ឯកឧត្ដម ឃួង ស្រេង៖ មន្ត្រីបម្រើការងារនៅសាលារាជធានីភ្នំពេញក្រោយការពិនិត្យ គឺមិនមានមន្ត្រីណាម្នាក់ មានសារជាតិញៀននៅក្នុងខ្លួនឡើយ

0

ភ្នំពេញ៖ ដោយអនុវត្តន៍តាមវិធានការដ៏ម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ ក្រោមជាតិ បើរកឃើញមន្ត្រីណាមានសារធាតុញៀនក្នុងខ្លួននឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ ដោយគ្មានការលើកលែង។ នៅក្នុងយុទ្ធនាការនេះ មិនមានមន្រ្ដីណាម្នាក់ត្រូវបណ្ដេញចេញពី ក្របខ័ណ្ឌដោយសារគ្រឿងញៀញឡើយ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំ ព្រមទាំង មន្ត្រីរាជការទាំងអស់ចំណុះឱ្យរដ្ឋបាលរាជធានីត្រូវបានពិនិត្យទឹកនោម ដើម្បីស្វែងរក សារធាតុញៀនក្នុងខ្លួន។ ការពិនិត្យទឹកនោមស្វែងរកសារធាតុញៀននេះ បានធ្វើឡើង នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ដោយពិនិត្យទាំងក្នុងជួរគណៈអភិបាល នាយករង រដ្ឋបាល អនុប្រធានការិយាល័យប្រជាពលរដ្ឋ នាយិកា-នាយិការងទីចាត់ការ-អង្គភាព ថ្នាក់ការិយាល័យ មន្ត្រីកិច្ចសន្យាផងដែរ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ មន្ត្រីបម្រើការងារនៅសាលារាជធានីភ្នំពេញ មានសរុបចំនួន៥៤៧រូប ហើយក្នុងចំនួននេះ ក្រោយការពិនិត្យ គឺមិនមានមន្ត្រីណាម្នាក់ មានសារជាតិញៀននៅក្នុងខ្លួនឡើយពោលគឺល្អមួតរយភាគរយ។  សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤កន្លែងមកនេះ បានចេញ បទបញ្ជាមួយ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ដោយតម្រូវឱ្យ៖ ១. គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិត ក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿង ញៀនខុសច្បាប់។ ២. គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែងនិង បណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណា ដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមាន ការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ ៣. ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោម តាមច្បាប់និងបទប្បញ្ញត្តិជាធរមានឡើយ៕

ប្រភព៖ AKP