ព័ត៌មានបឋមពី MRC បានលើកឡើងថាគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរឡាវថា ទឹកទន្លេណាមខាន់ និងទន្លេមេគង្គ មិនរងប៉ះពាល់ពីការក្រឡាប់រថយន្តដឹកសារធាតុគីមីនៅឡាវទេ។
នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៤ អគ្គលេខាធិការគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា (MRC) បានជូនដំណឹងថា ៖ ស្ទឹង ណាមខាន់ (Nam Khan) ជាដៃនៃទន្លេមេគង្គ ហូរចាក់ចូលទន្លេមេគង្គ ត្រង់ចំណុចទីក្រុងលួងប្រាបាង ហើយមានចំងាយពីព្រំប្រទល់កម្ពុជា-ឡាវ ដល់ទីនោះ ប្រមាណ 1,370 Km, ខាងលើក្រុងប៉ាក់សេ ប្រមាណ 1,220 Km និងខាងលើរដ្ឋធានីវៀងច័ន្ទ ប្រមាណ 500 km។ នៅខាងក្រោមទីក្រុងលួងប្រាបាង ចំងាយប្រមាណ 120 Km មានទំនប់វារីអគ្គិសនី សាយាបូរី នៅលើដងទន្លេមេគង្គ។
សូមបញ្ជាក់ថា មានឧប្បទ្ទវហេតុក្រឡាប់រថយន្តដឹកសារធាតុគីមី នៅស្ទឹងណាមខាន់ ភូមិភូសាងខាំ ក្នុងខេត្តលួងប្រាបាង ប្រទេសឡាវ។ សាលាក្រុងលួងប្រាបាង បានចេញលិខិតជូនដំណឹង ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយបានជម្រាបដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានថា ការងូតទឹក ហែលទឹក ឬប្រមូលត្រីងាប់ពីស្ទឹង ណាមខាន់ និងពីទន្លេមេគង្គក្នុងទឹកដីលួងប្រាបាង មកលក់ ឬមកបរិភោគ ត្រូវបានហាមឃាត់ដាច់ខាត ដោយសារថាមានសារធាតុគីមីមួយចំនួន បានហូរចូលស្ទឹង ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្ស សត្វ និងត្រី។ អាជ្ញាធរក្រុង បានណែនាំឲ្យអាជ្ញាធរភូមិ ភូសាងខាំ ត្រូវផ្តល់ដំណឹង និងព្រមានអ្នកភូមិជាប្រចាំអំពីបញ្ហានេះ។
តាមមន្ត្រីលេខាធិការដ្ឋាន MRC (ប្រចាំនៅទីក្រុងវៀងច័ន្ទប្រទេសឡាវ) សារធាតុគីមី ដែលកំពប់នោះ គឺអាស៊ីតស៊ុលភួរិច ដែលមានបរិមាណសរុបប្រហែល ៣០តោន តែហូរចូលក្នុងទឹកមិនទាំងអស់ទេ ។ ករណីនេះ នាយកដ្ឋានបរិស្ថានឡាវ បានសហការជាមួយការិយាល័យក្រុងហ្លួង ប្រាបាង ដើម្បីអនុវត្តវិធានការត្រួតពិនិត្យដើម្បីឆ្លើយតបទៅនឹងស្ថានភាពខាងលើនេះ។
ដោយសារការចាត់វិធានការណ៍របស់អាជ្ញាធរ និងផ្នែកជំនាញពាក់ព័ន្ធរបស់ឡាវ និងយោងព័ត៌មានបឋម ដែលទទួលបានពីខាងលេខាធិការដ្ឋាន MRC ដោយផ្អែកលើលទ្ធផលនៃការចុះពិនិត្យអង្កេតជាក់ស្តែងដោយមន្ត្រីជំនាញលេខាធិការដ្ឋាន MRC និងភាគីឡាវ ការក្រឡាប់រថយន្តកំពប់អាស៊ីតស៊ុលផួរិក នៅស្ទឹងណាមខាន់ និងទន្លេមេគង្គ ពុំមានផលប៉ះពាល់មកលើទន្លេទាំងបីរឡើយ ហើយករណីនេះ លេខាធិការដ្ឋាន MRC នឹងជូនដំណឹងអំពីករណីនេះ ជាសាធារណៈនាពេលឆាប់ៗនេះ ៕