តាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ លោក កង អាណាន់ អភិបាល នៃគណៈអភិបាលក្រុងដូនកែវ បានដឹកនាំលោក លោកស្រី អភិបាលរងក្រុង មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា ស្មៀនសង្កាត់ និងបុគ្គលិកអប់រំ ចំណុះរដ្ឋបាលក្រុងទាំងអស់ ប្រមាណជាង៣០០នាក់ ធ្វើតេស្តរកសារធាតុញៀន។

ក្នុងឱកាសនោះដែរ លោកអភិបាលក្រុង បានមានប្រសាសន៍ថា ការធ្វើតេស្តរកសារធាតុញៀនដែលអនុវត្តទៅលើមន្ត្រីរាជការនាពេលនេះ គឺជាការអនុវត្តស្របតាមបទបញ្ជាលេខ០១ប.ប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមបណ្តាក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយក្នុងនាមរដ្ឋបាលក្រុង នឹងបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា ស្មៀនសង្កាត់ និងបុគ្គលិកអប់រំ ចំណុះរដ្ឋបាលក្រុងទាំងអស់ដោយគ្មានការយោគយល់ណាមួយឡើយ ប្រសិនបើរកឃើញថា មានសារធាតុញៀនក្នុងខ្លួន នឹងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលតែម្តង ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជាខេត្តតាកែវ

