សៀមរាប៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជាគ្រោងនឹងរៀបចំកម្មវិធីជិះកង់សប្បុរសធម៌មួយ ដោយជិះកង់ពីរាជធានីភ្នំពេញទៅខេត្តសៀមរាប ដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងដើម្បីអបអរទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៤ រួមទាំងគោលដៅជួយផ្សព្វផ្សាយឆ្នាំទស្សនាអង្គរផងដែរ។
ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជាបានឱ្យដឹងថា នេះជាការរៀបចំលើកដំបូង ក្នុងគោលបំណងចម្បងដើម្បីកៀរគរជាសម្ភារ និងថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប និងបំផុសចលនាដល់ក្រុមកីឡាករ កីឡាការិនីជិះកង់ទៅកាន់ខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយឆ្នាំទស្សនាអង្គរផងដែរ។ កម្មវិធីប្រណាំងកង់នេះនឹងត្រូវចេញដំណើរពីរាជធានីភ្នំពេញដល់ខេត្តសៀមរាប ដែលមានចម្ងាយផ្លូវ ៣១០គីឡូម៉ែត្រ ហើយតាមការគ្រោងទុកនឹងមានអ្នកចូលរួមជិះប្រមាណ ៣០០នាក់ និងឈប់សម្រាកមានចំនួន៨កន្លែង ដោយត្រូវចេញដំណើរពីម៉ោង៥ព្រឹក និងទៅដល់មន្ទីរពេទ្យម៉ោង៦ល្ងាច នៅថ្ងៃទី១ ខែមិថុនាខាងមុខ។
លោក នូ ចំរើន បានគូសបញ្ជាក់បន្ថែមថា នេះជាឆ្នាំទី១របស់សហព័ន្ធកីឡាទោចក្រយានកម្ពុជាបានរៀបចំកម្មវិធីកៀរគររកមូលនិធីជួយដល់មន្ទីរពេទ្យ កុមារអង្គរ នៅខេត្តសៀមរាប ហើយគោលដៅបន្ទាប់ នាចុងឆ្នាំ២០២៤ នេះ សហព័ន្ធគ្រោងនឹងរៀបចំព្រឹត្តិការណ៍កីឡាជិះកង់សប្បុរសធម៌បែបនេះម្តងទៀត ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ជាផងដែរ។ អ្នកចុះឈ្មោះចូលរួមត្រូវបង់ថវិកាតាមការកំណត់របស់គណៈកម្មការរៀបចំ ដោយថវិកាបានពីការចុះឈ្មោះមួយចំណែកចំណាយលើការរៀបចំធ្វើអាវ មេដាយអនុស្សាវរីយ៍ និងការចំណាយលើក្រុមការងារ និងថវិកាដែលនៅសល់នឹងត្រូវប្រគល់ជូនមន្ទីរពេទ្យតែម្តង។ លោក នូ ចំរើន បន្ថែមថា សម្រាប់គោលដៅឆ្នាំ២០២៥ខាងមុខ សហព័ន្ធគ្រោងនឹងរៀបចំធ្វើកម្មវិធីសប្បុរធម៌បែបនេះ ៤ដងក្នុង១ឆ្នាំ ដោយ២ដងនឹងធ្វើឡើងនៅខេត្តសៀមរាប និង២ដងធ្វើនៅរាជធានីភ្នំពេញ។
ចំពោះគោលកំនិតនៃការផ្តួចផ្តើមកម្មវិធីជិះកង់សប្បុរសធម៌នេះឡើង ដោយសារថ្នាក់ដឹកនាំសហព័ន្ធកីឡាទោចក្រយានកម្ពុជា ក៏ដូចជាលោក នូ ចំរើន ផ្ទាល់បានមើលឃើញការអាណិតស្រឡាញ់ដល់កុមារកម្ពុជាទូទៅ ដែលត្រូវពិនិត្យសុខភាព និងព្យាបាលជំងឺនៅមន្ទីរពេទ្យ កុមារអង្គរ ដោយឥតគិតថ្លៃ ហើយដើម្បីរួមចំណែកជួយដល់បន្ទុកលើការព្យាបាលរបស់មន្ទីរពេទ្យនេះហើយ ទើបសហព័ន្ធបានបំផុសចលនាដល់ប្រជាពលរដ្ឋ និងអ្នកស្រឡាញ់ការជិះកង់បានចូលរួមជិះកង់ ដើម្បីសុខុមាលភាពល្អខ្លួនឯងផង ហើយថែមទាំងអាចចែករំលែកធនធានផ្ទាល់ខ្លួន ក្នុងការរួមចំណែកជួយដល់កិច្ចការសប្បុរសធម៌ ជាពិសេសគឺកុមារកម្ពុជាផងដែរ៕
ប្រភព៖ AKP