ុលហ្វួរីក (Sulfuric Acid) ដែលមានរូបមន្តគីមី H2SO4 របស់ក្រុមហ៊ុន Lao Xin’an ។
ហ្លួងព្រះបាង ជិតមានពិធីបុណ្យចូលឆ្នាំឡាវ ឬបុណ្យសង្ក្រាន្ត នេះជាព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងទីក្រុងក្នុងរយៈពេលប្រហែលមួយសប្តាហ៍។ នៅក្នុងព្រឹត្តិការណ៍នេះមានសកម្មភាពជាច្រើនដែលពាក់ព័ន្ធនឹងការប្រើប្រាស់ទឹកយ៉ាងច្រើន។ ការលេចធ្លាយសារធាតុពុលចូលទន្លេខាន និងទន្លេមេគង្គ ដែលជាប្រភពទឹកសំខាន់សម្រាប់ហ្លួងព្រះបាង ប្រសិនបើនៅតែមិនអាចរកវិធីដោះស្រាយបានទាន់ពេល វាអាចប៉ះពាល់ដល់ព្រឹត្តិការណ៍ប្រពៃណីនាពេលខាងមុខ ៕
ប្រភព៖ AKP