កំពង់ស្ពឺ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពីការរៀបចំ «កំពង់ស្ពឺសង្ក្រាន្ត» ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានជ្រាបថា ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងរក្សានូវទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ដោយមានការសហការរៀបចំពី សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ (ស.ស.យ.ក.) រដ្ឋបាលខេត្ត នឹងរៀបចំ «កំពង់ស្ពឺសង្ក្រាន្ត» ឆ្នាំ២០២៤ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ។
រដ្ឋបាលខេត្ត បានបញ្ជាក់ថា កម្មវិធីនេះមានការរៀបចំលេងល្បែងប្រជាប្រិយ នៅភូមិល្បែងប្រជាប្រិយ, កម្មវិធីប្រឡងចម្រៀង និងការលេងកម្សាន្តផ្សេងៗ នៅភូមិសំនៀងឯក នៅបរិវេណសួនច្បារសម្តេចព្រះសង្ឃរាជ ជួន ណាត, ការលេងកម្សាន្តនៅភូមិប្រដាល់ធ្លាក់ទឹក នៅខាងមុខវេទិកាអុំទូក,និងការចូលរួមកម្សាន្តនៅភូមិត្រជាក់ចិត្តបរិវេណ វិមានឯករាជ្យ, ព្រមទាំងកម្មវិធីកម្សាន្តសប្បាយផ្សេងៗទៀតនាពេលរាត្រី ដូចជា ប្រដាល់គុនខ្មែរនៅមណ្ឌលកីឡាខេត្ត និងការប្រគំតន្ត្រី។ ជាមួយគ្នានេះ នៅតាមវត្តអារាមនានា ក៏មានការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងការលេងល្បែងប្រជាប្រិយផងដែរ ។
ទន្ទឹមនេះ ដោយមានការសហការរៀបចំពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ នឹងរៀបចំពិធី «ប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤» ដើម្បីចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍន៍ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ស្របតាមបរិបទ នៃសង្គមបច្ចុប្បន្ននូវប្រពៃណីប្រណាំងរទេះសាឡីគោលឿននៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ ។
ពិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨៖០០នាទីព្រឹក ស្ថិតនៅក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៕
ប្រភព៖ AKP