ម្ចាស់ត្រី សហការនឹងអាជ្ញាធរសហការគ្នាចាប់បានជនសង្យ័យម្នាក់ក្រោមចំណោម ៤នាក់ ដែលលួចត្រីអស់រាប់រយគីឡូ

0

តាកែវ​៖ ត្រី​ចិញ្ចឹម​ក្នុង​ចំការ​រាប់រយ​គីឡូក្រាម​ត្រូវ​បាន​ក្រុម​ចោរលួច​ជា​បន្ដបន្ទាប់ រហូត​ម្ចាស់​ចំការ​ខឹង សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​តាម​ឃ្លាំមើល និង​ឈាន​ដល់​ការ​ចាប់ខ្លួន​បាន​ម្នាក់ នៅ​វេលា​ម៉ោង​៣៖៣០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៤ ក្នុង​ចំការ​ស្ថិត​នៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រ​ញូ​ង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

យោង​តាម​ការ​រៀបរាប់​របស់​ម្ចាស់​ចំការ​ឈ្មោះ យឹ​ម បញ្ញា បាន​បញ្ជាក់​ថា ត្រី​ចិញ្ចឹម​ក្នុង​ស្រះ​របស់​គាត់​ត្រូវ​បាន​ក្រុម​ចោរលួច​ជា​ប្រចាំ ដែល​ការ​បាត់បង់​អស់​រាប់រយ​គីឡូក្រាម​។ លោក​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៤​ក្រុម​ចោរ​មាន​គ្នា​៤​នាក់ ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រ៉ៃ បាន​ចូល​មក​លួច​ឆក់​ត្រី​របស់​គាត់ ពេល​នោះ​ម្ចាស់​ចំការ​ឃើញ​ពួក​ចោ​បម្រុង​កាប់​ម្ចាស់​ចំការ​ថែម​ទៀត​ផង ដោយសារ​ឃើញ​ក្រុម​ចោរ​មាន​ដាវ​ទេ​ី​ប​ម្ចាស់​ចំការ​មិន​ហ៊ាន​តបត បណ្ដោយ​ឲ្យ​ក្រុម​ចោរ​ទាំងនោះ​រត់គេច​ខ្លួន​អស់​។

ដោយសារ​តែ​ការ​ខាតបង់​ច្រើន​ពេក ម្ចាស់​ចំការ បាន​ស្នើ​សុំ​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន មាន​ទាំង​មេ​ភូមិ និង​មេ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល ដើម្បី​ដាក់​កម្លាំង​តាម​ឃ្លាំមើល​។ រហូត​ដល់​យប់​ទាប​ភ្លឺ ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៤​នេះ ក៏​ឃើញ​ក្រុម​ចោរ​ដដែល​មាន​គ្នា​ពីរ​នាក់​ចូល​មក​ធ្វើ​សកម្មភាព​លួច​ឆក់​ត្រី​ម្តងទៀត ពេល​នោះ​លោក​មេ​ភូមិ និង​ម្ចាស់​ចំការ បាន​ដេញ​ប្រផាប់​ចាប់​ប្រ​ផី​ង និង​ចាប់ខ្លួន​បាន​ម្នាក់ ខណៈ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​។

ក្រោយ​ចាប់​បាន​ម្ចាស់​ចំការ​បាន​ប្រគល់​ជនសង្ស័យ ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​។ ជាមួយ​គ្នា​នេះ ម្ចាស់​ចំការ លោក យឹ​ម បញ្ញា បាន​សំណូមពរ​យ៉ាង​ទទូច​ដល់​សមត្ថកិច្ច មេត្តា​ជួយ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​ជនសង្ស័យ​នេះ និង​បន្ដ​ស្រាវជ្រាវ​រក​បក្ខពួក​ដែល​នៅ​សេសសល់ ខណៈ​ពួក​គាត់​ដែល​ជា​ប្រជាពលរដ្ឋ​ខាតបង់​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន ដោយសារ​ក្រុម​ជនសង្ស័យ​ទាំង​អស់នេះ​៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជាខេត្តតាកែវ