សៀមរាប ៖ ដោយមានការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៦:២៥នាទី កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានចុះបង្ក្រាប និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណី អំពើលួច(ម៉ូតូចំនួន ០១គ្រឿង) កើតហេតុនៅត្រង់ចំណុចក្រោមផ្ទះរបស់ជនរងគ្រោះដែលស្ថិតនៅក្នុង ភូមិផ្សារឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងជំនាញនៃអធិដ្ឋាននគរបាលស្រុកសូទ្រនិគម បានចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ៖ ១-ឈ្មោះ ជា វន (ហៅ តុលា) ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្មករ មានទីលំនៅបច្ចុប្បន្ននៅភូមិដូនឡី ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ (មានសារធាតុញៀននៅក្នុងខ្លួន)។ ២-ឈ្មោះ មេ មុន្នី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កម្មករ មានទីលំនៅបច្ចុប្បន្ននៅភូមិដូនឡី ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ (មានសារធាតុញៀននៅក្នុងខ្លួន)។
តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ខាងលើ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព លួចយកម៉ូតូដែលមានស្លាកលេខ កំពង់ធំ 1B-0757 នៅក្រោមផ្ទះរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន។
វត្ថុតាងដកហូតរួមមាន៖ ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០០៨ ពាក់ស្លាកលេខ កំពង់ធំ 1B-0757 (បានប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ)។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ