មន្ទីរព័ត៌មានខេត្ត ធ្វើតេស្តរកសារធាតុញៀនដល់មន្ត្រីរាជការ ក្នុងអង្គភាពចំនួន៦១នាក់

0

កណ្តាល៖ មន្ទីរ​ព័ត៌មាន​ខេត្តកណ្តាល បាន​បើក​យុទ្ធនាការ​ធ្វើតេស្ត​រក​សារធាតុ​ញៀន ចំពោះ​មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា​ចំនួន​៦១​នាក់ ស្រី​២៥​នាក់ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​១១​រោច ខែ​ផល្គុន ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២៤ នៅ​មន្ទីរ​ព័ត៌មាន​ខេត្តកណ្តាល ។

ការ​ធ្វើតេស្ត​រក​សារធាតុ​ញៀន​នេះ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​លេខ ០១​បប ចុះ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី​ការ​ដាក់​ចេញ​វិធានការ​ម៉ឺងម៉ាត់ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ នៅ​តាម​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ។

យុទ្ធនាការ​ធ្វើតេស្ត​រក​សារធាតុ​ញៀន ក្នុង​ចំណោម​មន្ត្រីរាជការ​នា​ពេល​នេះ គឺជា​ការ​បន្ត​ឆន្ទៈ​ពី​រាជរដ្ឋាភិបាល​អាណត្តិ​មុន ក៏​ដូច​ជា​រាជរដ្ឋាភិបាល​ថ្មី​នេះ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដោយ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី ត្រូវធ្វើ​បន្ត​កុំឱ្យ​បញ្ហា​គ្រឿងញៀន ក្លាយជា​ជំងឺមហារីក​កាន់តែ​ធ្ងន់​ទៅ​ៗ នាំ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​ជាតិ​ទាំងមូល នាំទុក្ខ​ដល់​ប្រជាជន​ទូទៅ ។ ក្នុង​នោះ​មន្ត្រីរាជការ​ទាំង​៦១​នាក់ រួម​មាន​៖ ទីប្រឹក្សា​ក្រសួង​, ថ្នាក់ដឹកនាំ​មន្ទីរ​, មន្ត្រីរាជការ​, និង​មន្ត្រី​ជាប់កិច្ចសន្យា នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត កណ្តាល ជា​លទ្ធផល​គឺ​អវិជ្ជមាន​ទាំងអស់ ។

លោក ចាប វ​ន្នី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកណ្តាល បានឱ្យ​ដឹង​ថា ការ​ធ្វើតេស្ត​រក​សារធាតុ​ញៀន លើ​មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា​នា​ពេល​នេះ គឺ​ដើម្បី​ចូលរួម​ចំណែក​ធានា​ប្រសិទ្ធភាព នៃ​ការ​អនុវត្ត​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ក៏​ដូច​ជា​ការ​លើកកម្ពស់​ជំនឿ​ទុកចិត្ត ប្រសិទ្ធភាព​ការងារ និង​អភិបាលកិច្ច​ល្អ​នៅ​ក្នុង​ស្ថាប័ន ៕

ប្រភព៖ AKP