ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២២៖២៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ ចុះល្បាតតាមផ្លូវលេខ១៦៩ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ពេលនោះក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូចំនួន០២គ្រឿងមានគ្នាចំនួន០៣នាក់ បានធ្វេីសកម្មភាពឆក់កាបូបស្ពាយពីបុរសរងគ្រោះដែលកំពុងជិះម៉ូតូតែមិនបានសម្រេច។ ភ្លាមៗកម្លាំងជំនាញការិយាល័យធ្វេីការប្រដេញ និងសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ នៅចំណុចក្នុងអាគារបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ វេលាម៉ោង២២៖៤០នាទី ឈ្មោះ ឡុង ជីវសារិទ្ធ ហៅឡុង សម្បត្តិ អាយុ៣៥ឆ្នាំ មុខរបរអ្នកវេរលុយ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (អ្នកបិទគូទ)។ រីឯឈ្មោះ គោ នឹងឈ្មោះ ស ដែលជាជនដៃដល់បានបេីករត់គេចខ្លួនបាត់។ សម្ភារៈដកហូតមាន ម៉ូតូហុងដាបីត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JW-3135 (របស់ជនសង្ស័យ)។
បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលេី បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តរតាមនីតិវិធី៕
ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ