ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវចំនួន ៥ខ្សែ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង

0

កំពង់ឆ្នាំង៖ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ដើម្បីការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវដែលរងការខូចខាតនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចសាងសង់ផ្លូវថ្មី ដែលផ្លូវមួយចំនួនរងការខូចខាត ហើយក៏បានចាត់វិធានការជួសជុល និងសាងសង់ផ្លូវថ្មី ជូនប្រជាពលរដ្ឋធ្វើដំណើរផងដែរ។

 

ឯកឧត្ដម ឆាយ ឫទ្ធិសែន មានប្រសាសន៍បែបនេះ នៅថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវចំនួន ៥ខ្សែ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង ដែលបេសកកម្មនេះមានការអញ្ជើញចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយក, មន្រ្ដីជំនាញ, និង អជ្ញាធររដ្ឋបាលខេត្តកំពង់ឆ្នាំង ជាច្រើននាក់ផងដែរ ។

ឯកឧត្ដម ឆាយ ឫទ្ធិសែន បានមានប្រសាសន៍ថា ស្ថានភាពផ្លូវ ស្ពានមួយចំនួន នៅក្នុងភូមិ សាស្ត្រខេត្តកំពង់ឆ្នាំង និងនៅតាមស្រុកមួយចំនួនរងការខូចខាត ហើយក៏បានចាត់វិធានការជួសជុល និងសាងសង់ផ្លូវថ្មី ជូនប្រជាពលរដ្ឋធ្វើដំណើរជាបណ្ដើរៗផងដែរ ។ ដើម្បីការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវ ដែលរងការខូចខាតនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានសម្រេចសាងសង់ផ្លូវថ្មី ដើម្បីជំនួសខ្សែផ្លូវដែលរងការខូចខាត ។

ឯកឧត្ដមរដ្ឋមន្ត្រី បានពិនិត្យការដ្ឋានស្ថាបនា ស្ថានភាពផ្លូវចំនួន ៥ខ្សែស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង រួមមាន៖

ខ្សែទី១- ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST តភ្ជាប់ពីផ្លូវជាតិលេខ៥ទៅដល់វត្តគំរាបរុក្ខារាម ក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ មានប្រវែង ៣ ៣០០ម៉ែត្រ ទទឹង ៨ម៉ែត្រ មានសំណង់លូមូលមុខ ១ ចំនួន ១០កន្លែងក្រាលកៅស៊ូ ៦ម៉ែត្រ ចិញ្ចើមក្រាលល្បាយគ្រួសម្ខាងៗ ១ម៉ែត្រ ។ ជាលទ្ធផលសម្រេចបាន ២០ភាគរយ គ្រោងនឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៤ ។

ខ្សែទី២- ជាប្រភេទផ្លូវបេតុង មានប្រវែង ២ ៦២០ម៉ែត្រ ស្ថិតនៅក្នុងឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ក្នុងក្របខ័ណ្ឌគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទធន់ នឹងការប្រែប្រួលអាកាសធាតុ (CRRIDP)។ ជាលទ្ធផលសម្រេចបាន ៦០ភាគរយ គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៤ ។

ខ្សែទី៣-ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ៥៦៧០ម៉ែត្រ តភ្ជាប់ពីឃុំប្រស្នឹប ស្រុករលាប្អៀរ ទៅដល់ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ស្ថិតក្នុងគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ។ ជាលទ្ធផលសម្រេចបាន ៣០ភាគរយ គ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៥ ។

ខ្សែទី៤- ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង២០គីឡូម៉ែត្រ តភ្ជាប់ពី ឃុំប្រ   សែប ស្រុកកំពង់ត្រឡាច ទៅដល់ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ក្នុងក្របខ័ណ្ឌគម្រោងកសាងសមត្ថភាពផលិតភាពជនបទ (CRRPCP) ។ ជាលទ្ធផលសម្រេចបាន ៧០ភាគរយ គ្រោងនឹងបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០២៤ ។

ខ្សែទី៥- ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង១១គីឡូម៉ែត្រ និង ៤៥ម៉ែត្រ បានស្ថាបនារួច ១០០ភាគរយ ក្នុងឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងក្របខ័ណ្ឌគម្រោង កសាងសមត្ថភាពផលិតភាពជនបទ (CRRPCP) ។

ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានជំរុញឱ្យកងវិស្វកម្ម និងមន្ត្រីជំនាញ បង្កើនល្បឿន ក្នុងការសាងសង់ឱ្យបានឆាប់ និងសម្រួលលើកស្ទួយសេដ្ឋកិច្ចគ្រួសារ ព្រោះថាហេដ្ឋារចនា សម្ព័ន្ធផ្លូវជនបទ មានសារៈសំខាន់ណាស់ប្រៀបដូចសរសៃឈាមសេដ្ឋកិច្ចរបស់ប្រជាកសិករ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ លើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតំបន់ជនបទ។ ដូចនេះការអភិវឌ្ឍផ្លូវនៅជនបទ ជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំដែលធានាសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕

ប្រភព៖ AKP